រថយន្តដឹកកម្មកររោងចក្របើកជែងរថរយន្តដឹកម៉ាស៊ីនច្រូតស្រូវមិនផុតក៏កៀរគ្នាបណ្តាលអោយកម្មករចំនួន៣នាក់បានស្លាប់និងរងរបួសធ្ងន់

0

សាំង សារ៉ាវី
ខេត្តតាកែវ ៖ កម្មកររោងចក្រម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និង០២នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តដឹកកម្មកររោងចក្របើកជែងតែមិនផុតក៏កៀរជាមួយរថយន្តដឹកម៉ាស៊ីនច្រូ

តស្រូវតែម្តង។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៥និង២០នាទី នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ស្ថិតក្នុងភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ តាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ស្រុកបាទី បានឱ្យដឹងថា រថយន្តបង្ករម៉ាកហ៊ីយ៉ាន់ដាយ ដឹកកម្មករ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AG-8695 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បើករបរមកពីទិសខាងត្បូងទៅជើង លុះដល់កន្លែងកើតហេតុបានបើកជែងជាមួយរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់សណ្តោងរ៉ឺម៉ក ដឹកម៉ាស៊ីនច្រូតស្រូវគូបូតា ពាក់ផ្លាកលេខព្រះសីហនុ4A-1385 អ្នកបើកបររត់គេចខ្លួនបាត់ តែមិនផុតក៏គៀគ្នា បណ្តាលឱ្យកម្មករម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង០២នាក់ទៀតរងតបួសធ្ងន់ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទុយ រិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ (កម្មករ)មានទីលំនៅភូមិព្រៃស្រួល ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ម៉ៅ ឡេង ភេទប្រុស អាយុ៥៧ឆ្នាំ(កម្មករ)មានទីលំនៅវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងឈ្មោះ លុយ ថន ភេទប្រុស អាយុ៤៧ឆ្នាំ (កម្មករ)មានទីលំនៅភូមិ ឃុំជាមួយគ្នា ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើកំណត់ហេតុដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនិតិវិធី រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕