ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញចូលរួមជាកិត្តិយសសម្ពោធដាក់ឲ្យដំណើរការរោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ី អ ស៊ីខេ ២ ក្នុងខេត្តកំពង់ធំ

0

ខេត្តកំពង់ធំៈ  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ការសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូ នៅថ្ងៃនេះ គឺជាមោទនភាពមួយនៃគោលនយោបាយអភិវឌ្ឍន៍ដំណាំកៅស៊ូកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមើលឃើញថា៖ វិស័យកសិកម្មនៅតែជាវិស័យអាទិភាព ដែលស្រូបពលកម្មច្រើនជាងគេ ប្រសាសន៍នេះ បានលើកឡើង ក្នុងពេលដែល ឯកឧត្តម ជាអធិបតីភាព សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ នៅក្នុងខេត្តកំពង់ធំ ។

លោក ង្វៀន យីលិញ អគ្គនាយកក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ បានចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០០៩ និងបានដាំដុះកៅស៊ូនៅឆ្នាំ២០១០ និងបញ្ចប់នៅឆ្នាំ២០១៤ លើផ្ទៃដី១២.៦៦៨ហិចតា ដោយចំណាយទុនវិនិយោគរហូតដល់ឆ្នាំ២០១៧ ចំនួន១២០លានដុល្លាអាមេរិក  គិតមកត្រឹមឆ្នាំ២០១៧, ក្រុមហ៊ុនចៀរជ័របាន ៣.៨៧៦ហិចតា ដោយប្រមូលជ័យបាន ២.៣៦៧តោន ដែលស្មើនឹង១១០,៦៣%នៃផែនការ។ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង, សម្ព័នសហគ្រាសកៅស៊ូវៀតណាម បានអនុញ្ញាតិឲ្យក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ សាងសង់រោងចក្រកែច្នៃកៅស៊ូដែលមានសមត្ថភាពផលិតរហូតដល់ ៤៥ពាន់តោនក្នុង១ឆ្នាំ សម្រាប់បម្រើដល់ក្រុមហ៊ុនកៅស៊ូចំនួនបី គឺក្រុមហ៊ុនស៊ី អ ស៊ី ខេ ២, ក្រុមហ៊ុនបៀនហៀក និងក្រុមហ៊ុនមេគង្គ។

រោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ី អ ស៊ី ខេ ២ របស់ក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ ដែលស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដោយមានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តម វូ កាងមីញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា, ឯកឧត្តម តា្រញ់ ង៉ុកធុង (Tran Ngoc Thuan)  អគ្គនាយកសម្ព័ន្ឋសហគ្រាសកៅស៊ូវៀតណាម, ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងកម្មករ កម្មការីនី ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

លោក តា្រញ់ ង៉ុកធុង អគ្គនាយកសម្ព័ន្ឋសហគ្រាសកៅស៊ូវៀតណាម បានមានប្រសាសន៍ថា សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមកំពុងគ្រប់គ្រង់លើការផលិត ការប្រមូលផល និងកែច្នៃកៅស៊ូលើផ្ទៃដីសរុបទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួនជាង៤០ម៉ឺនហិចតា។ ក្នុងឆ្នាំ២០១៧, យើងប្រមូលផលកៅស៊ូបានជាង ២៧៨ពាន់តោន, កែច្នៃជ័រកៅស៊ូគ្រប់ប្រភេទបានជាង ៣៦៥ពាន់តោន, លក់ចេញបាន៣៤៥ពាន់តោន និងបានចំណូលសរុបជាង ៣០៣លានដុល្លាអាមេរិក។ លោកថា ចាប់តាំងពីឆ្នាំ២០០៧, សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានវិនិយោគដំណាំកៅស៊ូនៅកម្ពុជាសរុប ១.០០០លានដុល្លាអាមេរិក(មួយពាន់លានដុល្លាអាមេរិក) ហើយគិតមកដល់បច្ចុប្បន្ន ផ្ទៃដីកៅស៊ូរបស់ក្រុមហ៊ុនទាំងអស់ចំនុះសម្ព័ន្ឋមានជិត ៩០.០០០ហិចតា (កៅសិបពាន់ហិចតា) សិ្ថតក្នុងខេត្តកំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ ដែលចំណាយទុនវិនិយោគប្រមាណជាង ៦០០លានដុល្លាអាមេរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ ការអភិវឌ្ឍវិស័យកសិកម្ម ដែលជាស្នូលនៃសេដ្ឋកិច្ចជនបទ មានអត្ថន័យពីរយ៉ាង គឺការពង្រីកមូលដ្ឋានសេដ្ឋកិច្ច និងការជួយរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ចផង និងការពន្លឿនការកាត់បន្ថយភាពក្រីក្រផង។  រាជរដ្ឋាភិបាលបានជំរុញឲ្យមានភាពជាដៃគូរវាងកសិករម្ចាស់ដីតូចៗ និងកសិដ្ឋានខ្នាតធំ សាជីវកម្មកសិកម្ម និងរវាងសម្បទានិកដីសេដ្ឋកិច្ច ជាមួយនឹង       សម្បទានិកដីសង្គមកិច្ច ជាពិសេសសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ស្របទៅតាមផែនការយុទ្ធ-សាស្រ្តអភិវឌ្ឍវិស័យកៅស៊ូរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតជ័រកៅស៊ូធម្មជាតិបានចំនួនច្រើនម៉ឺនតោនក្នុងមួយឆ្នាំៗ ស្ថិតក្នុងលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិលើសកលលោក រីឯផ្ទៃដីដាំដុះកៅស៊ូរួចហើយបានកើនឡើងជាលំដាប់។ គោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាបង្កើនផ្ទៃដីដាំដុះកៅស៊ូឲ្យបានច្រើន ដោយកំណត់បរិមាណផលិតផលចំនួនប្រមាណ ២៩ ម៉ឺនតោននៅឆ្នាំ២០២០។ ជាមួយគ្នានោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំងអស់ដែលមកវិនិយោគនៅកម្ពុជាដែលមានចំនួនកាន់តែច្រើនឡើង ដែលស្តែងឲ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង២ទស្សវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ដោយ  ប៊ុន  រដ្ឋា