​វត្តមាន​រថយន្ត Rolls Royce នៅ​កម្ពុជា​បង្ហាញ​ពី​ស្ថិរភាព និង​ទំនុកចិត្ត

0

​រាជធានី​ភ្នំពេញៈ ប្រភេទ​រថយន្ត​ម៉ាក​ប្រណីត​និង​មានតម្លៃ​ថ្លៃ​កំពុង​បង្ហាញ​នូវ​វត្តមាន​ជា​បន្តបន្ទាប់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​កម្ពុជា ដែលមាន​ដូចជា BMW, Audi, Mercedes, Porsche, Land Over និង Jaguar ជាដើម​។ ពេលនេះ រថយន្ត​ម៉ាក Rolls Royce ក៏បាន​ចូលមក​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ​ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ ដែល​នេះ​វា​បាន​បង្ហាញថា កម្ពុ​ជាមាន​ស្ថិរភាព និង​មាន​ទំនុកចិត្ត​សម្រាប់​ប្រទេសមួយ​នេះ​។​ ​

នៅក្នុង​ពិធី​ចុះហត្ថលេខា​លោក Paul Harris នាយក​ប្រចាំ​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន Rolls Royce Motor Cars បាន​ឲ្យ​ដឹងថា កម្ពុ​ជាមាន​សេដ្ឋកិច្ច​ដែលមាន​កំណើន​ទៅមុខ​ជា​លំដាប់​ហើយ​ចំនួន​កើនឡើង នៃ​សហគ្រិន​ដែល​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ជាស​ញ្ញា​វិជ្ជមាន​ដល់ទី​ផ្សារ រថយន្ត​ប្រណីត និង​ទំនើប​បែបនេះ​។ ក្រុមហ៊ុន​មើលឃើញ​ដូចនេះ​ទើប​នាំចូល​រថយន្ត Rolls Royce ចូលមក​ទីផ្សារ​កម្ពុជា ហើយ​សង្ឃឹមថានឹង​ទទួលបាន​ជោគជ័យ​។​ ​

បើតាម​ប្រភពព័ត៌មាន​នានា​បាន​ឲ្យ​ដឹងថា រថយន្ត​ទំនើប​ម៉ាក Rolls Royce ថ្លៃ​ទាប​បំផុត​ចាប់ផ្តើម​ពី ៤៥ ម៉ឺន​ដុល្លារ​ដល់​ខ្ទង់លាន​គឺអាច​មានតម្លៃ​ដល់ ១ លាន ឬ ២ លាន​ដុល្លារ ឬ ច្រើនជាង​នេះ អាស្រ័យ​លើ​ការចង់បាន​របស់​អតិថិជន​។​ ​នៅក្នុង​ការចូលរួម​ជា​អធិបតី​ក្នុង​ពិធី​នោះ ឯ​ឧ​. ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែលមាន​វត្តមាន​ក្នុង​ពិធី​ចុះហត្ថលេខា​ដែរនោះ​ឲ្យ​ដឹងថា រថយន្ត​ប្រភេទ​ទំនើប​ម៉ាក Rolls Royce មាន​ជាង ១០ គ្រឿង​ហើយ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​កម្ពុជា​។ ​

តាម​លោក Paul កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Roll Royce លក់​រថយន្ត​បាន​ចំនួន ៣៦៣០ គ្រឿង​នៅ​ទីផ្សារ​ទូទាំង​ពិភពលោក​។ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​ធំ ទី​១ ដែល​បន្ទាប់មក​មាន ប្រទេស​ចិន ឥណ្ឌា និង ជប៉ុន​។ ដោយឡែក ក្រុមហ៊ុន Rolls Royce Motor Cars Phnom Penh របស់​ក្រុមហ៊ុន HGB Group Co., Ltd នឹង​ជា​អ្នក​ចែកចាយ​ផ្លូវការ​រថយន្ត Rolls Royce បែប​ប្រណីត និង​មានតម្លៃ​ខ្ពស់​នេះ​នៅ​កម្ពុជា​៕roll royes1 rolls royce roll royes