លោកស្នងការ​នគរបាល​ខេត្ត​ចូល​រូ​ម ចុះ​ចែក​អត្តសញ្ញាណ​ដល់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត

បន្ទាយមានជ័យ​៖ ​ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៤​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្ម​ពិធី ចែក​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់ ប៉ោយ​ប៉ែត និង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែត ក្រោយ​ពី​

អត្តសញ្ញាណ​ប័ណ្ណ​ទាំងនោះ​ត្រូវបាន​ធ្វើ​រួចរាល់ ជា​ស្ថាពរ​។​
​នៅក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ថ្នាក់ដឹកនាំ​ក្រុង​ប៉ោយ​ប៉ែត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត លោក អ៊ុំ សុផល និង​មន្ត្រីនគរបាល​ពាក់ព័ន្ធ​មួយចំនួនទៀត ។​
​លោក អ៊ុំ សុផល បាន​រាយការណ៍ និង​លើក​ឡើង​នូវ​លទ្ធផល​ការងារ​ជាច្រើន ដែល​អធិការដ្ឋាន​នគ​របាល​ក្រុង ប៉ោយ​ប៉ែត បានសម្រេច​នា​ពេល​កន្លង​ទៅ ជាពិសេស ការបង្ក្រាប​បទល្មើស​នា​នា ដែល​កើតមានឡើង នៅក្នុង ក្រុង ក្នុងនោះ​លោក​បាន​លើកឡើង​នូវ​ការរៀបចំ​វេទិការ​សាធារណ​: ភូមិ ឃុំ មាន​សុវត្ថិភាព ជា​បន្តបន្ទាប់ តាម រយ​:​ការអញ្ជើញ​ឲ្យ​ប្រជាពលរដ្ឋ បាន​ចូលរួម និង​លើក​ឡើង​នូវ​បញ្ហា​នានា ដែល​ពួកគាត់ បាន និង​កំពុង​ជួបប្រទះ ។​
​នៅក្នុង​ឱកាស​ខាងលើនេះ លោក​ឧត្តមសេនីយ៍ អាត់ ខែម បាន​មានប្រសាសន៍ថា ក្រោយ​ពី​បងប្អូន បាន​អញ្ជើញ ទៅ​ថតរូប​រួចមក ឥឡូវ​នេះ​បងប្អូន បាន​ទទួល​អត្តសញ្ញាណ​ប័ណ្ណ​ហើយ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុង ការងារ​ប្រចាំថ្ងៃ ដែល​ត្រូវ​ការប្រើ​អត្តសញ្ញាណប័ណ្ណ ។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​មក ទទួល​អត្តសញ្ញាណប័ណ្ណ​ទាំងអស់ ត្រូវ​ថែរក្សា​ឲ្យបាន​ល្អ និង​គង់វង្ស ហើយ​បើ​បាត់ ឬ​ខូចខាត ត្រូវ​រាយការណ៍ ជូន​អាជ្ញាធរ និង​មន្ត្រីនគរបាល​មូលដ្ឋាន ដើម្បី​រៀបចំ​ធ្វើ​ឡើង​វិញ ។​
​លោកស្នងការ​បាន ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ ហើយ​មិន​ទាន់​មាន អត្តសញ្ញាណប័ណ្ណ ត្រូវ​មក​ចូលរួម​ធ្វើ​បាន​គ្រប់ៗ​គ្នា ខណ​:​មន្ត្រី​នគរបាល​តាម​មូលដ្ឋាន រៀបចំ​ការថតរូប ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជាប្រចាំ​នោះ​។​
​ជាមួយគ្នានេះ​លោក​ស្នងការ បាន​ពន្យល់​ទៅកាន់​ប្រជាពលរដ្ឋ នូវ​អនុ​ក្រិត​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ ការគិត​លុយ​ពី​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ចំនួន​១០០០០ ម៉ឺន​រៀល ក្នុង​ម្នាក់ៗ ពី​ព្រោះ​ត្រូវ​ចំណាយ​សម្រាប់ សេវា​ពលកម្ម​ផ្សេងៗ របស់​មន្ត្រីនគរបាល​ដែល​ចុះ​ធ្វើ ។​
​យ៉ាងណាក៏ដោយ ស្នងការ​នគរបាល​ខេត្ត​លោក អាត់ ខែម បាន​ព្រមាន​ចំពោះ​ភាពមិនប្រក្រតី​ណាមួយ ដែល អាច​កើតឡើង ដូចជា​ករណី​យកលុយ​ពី​ប្រជាពលរដ្ឋ ដែល​ចូលរួម​ធ្វើ ហួស​ពី​អ្វី​ដែល​រាជរដ្ឋាភិបាល​បានកំណត់​៕

1 4 6 7