កម្លាំង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត ចាប់​ឃាត់ខ្លួន​ក្រុម​លេងអុក ជនជាតិ​ថៃ​និង​ខ្មែរ រឹបអូស​បាន​ប្រាក់​ជាច្រើន រួច​ដោះ​លែង​

​ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្រិត​ស្រាល ចាប់បាន​ក្រុម​លេង​ចតុរង្គ​(​អុក​) ចំនួន​ពីរ​ក្រុម ដោយ​មួយក្រុម​ជា​ភាគី​ថៃ​ម្នាក់ និង​មួយ​ក្រុម​ទៀត​ជា​ភាគី​ខ្មែរ​ម្នាក់ ព្រមទាំង​បក្ខពួក​មួយចំនួន និង​រឹបអូស​បាន​ប្រាក់​ប្រហែល​៦០​ម៉ឺន​បាត (​ប្រាក់​ថៃ​)  ។​ការចាប់​

ឃាត់​ខ្លួន​អ្នកលេង​ទាំងពីរ​ក្រុម​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ២០១៤ ស្ថិត​នៅ​ចំណុច​ហាង​កាហ្វេ ម្ចាស់ផ្ទះ ឈ្មោះ ឡាយ ឃៀង ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ 
​អ្នក​លេងអុក​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទី​១ ឈ្មោះ វ័យ រ៉ា ភេទ​ប្រុស អាយុ​ប្រហែល​៤២​ឆ្នាំ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ស្តេច​លេងអុក​លេខ​១​ប្រចាំ​ស្រុក​ខ្មែរ មាន​ទីលំនៅ​ភ្នំពេញ និង​បក្ខពួក​ប្រហែល​១០​នាក់​ទៀត ,​ទី​២. ឈ្មោះ ប៊ុន សឿ​ប ភេទ​ប្រុស អាយុ​ប្រហែល​៥៧​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ខេត្ត​ចាន់​បូរី ប្រ ទេស​ថៃ ជា​ស្តេច​អុក​ប្រចាំ​ប្រទេស​ថៃ និង​បក្ខពួក​ម្នាក់​ទៀត ។ 
​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ក្រុម​លេង​ច​តុរង្គ​(​អុក​) ភ្នាល់​គ្នា​ដាក់​ប្រាក់ ភាគី​ថៃ និង​ខ្មែរ​នេះ បាន​មក​លេងអុក​នៅ​ភូមិ​ផ្សារ​ព្រំ​ជាច្រើន​លើក​មក​ហើយ ដោយ​ភាគី​ម្ខាង​មកពី​រាជធានី​ភ្នំពេញ មាន​បក្ខពួក​រថយន្ត​ពីរ​គ្រឿង មាន​គ្នា​ជាង​១០​នាក់ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជា​ជនជាតិ​ថៃ​មាន​គ្នា​ជាង​១០​នាក់ ហើយ​នៅពេល​ចុងក្រោយ​នេះ ពួកគេ​មក​លេង​នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ទើប​តែ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ខណៈ លេង ភាគី​ថៃ​ស្មើ​នឹង​ភាគី​ខ្មែរ​ពីរ​ក្តារ ដាក់​ប្រាក់​២​សែន​បាត ក្តារ​ទី​បី​ខ្មែរ​ចាញ់​ថៃ​១​ក្តារ​អស់ ប្រាក់​២​សែន​បាត លុះ​នៅ​ក្តារ​ទី​បួន​ពួកគេ​ទាំង​ពីរ​ភាគី​ដាក់​ប្រាក់​ចំនួន​៦​សែន​បាត​កំពុងតែ​លេ ង ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចុះ​មក​ក្របួច​ចាប់​ឃាត់ខ្លួន​តែម្តង ដោយ​ប្រមូល​យក​ប្រាក់​នៅ​ក្នុង​កំ ប៉ុង​លុយ​អស់រលីង រួច​ក៏​ឃាត់ខ្លួន​ពួកគេ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ 
​ទាក់ទិន​ទៅ​នឹង​បញ្ហា​លេងអុក​ទាំងនេះ ខណៈ​អ្នកសារព័ត៌មាន​កម្ពុជា​ថ្មី ចូល​ទៅ​សុំ​យក​ព័ត៌មាន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន នៅវេលា​ម៉ោង​៤​រសៀល តែ​ត្រូវ​សមត្ថកិច្ច​មិន​អនុញ្ញាតិ​ឱ្យ​ចូលជួប ដើម្បី​សួរនាំ​នោះទេ ដោយ​ប្រាប់​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​សិន ចាំ​ផ្តល់​ព័ត៌មាន​នៅ​ពេល​ក្រោយ លុះ​ក្រោយមក​ប្រហែល​ជា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល បន្ទាប់​ពី​ផាកពិន័យ​ទឹកប្រាក់​មួយ​ចំនួន​ធំ​រួច ក៏​ដោះលែង​ឱ្យ​ត្រឡ ប់​ទៅ​ផ្ទះរៀងៗ​ខ្លួន ។ ក្រោយមក​ភ្នាក់ងារ​សារព័ត៌មាន​សួរនាំ​តាម​ទូរស័ព្ទ​ទៅ​មន្ត្រី​សមត្ថកិច្ច​ស្នងការ​មួយចំនួន​បាន​ប្រាប់ថា ពួក​គេ​គ្រាន់តែ​លេងអុក​ដាក់​ប្រាក់​ធម្មតា ១​ពាន់​ទៅ​២​ពាន់​បាត​(​ប្រាក់​ថៃ​) ប៉ុណ្ណោះ លុះ​ចាប់​ឃាត់​ខ្លួន​យក​ទៅ​អប់រំ​រួច ក៏​ដោះលែង​ឱ្យ​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន ៕

1 SAMSUNG SAMSUNG