ស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់ក្រោយពេលរថយន្តមួយគ្រឿងបានបើកបុកជាមួយម៉ូតូកង់បី

0

ខេត្តស្ទឹងត្រែង៖ បុរសអ្នកបើកម៉ូតូកង់៣ម្នាក់ បានស្លាប់ភ្លាមៗ និងនារីជាអ្នករួមដំណើរពីរនាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្ត១គ្រឿង បាន បើកមកបុកពេលកំពុងធ្វើដំណើរ នៅលើកំណាត់ផ្លូវ១ខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ៧

ចូលទៅទំនប់វារីអគ្គិសនីសេសាន្តក្រោម២ កាលពីវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចគីឡូម៉ែត្រលេខ១០ ស្ថិតនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។ ប្រធានស្នាក់ការស្តីទី៧៤៤ លោកវរៈសេនីយ៍ត្រី អ៊ុន វណ្ណា បានរាយការណ៍ថា ជនរងគ្រោះនៅក្នុងហេតុការជួបគ្រោះថ្នាក់ចរាចរណ៍នោះ មាន៣នាក់ បុរសម្នាក់ និងស្រ្តី២នាក់ គឺ ១.ឈ្មោះ ណុង សេរីយ៉េន ភេទប្រុស អាយ៤២ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ បានស្លាប់ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។ ចំណែក ស្ត្រីដែលរងរបួសធ្ងន់ពីរនាក់ទៀត ពួកគេមិនបានប្រាប់ឈ្មោះឲ្យដឹងនោះទេ គ្រាន់តែដឹងថា ពួកនាងគឺជានារីដែលបំរើការងារ នៅក្នុងខារ៉ាអូខេកាឡាក់ស៊ី ក្នុងក្រុងស្ទឹងត្រែង។ លោកវរៈសេនីយ៍ អ៊ុន វណ្ណា បានរាយការណ៍ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់ ៣ ដឹកស្ត្រីពីរនាក់ចេញពីទំនប់វារីអគ្គិសនីសេសាន្តក្រោម២ ក្នុងទិសដៅពីជើងមកត្បូង ពេលមកដល់ទីកើតហេតុ ក៏ស្រាប់តែមានរថយន្ត១គ្រឿង បើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង ហើយបានបើកមកបុកម៉ូតូកង់៣ ដែលកំពុងធ្វើដំណើរផ្ទុយគ្នានោះ បណ្តាលឲ្យប៉ើងខ្ទាតធ្លាក់ទៅម្ខាងផ្លូវ តៃកុងម៉ូតូកង់៣បានស្លាប់ភ្លាមៗ ចំណែក ស្ត្រីរួមដំណើរពីរនាក់ បានរងរបួសធ្ងន់ ។ លោកថា រថយន្តបង្កគ្រោះថ្នាក់ធ្វើឲ្យមនុស្ស៣នាក់ស្លាប់ និងរបួសនេះ គេមិនបានដឹងអត្តសញ្ញាណនោះទេ ព្រោះក្រោយពេកបុកភ្លាម រថយន្តនោះបានបើកគេចបាត់ ហើយខណៈនេះ សមត្ថកិច្ចកំពុងបន្តបើកការស្រាវជ្រាវ ។ ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧៤៤ បានចុះទៅកាន់ទីគ្រោះថ្នាក់នោះ ហើយបានជួយបញ្ជូន ជនរងគ្រោះទាំង៣ អ្នកស្លាប់ប្រគល់ឲ្យក្រុមគ្រួសារ ឯអ្នករបួស បញ្ជូនមកសង្គ្រោះនៅមណ្ឌលសុខភាពច្រប់ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ៕ យក្ខឡោម