លួចម៉ូតូគេចខ្លួនបាន៥ថ្ងៃ ជាប់ខ្នោះប៉ូលិសដដែល

0

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលតឺន ឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) កាលពីថ្ងៃទី៩ ខែឆ្នូ ឆ្នាំ២០១៧កន្លងទៅ នៅចំណុចខាងត្បូងផ្សារបានលុង ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

ការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៧៨ ត្រង់ចំណុចឃុំតឺន ស្រុកកូនមុំ។

យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ ចុះស្ទាក់ចាប់ជនសង្ស័យបានតែម្តង។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ វែង មាន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិណង់ហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារភ្នំស្វាយផងដែរ។

ជាមួយនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ក្រហម អត់ស្លាកលេខ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួន​បណ្តោះអាសន្ន នៅអធិការដ្ឋាននគបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ យក្ខឡោម