ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន

0

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៣នាក់ ត្រូវកងរាជអាវុធហត្ថក្រុងបានលុង ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

កម្លាំងកងរាជអាវុធហត្ថក្រុងបានលុងដឹកនាំដោយលោកវរសេនីយទោ ហៃ​ វណ្ណារ៉ា​ មេបញ្ជាការ និងមានការសម្របសម្រួលដោយលោក​ រ៉ា​ បូរ៉ាន់ឌី​ ព្រះរាជអជ្ញារង​ អមសាលាដំបូងខេត្ត​ បានចុះបង្រ្កាបជាក់ស្តែង​ករណី​ ប្រើប្រាស់​ និង ជួញដូរសារធាតុញៀន​មួយកន្លែងនៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង​ កាលពី វេលាម៉ោង៣នឹង០០នាទី​រសៀលថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០១៧​ ។

លោកវរសេនីយ៏ទោ ហៃ​ វណ្ណារ៉ា​ មេបញ្ជាការកងរាជ
អាវុធហត្ថក្រុងបានលុង​ បានឲ្យដឹងថា ក្នុងការបង្រ្កាបជាក់ស្ដែងនេះកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ​ ខន​ ខ្លឹង​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិតាអង​ ឃុំតាអង ស្រុកកូនមុំ​ ខេត្តរតនគិរី ។

ទី២-ឈ្មោះ​ សុខ​ ផារ៉ា
​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅ ភូមិ​ សង្កាត់​ កើតហេតុខាងលើ និងទី៣-ឈ្មោះ​ ណាង​ ជា​ ភេទប្រុស​ អាយុ​២៥​ ឆ្នាំ​ ជនជាតិខ្មែរមុខរបរបិទស្គត់ម៉ូតូ រស់នៅភូមិអូរមៀត​ សង្កាត់ឡាបានសៀក​ ក្រុងបានលុង​ ។

លោកបានបន្តទៀតថា វត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន ទូរស័ព្ទដៃ​ ៣គ្រឿង ម្ស៉ៅក្រាមពណ៌សថ្លា៦កញ្ចប់ស្មើនឹង៦.១៩ក្រាម ម៉ូតូ២គ្រឿងជញ្ជីងថ្លឹងមួយ លុយខ្មែរ៥០០០.រៀល និងសម្ភារ:សេពគ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យកំពុងឃាត់ខ្លួននឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមនីតិវិធី ៕ យក្ខឡោម