គម្រោង​មូលនិធិ​ ដែល​គណៈកម្មការ​ប្រកាស​​​ឆាចោល​ នៅ​ឃុំ​បឹង​ ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ឡើង​វិញ​ ​ទាំង​មាន​របៀបរៀបរយ​ល្អ​ និងនៅ​សល់​ថវិកា​ច្រើន​

0

កំពង់ធំ​:​ គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ចំនួន​៣គម្រោង​ ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​​ កាលពី​​ពេលកន្លង​ទៅ​ថ្មីៗ​​ នៅ​សាលា​ឃុំ​បឹង ស្រុក​បារាយណ៍​​​ ត្រូវបាន​គណៈកម្មការ​ រកឃេីញ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ ហើយ​បាន​ធ្វើការ​ប្រកាស​ឆាចោល​ បន្ទាប់​

មក​​ត្រូវ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ឡើង​វិញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​​ នៅ​សាលា​ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ដោយ​មាន​របៀបរៀបរយ​ និង​តម្លៃ​ធ្លាក់​ចុះ​ច្រើន​ហួស​ពី​ការ​ស្មាន​ផងដែរ​។
នាឱកាស​នោះ​ដែរ លោក​អួង​ សារឿន​ អភិបាល​រង​​ស្រុក​បារាយណ៍​​ បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​​តំណាង​ក្រុមហ៊ុន​ ដែល​ទើប​តែ​ទទួល​បាន​គម្រោងជា​ថ្មី​ តាម​រយៈ​នៃការ​ដេញ​ថ្លៃ​ដែល​មាន​ការ​​ប្រកួតប្រជែង​ ដោយ​សេរី​ និង​យុត្តិធម៌​ សូម​ឲ្យ​ការ​សាងសង់​ផ្លូវ​ ​​ត្រូវ​តាម​ស្តង់ដារ​ លក្ខណៈ​បច្ចេកទេស​ និង​មាន​គុណភាព​ខ្ពស់​​ក្នុង​ការ​ប្រើប្រាស់​បាន​យូរអង្វែង​ផងដែរ​។
គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ ទឺ១​ គឺគម្រោង​របស់​ឃុំ​បល្ល័ង្ក​ ​ការ​សាងសង់​ផ្លូវ​បេតុង​អារមេ​ ប្រវែង​២១០ម៉ែត្រ​ ទទឹង​៤ម៉ែត្រ​ ក្នុង​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​ជាង​៩៣លានរៀល​ ត្រូវ​បាន​ក្រុមហ៊ុន​ ជាម​ សៀង ទទួល​យក​ក្នុង​តម្លៃ​ជាង​៥៥លានរៀល​​។ និង​ទី២​ គម្រោង​​របស់​ឃុំ​បឹង​​ ការ​កែលម្អ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ប្រវែង​១៣៥០ម៉ែត្រ​ ទទឹង​៤,៥ម៉ែត្រ​ និង​ដាក់​លូ​កាត់​ផ្លូវ​ចំនួន​២កន្លែង​ ក្នុង​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​ជាង​៨០លានរៀល​ ត្រូវ​បាន​ក្រុមហ៊ុន​ ស្រេង​ ប៊ុន​ឡេង​ ទទួល​យក​ក្នុង​តម្លៃ​ជាង​៤៩លានរៀល​។​ ដោយឡែក​គម្រោង​របស់​ឃុំ​បារាយណ៍​ គ្មាន​សំណើរ​គ្រប់គ្រាន់​ គណៈកម្មការ​ទុក​សម្រេច​នៅ​ពេល​ក្រោយ​។
ដោយការ​ដេញ​ថ្លៃ​​គម្រោង​សាងសង់​ផ្លូវ​ ទាំង​២ខ្សែ​ខាង​លើ​ បាន​ដំណើរ​ការ​ដោយមាន​របៀបរៀបរយ​ល្អ​ និង​តម្លៃ​ធ្លាក់​ចុះ​ច្រើន​​ទៀត​នោះ​​ ដូច្នេះ​ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ឃុំ​ទាំង​២​ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ដោយ​រីករាយ​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​ម្ចាស់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​អស់​ ត្រូវ​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ របស់​ប្រជាពលរដ្ឋ​ផងដែរ​។
សូម​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាងលើ​នេះ​ គឺ​ធ្លាប់​ដាក់​ឲ្យ​ដេញ​ថ្លៃ​ម្តង​រួចមក​ហើយ​​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ នៅសាលា​ឃុំ​បឹង​ តែ​ត្រូវ​គណៈកម្មការ​ប្រកាស​ឆាចោល​ បន្ទាប់​ពី​រកឃេីញ​មានភាព​មិន​ប្រក្រតី​ជា​ច្រើន​ ដែល​សង្ស័យ​ថា​មានការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ទៀត​ផង​ ៕