ភ្លើងប្រច័ណ្ឌបណ្ដាលអោយមនុស្សស្រីប្រុស២នាក់ស្លាប់បន្តបន្ទាប់

0

បន្ទាយមានជ័យភ្លើងប្រច័ណ្ឌបណ្ដាលអោយមនុស្សស្រីប្រុស២នាក់ស្លាប់បន្តបន្ទាប់ នេះបើយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុក

ម៉ាឡៃបានឲ្យដឹងថា នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅភូមិប្រសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីឃាតកម្ម ដែលបង្ករឡើងដោយ ជនសង្ស័យឈ្មោះ កន គិន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពប្រើកាំបិតកៃចាក់ទម្លុះចំបំពង់ ក ជនរងគ្រោះឈ្មោះ សុខ មុំ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា បណ្តាលអោយស្លាប់នៅចម្ងាយប្រមាណ៣ម៉ែត្រពីរផ្ទះជនរងគ្រោះ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងទៀតថា ជនសង្ស័យក្រោយពីរបានសម្លាប់ជនរងគ្រោះហើយ ក៏បានទៅចងកសម្លាប់ខ្លួនឯងនៅលើដើមម្កាក់ព្រៃដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះជនរងគ្រោះ។
ករណីនេះបើតាមការសាកសួរបឋមពីរលោកមេភូមិ ក៏ដូចជាអ្នកជិតខាងបានអោយដឹងថា អ្នកទាំង២នាក់ រស់នៅជាមួយគ្នាជាប្ដី ប្រពន្ធតែងតែមានរឿងរកាំរកូសដោយសារឈ្មោះ កន គិន មានប្រពន្ធដើម ហើយឈ្មោះ កន គិន នេះម្តងរស់នៅជាមួយប្រពន្ធដើម ម្តងរស់នៅជាមួយប្រពន្ធក្រោយ ទើបបណ្តាលអោយមានទំនាស់រហូតឈានដល់ការសម្លាប់ជនរងគ្រោះ ហើយធ្វើអត្តឃាតខ្លួនឯងតែម្ដង។
បច្ចុប្បន្នសាកសពទាំង២ត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕ដោយ:ឃិន គន្ធា