ពិធី​បើកការប្រកួតបាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​អាយុក្រោម ១៤ឆ្នាំ​​១៦ឆ្នាំជ្រើសរើសជើងឯក​បាល់ទាត់​នារី​ឆ្នាំ២០១៧​

0

ខេត្តកំពត  នៅមណ្ឌលពហុកីឡាដ្ឋាន​ ខេត្តកំពត​ក្រោមការរៀបចំឡើងដោយ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។​ កាលពីរសៀលថ្ងៃ​ទី១៩ ខែវិច្ឆកា​ឆ្នាំ២០១៧។​
មានធ្វើពិធី បើកការប្រកួតបាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​អាយុក្រោម​១៤ឆ្នាំ និងយុវជន​អាយុក្រោម​១៦ឆ្នាំ​ និងធ្វើការប្រកួតជ្រើសរើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៧​។​
នៅក្នុងឱកាសនោះឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បានថ្លើងសន្ទរកថាអោយដឹងថា៖ កម្មវិធី​នៃការប្រកួតនេះ គឺពិតជាមានសារៈសំខាន់ក្នុងការដុសខាត់ និងពង្រឹងជំនាញ​បច្ចេកទេស​ដល់កីឡាករ និងជាឱកាសសម្រាប់​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្នែក​បាល់ទាត់នៃគម្រោងបាល់ទាត់​ថ្នាល និងយុវជនសាលាបាល់ទាត់រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ដូចជា​គ្រូបង្ហាត់​និង​អាជ្ញាកណ្ដាល​ជាដើម​។​
ឯកឧត្តម​ប្រធានសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក៏បានបន្តអោយដឹងទៀតថា៖​ក្នុងក្របខ័ណ្ឌ​នៃការប្រកួតនេះមានរយៈពេលជិត៥ខែ គឺចាប់ពីថ្ងៃទី១៩​ខែវិច្ឆកា ឆ្នាំ២០១៧​និងបញ្ចប់នៅពាក់កណ្ដាល​ខែមីនា​ឆ្នាំ​២០១៨ មានក្រុមបាល់ទាត់​យុវជន​អាយុក្រោម​១៤ឆ្នាំ​និងអាយុក្រិម១៦ឆ្នាំ រួមនិងក្រុមបាល់ទាត់នារី​ផងដែរ​ដែលមានចំនួន​សរុប៤០ក្រុម មានកីឡា​ករ​កីឡា​ការិនី​ចូលរួមចំនួនប្រមាណ​១០០០នាក់។​
ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ តំណាង​ឯកឧត្តមបណ្ឌិត​សភាចារ្យ​ ហង់ ជូនណារ៉ុន​រដ្ឋមន្ត្រី​ក្រសួងអប់រំយុវជននិង កីឡា មានប្រសាសន៍បើកការប្រកួតនេះ ។​ដោយបានសំដែងការកោតសរសើរ ដល់សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា រួមនិងអ្នកពាក់ព័ន្ធ ក្មួយៗកីឡាករ កីឡាការិនី​ទាំងអស់ ព្រមទាំងអាជ្ញាធរ​ខេត្តកំពត ដែលបានសហការរៀបចំការប្រកួតដ៏មានសារៈសំខាន់នេះឡើង។ ដោយចាត់ទុកកម្មវិធី​ការប្រកួត​នេះស្របទៅនឹងតម្រូវការចាំបាច់​នៃការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​បាល់ទាត់​ទាំងមូល ដែលស្ថិតនៅក្នុងទស្សនវិស័យ និងផែកការយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមផែនការមេលើវិស័យបាល់ទាត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រាប់លើកកម្ពស់ វិស័យ​កីឡា​បាល់ទាត់​ជាតិអោយមានភាពរីកចម្រើនស្របជាមួយនិន្នាការ វិវឌ្ឍន៍​នៃបណ្ដាប្រទេសក្នុងភិភពលោក និងក្នុងតំបន់ និងក៏ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ ឆ្នាំ​២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា​យើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៉ីហ៊្គេមលើកទី៣២ផងដែរ។​
-សូមបញ្ជាក់​ថា​៖នៅក្នុងឱកាសនៃបើកការប្រកួតនេះ មានធ្វើការប្រកួតរវាងក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំខេត្តកំពតជាមួយក្រុមយុវជនអាយុក្រោម១៦ឆ្នាំខេត្តកោះកុងជា លទ្ធផលខេត្តកំពតស៊ុងគ្រាប់បាល់បាន២ទល់​នឹង​៣។​