អួង វឹង កំពត: សិក្ខាសាលា ស្ដីពី​ការ​ផ្សព្វផ្សាយ​លទ្ធផល​គណនេយ្យ​ជាតិ ថ្នាក់​ខេត្ត ឆ្នាំ​២០១៥ នៅខេត្តកំពត​

0

ខេត្តកំពត.  ថ្ងៃ​ទី០៧ ខែកុម្ភៈឆ្នាំ២០១៧​
នៅសាលប្រជុំសាលាខេត្ត មានបើកធ្វើអង្គ​សិក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ លទ្ធផលនៃការគណនា ផលិត​ផលក្នុងស្រុកសរុប​(GDP) របស់ខេត្តកំពត

ដែល បានរៀបចំឡើង ដោយក្រុមការងារនៃមន្ទីរ និងក្រសួងផែនការ។​
លោក ជីង-ផល្លា អភិបាល​រង​នៃគណៈអភិបាល​ខេត្ត បានមានរបាយការណ៍ បញ្ជាក់ថា៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេស​ជាតិ​មានសុខ​សន្តិភាព ក្រោមការដឹកនាំ​របស់​សម្ដេច តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការអភិវឌ្ឍ​ប្រទេស​ជាតិ​មានការរីកចំរើនលើគ្រប់វិស័យឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ បានកែប្រែ​ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ​មានភាពល្អប្រសើរជាលំដាប់។ ដោយឡែកជាក់ស្ដែងសម្រាប់ខេត្តកំពត តាមរយៈ​ការអនុវត្តកម្មវិធី​អត្តសញ្ញាណ​កម្មគ្រួសារក្រីក្រឆ្នាំ​២០១៤ បានបង្ហាញ​ថា អត្រាភាពក្រីក្រ​ក្នុងខេត្ត បានធ្លាក់ចុះ នៅត្រឹម ១៤.៤% មានកម្រិត​ទាបជាង​ឆ្នាំ២០១១ ដែលមានអត្រាភាពក្រីក្រ១៥.៦%។ ទន្ទឹម​នោះ តាមរយៈ​លទ្ធផល នៃ ការគណនា ផលិត​ផលក្នុងស្រុកសរុប(GDP)របស់ខេត្ត ដែលបានចងក្រងដោយនាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានជាតិ ស្ថិតិ នៃ​ក្រសួង​ផែនការ បានបង្ហាញ​អោយឃើញថា​មានអត្រាសេដ្ឋកិច្ចកំណើនជារៀងរាល់ឆ្នាំ(៦.៦% នៅឆ្នាំ​២០១៥​ធៀបឆ្នាំ​២០១៤​) ហើយចំណូលជាមធ្យម​ក្នុងប្រជាជនម្នាក់ស្មើ ១,១២២ដុល្លារ ក្នុងឆ្នាំ​២០១៥ និង១,០៣៧.៤ដុល្លា​នៅឆ្នាំ​២០១៤​។​
ឯ-ឧ រិន-វិរៈរដ្ឋលេខាធិការ ក្រសួងផែនការ បានមានប្រសាសន៍កោតសរសើរចំពោះអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធដែលបានសហការគ្នាល្អនិង វាយតម្លៃខ្ពស់ចំពោះទិន្នន័យចងក្រងគណនេយ្យជាតិខេត្តកំពត ហើយត្រូវបានប្រកាសផ្សព្វផ្សាយលទ្ធជាផលជាផ្លូវការនាពេលនេះ គឺជាការបង្ហាញថា ខេត្តកំពតមានការសម្រេចបានក្នុងការគ្រប់គ្រងសេដ្ឋកិច្ចខេត្តដោយរក្សាបានអត្រាកំណើនផ្អែកលើសក្ដានុពលសេដ្ឋកិច្ចចម្បង​ៗចំនួន៣ គឺវិស័យ​កសិកម្ម ឧស្សាហកម្ម និង សេវាកម្ម​។​ ឯកឧត្ដម រិន​-វិរៈក៏បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុង រយៈ​ពេល​១០​ឆ្នាំ​កន្លងមកនេះ សេដ្ឋកិច្ច​ជាតិ​កម្ពុជា មានកំណើន​ជាមធ្យម​៧,៧% ដែលជាកំណើនខ្ពស់ក្នុងបណ្ដាប្រ​ទេសក្នុងតំបន់ ហើយត្រូវបានដៃគូរអភិវឌ្ឍន៍កោតសរសើរ។ ហើយទន្ទឹមនឹងការទទួលបានជោគជ័យក្នុង​ការរក្សាកំណើនសេដ្ឋកិច្ចថ្នាក់ជាតិនេះគឺមិនអាចកាត់ផ្ដា​ច់ពីការខិតខំប្រឹងប្រែងរបស់ខេត្ត ពិសេស​ខេត្តកំពត​ដែល​មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ហើយទៅពេលបណ្ដាឆ្នាំខាងមុខ សង្ឃឹម​ថានឹងសម្រេចបានជោគជ័យធំៗបន្ថែមទៀត តាមរយៈ ការលើកម្ពស់គុណភាពការងារចងក្រងផលិត​ផលក្នុងស្រុកសរុប GDP ដើម្បីជាប្រយោជន៍សម្រាប់ទាក់ទាញ ដល់ស្ថាប័នរដ្ឋ និងវិស័យ​ឯកជនយកទៅ ប្រើប្រាស់​និន្នន័យ​ក្នុង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ចខេត្ត​ឲ្យ​មានស្ថេរភាព ក៏ដូចជាការអភិវឌ្ឍខេត្ត និងបន្តកំណើនសេដ្ឋកិច្ចខេត្តទាំងមូល។​
សូមបញ្ជាក់ថា ​ផ្អែកតាមលទ្ធផលទិន្នន័យ GDP ឆ្នាំ២០១៥​ខេត្តកំពតមានសក្ដានុពល​កសិកម្មជាចម្បង និងសេវាកម្មជាសំខាន់ ដោយសមាមាត្រចូលរួម នៃវិស័យកសិកម្ម​ក្នុងGDP​មាន៦៣,៣% វិស័យសេវាកម្មមាន៣២%​និងវិស័យឧស្សាហកម្មមាន៤,៧%។​