ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​ទទួល​អំណោយ​ពី​សប្បុរសជន​

​កំពង់ឆ្នាំង​៖ ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង  នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៤​នេះ​បាន​ទទួល​អំណោយ​មាន​អង្ករ​និង​ថវិកា ពី​សប្បុរសជន​នៅ​ក្រុងភ្នំពេញ​និង​ក្នុង​ខេត្ត​កំពង់ឆ្នាំង តាមរយះ​ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី

ដែល​មាន​ការចូលរួម​ចែក​អំណោយ​នេះ​ដោយផ្ទាល់ ពី​អាជ្ញាធរ​ភូមិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ផងដែរ​។​
​    ​លោកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣​គ្រួសារ​ដែល​ខ្វះខាត​ជាងគេ​នៅក្នុង​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង នឹង​ដែល​ត្រូវ​ចែក​អំណោយ​នៅពេល​នេះ​ចំនួន​មាន​៣​គ្រួសារ​គឺ​៖ ១​ឈ្មោះ​យន្ត យ៉ាន់ អាយុ​៦៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​មាន​ជម្ងឺ​គរ​និយាយ​មិន​រួច មាន​កូន​ម្នាក់​ជា​ស្រី​មេម៉ាយ​និង មាន​កូនប្រុស​តូច​អាយុ​៧​ឆ្នាំ​ម្នាក់ គ្មាន​ផ្ទះសម្បែង​ឡើយ​។​សព្វថ្ងៃ​សុំ​ផ្ទះ​គេ​ស្នាក់នៅ ពីមុនមក​ជា​ង​២០​ឆ្នាំ សុំ​វត្ត​អារញ្ញ​ស្នាក់នៅ  ក្រោយ​ពី​គណៈកម្មការ​វត្ត​មិន​អោយ​ស្នាក់នៅ​ពួកគាត់​បាន​មក​សុំ​ផ្ទះ​គេ​ជ្រកកោន​ស្នាក់នៅ​បណ្តោះអាសន្ន​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​មេត្តា​ជួយ​រក​ដីធ្លី​អោយ​ពួកគាត់​បាន​រស់នៅ​ផង​។ មុខរបរ​ពួកគាត់​ដើរ​ស៊ីឈ្នួល​បោក​ខោ​អាវ​អោយគេ និង​ធ្វើ​ជា​កម្មករសំណង់​បាន​ព្រឹក​ខ្វះ​ល្ងាច​។​
​    ​គ្រួសារ​ទី​២ ប្តី​ឈ្មោះ ទេព ឃុន អាយុ​៨១​ឆ្នាំ ធ្លាប់​បួស​ជា​ព្រះសង្ឃ​ចំនួន​១៥​ព្រះវស្សា   និង​បាន​សឹក​មក​វិញ​ព្រោះ​មាន​ជម្ងឺ​ប្រចាំកាយ  ប្រពន្ធ​ឈ្មោះ ប៊ុន ថា​ត អាយុ​៨០​ឆ្នាំ មានមុខ​របរ​ដើរ​បោក​ខោ​អាវ​អោយគេ អត់​មាន​ផ្ទះសម្បែង​ទេ បាន​អ្នក​ក្នុងស្រុក​សង់​កូនខ្ទម​ទំហំ​២​ម៉ែត្រ​៤​ជ្រុង​អោយ​ស្នាក់​នៅ​ក្នុងភូមិ​របស់​គេ   ពួកគាត់​មាន​កូនប្រុស​ម្នាក់​ដែរ​តែ​គ្រួសារ​គេ​ក៏​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់​ដែរ គ្មាន​អ្នកណា​ជួយ​អ្នក​ណា​បានឡើយ​។​
​    ​គ្រួសារ​ទី​៣ ប្តី​ឈ្មោះ ឯក ជឿន អាយុ​៥៨​ឆ្នាំ មុខរបរ​ចង​ស្ទូច ដាក់មង ប្រពន្ធ​ឈ្មោះ​
​ពេ​ជ ណា អាយុ​៥៥​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​មើល​គោ និង​ដើរ​បោក​ខោ​អាវ​អោយគេ មាន​កូនស្រី​៤​នាក់​នៅក្នុង​បន្ទុក​បាន​ចូលរៀន​សាលា​បាន​២​នាក់  ពេលទំនេរ​កូនៗ​បាន​ជួយ​ដើរ​រើស​ខ្យង ក្តាម លក់​ទិញ​អង្ករ​ហូប​មាន​ជីវភាព​ខ្វះខាត​មុខក្រោយ  គាត់​មាន​ផ្ទះ​ខ្ទម​ស្លឹក​តូច​១​ខ្នង  សង់​នៅលើ​ប្រឡាយទឹក​សាធារណៈ​។ 
​    ​លោកស្រី​ចៅសង្កាត់​អោយដឹងទៀតថា​៖ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ពេលនេះ  ក្នុង​១​គ្រួសារៗ មាន​អំណោយ​សប្បុរសជន​នៅ​ភ្នំពេញ​មាន​អង្ករ​២៥​គី​ឡូ ទឹក​ស្អី​វ​១​ឡូត៍ និង​ថវិកា​៥​ម៉ឺន​រៀល   អំណោយ​របស់​លោកស្រី ចៅសង្កាត់​កំពង់ឆ្នាំង ក្នុង​១​គ្រួសារៗ ២​ម៉ឺន​រៀល    អំណោយ​របស់​លោកស្រី អ៊ុន ណាវី ប្រធាន​អង្គការ រោង​នៃ​សេចក្តីសង្ឃឹម​នោ​ក្នុងខេ​ត្ត​កំពង់ឆ្នាំង ក្នុង​១​គ្រួសារៗ ចំនួន​៤​ម៉ឺន​រៀល សារុប​ក្នុង​១​ក្រួសារៗ​ទទួលបាន​ថវិកា​ចំនួន​១១​ម៉ឺន​រៀល​។  ដោយឡែក​លោក​ស្រី អ៊ុន ណាវី ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​លោក​មេភូមិ​និង​ចាស់ៗ​ក្នុងភូមិ​ចំនួន​៤​នាក់​ផ្សេង​ទៀត ដែល​បាន​ជូន​ដំណើរ​នៅពេល​ចែក​អំណោយ​ពេលនេះ  ក្នុង​ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​រៀល​ផងដែរ​។​
​ការ​ចែក​អំណោយ​ជូន​ជនក្រីក្រ​ក្នុង​ពេល​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌​ដ៏​ល្អ​មួយ​របស់​
​សប្បុរសជន​ខ្មែរ​យើង ដែល​បាន​ចូលរួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​ដោះស្រាយ​ការខ្វះខាត​ជូន​ប្រជាពលរដ្ឋ​ចំពោះមុខ បាន​ហូបចុក​មួយ​រយះពេល​ដែរ​ទោះបី​អំណោយ​នេះ​តិចតួច​ក៏​ដោយ​។​
​    ​លោកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរស​ទាំងអស់ សូម​លោក​បាន​ទទួល​សេចក្តីសុខ​គ្រប់ប្រការ រកស៊ី​មានបាន​គ្រប់ៗ​ក្រុមគ្រួសារ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕​

DSC02932 DSC02941 DSC02950