លោកប៉ា សុជាតិ​វង្ស ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​បង្កើន​ការផាក់ពិន័យ​ចំពោះ​ជន​ណា​ដែល​ទុកដាក់ សំរាម​ពុំបាន​ត្រឹមត្រូវ​

0

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ព្រមាន​នឹង​ផាកពិន័យ​យ៉ាង​តឹងរឹង ចំពោះ​ពលរដ្ឋ​ណា​ពុំ​ព្រមស្តាប់​ការណែនាំ​របស់​អាជ្ញាធរ នៅតែ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​គ្មាន សណ្តាប់ធ្នាប់​ចោល​ពាសវាល​ពាសកាល ដើម្បី​លើកកម្ពស់ អនាម័យ​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស្រស់ស្អាត​។​

ក្នុង​ពិធី​ប្រារព្វ​ទិវា​បរិស្ថាន​ពិភពលោក និង​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា ចាប់ពីពេលនេះ​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​បង្កើន​វិធានការ​ម៉ឺងម៉ាត់​មិន​អត់ឱន​ឲ្យ​ឡើយ ផាក់ពិន័យ​ឲ្យ​បាន​តឹងរឹង​បំផុត​ចំពោះ​ជន​ណា​នៅតែ​ទុកដាក់​សំរាម​ពុំបាន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ប៉ៈ​ពាល់​ដល់​អនាម័យ បរិស្ថាន​នៅតាម​ទីសាធារណៈ​។

លោក អភិបាល​បញ្ជាក់ថា​៖ ការពង្រឹង​យន្តការ​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​ឲ្យ​ស្របទៅនឹង​ការប្តេជ្ញាចិត្ត​ក្នុង ការ​ប្រែក្លាយ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស្រស់ស្អាត ពិសេស​គ្មាន​សំរាម​នៅ​រាយប៉ាយ សម្រាប់​បង្អួត​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​នឹង​ធានា​ដល់​សុខភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

ការរួម​គ្នា​ធ្វើ​យុទ្ធនាការ​នេះ​ឡើង ខណៈពេលដែល​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​មិនទាន់​យកចិត្តទុកដាក់ ក្នុងការ​ទុកដាក់​សំរាម​ឲ្យ​បានល្អ​នៅឡើយ ពិសេស​ការផ្តល់សេវា​សំអាត ប្រមូល និង​ការដឹកជញ្ជូន​សំរាម​នៅក្នុង​ក្រុង​ពុំទាន់​មានការ​រីកចំរើន ដោយ​ធ្វើ​ឲ្យ​សំរាម​នៅតែមាន​រាយប៉ាយ​ហោះហើរ​តាម​ទីសាធារណៈ​។​លោក ប៉ា​សុជាតិ​វង្ស​បញ្ចា​ក់ថា​ដើម្បី​

ឲ្យ​គោលដៅ​គ្មាន​សំរាម​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ទទួលបាន​ជោគជ័យ​ក្រៅពី​ការផាកពិន័យ​នោះ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​នឹង​បន្ត​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​បន្តទៀត ព្រោះ​សព្វថ្ងៃនេះ ពួកគាត់​ជា​អ្នកបង្កើត​សំរាម​ដោយ​ខ្លួនឯង​។ ដូច្នេះ​ត្រូវ​ឲ្យ​បងប្អូន​ផ្លាស់ប្តូរ​ឥរិយាបថ​នូវ​ទំលាប់​អាក្រក់​ចោល​ពី​ការ​ទុកដាក់​សំរាម​គ្មាន​សណ្តាប់​ធ្នាក់ ងាក​មក​ទុក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ពេលវេលា​និង​កន្លែង​ដែល​បានកំណត់​។​ ​

លោក ស៊ូ សាវុធ អនុ​រដ្ឋលេខា​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ការចូលរួម​នឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ចមពោះ​បរិស្ថាន​នេះ ពិតជា​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការកែប្រែ​សំរាម​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ស្ថានភាព​ល្អប្រសើរ​។ លោក​បន្តថា ការ​ទុកដាក់​សំរាម​ពុំបាន​ត្រឹមត្រូវ គឺ​បាន​នាំមក នូវ​បញ្ហា​ប៉ៈ​ពាល់​ជាច្រើន​ដល់​សុខភាព​មនុស្ស សោ​ភណ្ឌ​ភាព​ទីក្រុង និង​បណ្តាល​ឲ្យ​កកស្ទះ​ចរន្តទឹក​ហូរ​នៅតាម​ប្រព​ន្ធ័​លូ​ជាដើម​ដោយ​ត្រូវ​ចាត់វិធានការ​នេះ​ឲ្យ​បាន​ម៉ឹង​ម៉ា​ត​បំផុត​ទើប​ធានាបាន​ការលិចលង់​បាន​មួយផ្នែក​។​ ​

លោក ជៀក អាង ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា យន្តការ​ផាកពិន័យ​លើ​បញ្ហា​សំរាម​នេះ ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ ដោយ​កំណត់​ថាបើ​ជន​ណា​ទុកដាក់​សំរាម​ពុំបាន​ត្រឹមត្រូវ ឬ​ដាក់​រាយប៉ាយ​នៅតាម​ទីសាធារណៈ​ខុសពី​គោលដៅ​កំណត់​នោះ​នឹងត្រូវ ផាកពិន័យ​ចាប់ពី​១​ម៉ឺន​រៀល រហូតដល់​១០​ម៉ឺន​រៀល​។​

លោក​បន្តទៀតថា ក្នុង​យុទ្ធ​ការ​នេះ​បើ​បងប្អូន បាន​យល់​ពី​បរិស្ថាន សង្ឃឹមថា នៅ​រាជធានី​ភ្នំពេញ​ក៏​ដូច​នៅ​ទូទាំងប្រទេស បញ្ហា​សំរាម​វេច​ខ្ចប់​ល្អ​និង​ទុកដាក់​បាន​ត្រឹមត្រូវ​។ មួយវិញទៀត​ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ​ទទួលបាន​ជោគជ័យ​អាជ្ញាធរ​ក្រុង​ជំរុញ​ការផ្សព្វផ្សាយ​ថ្នាក់​ខ​ណ្ដ សង្កាត់​ឲ្យ​រឹតបណ្តឹង​ចំពោះ​ពលរដ្ឋ​ក្នុងការ​ទុកដាក់​សំរាម​នោះ​ពិតជា​សេដ្ឋកិច្ច​មានការ​រីកចំរើន​៕ ដោយ​៖ សំរិត​a13 a14 a15 12