ប្រជាសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង អះអាងពីការខិតខំដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ

0

ខេង ឧត្តម
សៀមរាប៖ ប្រធានសហគមន៍ ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង បានឲ្យដឹងថា ទោះបីជាមិនមានការឧបត្ថម្ភ ថែមទាំងត្រូវចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងណាក្តី ក៏ពួកគាត់នៅតែខិតខំថែរក្សាតំបន់ជម្រកត្រីមេពូជមួយនេះឲ្យបាន និងដើម្បីប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អេកូ

ទេសចរណ៍ដ៏ទាក់ទាញមួយសំរាប់ទៅអនាគត។
ប្រជាសហគមន៍ លោកឡាយ វី ដែលជាអ្នកទទួលបន្ទុកក្នុងរៀបចំក្រុមដើរល្បាតបានឲ្យដឹងថា ក្នុងពេលដើរល្បាតម្តងៗ ពួកគាត់ខ្លះបានដើររុកព្រៃ ខ្លះទៀតជិះកាណូត ហើយរយៈពេលបីថ្ងៃទើបប្តូរវេនម្តង។ លោកបន្តថា ការងារទាំងអស់នេះមិនដែលទទួលបានការឧបត្ថម្ភទេ គឺធ្វើដោយស្ម័គ្រចិត្ត និងដោយទឹកចិត្តស្រលាញ់ធម្មជាតិ។
តំបន់អភិរក្សបឹងពារាំង មានចម្ងាយប្រមាណជាប្រាំបីគីឡូម៉ែត្រ ភាគខាងត្បូងនៃក្រុងសៀមរាប។ តំបន់អភិរក្សនេះ មានទំហំ៣៤៣៦ហិកតា និងមានផ្ទៃបឹងទំហំ២៥០ហិកតា ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ជាប់មាត់បឹងទន្លេសាប។ តំបន់នេះពីមុនគ្រប់គ្រងដោយសហគមន៍ចុងឃ្នៀស និងមន្ទីរបរិស្ថានខេត្តសៀមរាប។
ដោយសារការគ្រប់គ្រងមិនបានល្អ តំបន់នេះក៏ត្រូវបានប្រគល់ឲ្យមកសហគមន៍កសិករអ្នកប្រើប្រាស់ទឹកសង្កាត់ជ្រាវ គ្រប់គ្រងវិញ។ចាប់តាំងពីការចូលគ្រប់គ្រង់តំបន់នេះនៅឆ្នាំ២០១៣ ខាងសហគមន៍កសិករសង្កាត់ជ្រាវ បានខិតខំទប់ស្កាត់រាល់បទល្មើសនេសាទក្នុងដែនអភិរក្ស និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ បានធ្វើឲ្យតំបន់បឹងអភិរក្សមួយនេះ មានផលត្រីកើនឡើងជាលំដាប់ ហើយជាហេតុដែលនាំឲ្យមានសត្វស្លាបរាប់ម៉ឺនក្បាលនាំគ្នាមករកចំណីនៅក្នុងបឹងពារាំង។
ដោយពិនិត្យឃើញថា វត្តមានរបស់សត្វស្លាប់រាប់រយប្រភេទ និងរាប់ម៉ឺនក្បាលនេះជាអំណោយផលខាងទេសចរណ៍ បន្ថែមពីលើអ្វីដែលសង្កាត់ជ្រាវ មានស្រាប់នោះ ទាំងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសហគមន៍មានគោលដៅចង់ប្រែក្លាយតំបន់នេះ ទៅជាតំបន់អេកូទេសចរណ៍មួយនាពេលឆាប់ៗខាងមុខ។
ប្រធានសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងថា សង្កាត់ជ្រាវ ជាទីតាំងមួយដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ ជាពិសេសបឹងពារាំងដែលជាបឹងមួយសម្បូរធនធានធម្មជាតិ ដូចជាធនធានមច្ឆជាតិ សត្វស្លាប និងជីវៈចម្រុះ ហើយវាត្រូវបានថែរក្សាការពារយ៉ាងខ្លំាងពីសហគមន៍។ លោកបន្តថា ដោយសារតែធនធានដ៏សម្បូរបែបនេះ កន្លងមកនេះឃើញថា មានទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ចាប់អារម្មណ៍ ហើយបានមកទស្សនាតំបន់នេះជាបណ្តើរៗហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៦ សហគមន៍កសិករប្រើប្រាស់ទឹកសង្កាត់ជ្រាវ បានប្តូរឈ្មោះមកជាសហគមន៍ ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំងវិញ។ បច្ចុប្បន្ននេះសហគមន៍ពុំទាន់បានទទួលការផ្គត់ផ្គង់ប្រភពថវិកាជួយឧបត្ថម្ភពីដៃគូខាងភាគីណានៅឡើយទេ។ ថ្វីត្បិតសហគមន៍នៅជួបបញ្ហាលំបាកទាំងថវិកា និងការចូលរួមនៅមានកំរិតក៏ដោយក៏យន្តការការងារត្រូវបានដោះស្រាយជាបណ្តើរៗ នៅសល់ប្រមាណតែ៤០%ដូចជាផ្លូវមួយខ្សែរ ប្រវែងជាង៨គីឡូម៉ែត្រដើម្បីងាយស្រួលក្នុងការធ្វើដំណើរសំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលត្រូវការជួយសម្របសម្រួល និងដោះស្រាយ ពីសំណាក់អាជ្ញាធរខេត្តសៀមរាប ដើម្បីឱ្យតំបន់នេះប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ៕