អគ្គនាយកអាជ្ញាធរជាតិអប្សរាកោតសរសើរចំពោះកូរ៉េលើកិច្ចសហប្រតិបត្តិការជួសជុល អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ

0

សៀមរាប៖ ក្នុងដំណើរស្សនកិច្ចនៅប្រទេសកូរ៉េ ដើម្បីពិនិត្យនិងមានជំនឿចិត្តលើការអភិរក្សបេតិកភណ្ឌវប្បធម៌កូរ៉េ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ក្នុងជំនួបដ៏រីករាយនៅសារមន្ទីររាជវាំង Jongro-gu ក្រុងសេអ៊ូល កាលពីថ្ងៃទី៨ កន្លងទៅនេះថា “ស្របនឹងជំនួយរបស់កូរ៉េ ខ្ញុំចង់ឱ្យប្រជាជនកូរ៉េមកទស្សនាឧទ្យានអង្គររបស់យើងខ្ញុំកាន់តែច្រើនឡើង”។
ឯកឧត្តមបន្តទៀតថា ចំពោះការផ្តល់ជំនួយរបស់រដ្ឋបាលបេតិកភណ្ឌវប្បធម៌ បានធ្វើឱ្យខ្ញុំឃើញជាក់នូវបេតិកភណ្ឌវប្បធម៌បែបពុទ្ធសាសនាដ៏ស្រស់ស្អាតរបស់កូរ៉េ ដូចជា៖ ប្រាសាទ Seokguram Grotto និងប្រាសាទ Bulguksa ដែលមានភាពស្រដៀងទៅនឹងឧទ្យានអង្គរកម្ពុជា ហើយបានធ្វើឱ្យខ្ញុំលង់ទៅនឹងភាពទាក់ទាញដ៏ប្លែកមួយនេះផងដែរ។
ជាការពិតណាស់ ឧទ្យានអង្គរ គឺជានិមិត្តរូបដ៏ធំមួយដែលអាចចាត់ទុកថាជារាជធានីនៃប្រជាជនកម្ពុជានិងត្រូវបានដាក់បញ្ចូលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ១៩៩២។ ប៉ុន្តែនៅពេលនោះអង្គការយូណេស្កូ បានបញ្ជាឱ្យបង្កើតស្ថាប័នរដ្ឋបាលមួយ ដែលមានគោលការណ៏នៃលក្ខខណ្ឌជួសជុលប្រាសាទ គឺអាជ្ញាធរជាតិអប្សរា (APSARA) ជាស្ថាប័នរដ្ឋបាលពិសេសមួយ ដែលទទួលខុសត្រូវចំពោះសកម្មភាពអភិរក្សនិងការជួសជុលក្នុងឧទ្យានអង្គរ ដែលជានិមិត្តរូបនៃកម្ពុជា។
បន្ថែមពីនោះ ក៏បានបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ ដើម្បីការអភិវឌ្ឍ និងការពារឧទ្យានប្រវត្តិសាស្រ្ត អង្គរ (ICC-Angkor) ជាមួយអាជ្ញាធរជាតិអប្សរា។ ក្នុងការប្រជុំ ICC-Angkor ភាគច្រើនមានការចូលរួមពីបណ្តាប្រទេសអភិវឌ្ឍន៍ផ្នែកបច្ចេកទេសអភិរក្សបេតិកភណ្ឌ ដូចជា៖ សហរដ្ឋអាមេរិក ជប៉ុន បារាំង និងប្រទេសដទៃទៀត។
នៅក្នុងបេសកកម្មជួសជុលបុរាណដ្ឋានក្នុងឧទ្យានអង្គរ ប្រទេសកូរ៉េបានចាប់ផ្តើមចូលរួមក្នុងគម្រោងជួសជុលប្រាសាទព្រះពិធូរក្នុងតំបន់អង្គរនៅឆ្នាំ២០១៥។ ក្រុមប្រាសាទព្រះពិធូរ មានប្រាសាទហិណ្ឌូសាសនាចំនួន៤ និងប្រាសាទពុទ្ធសាសនា១ ត្រូវបានគេប៉ាន់ស្មានថា គេសាងសង់ក្នុងកំឡុងសតវត្សទី១២ និងទី១៥ ដែលមានទំហំប្រហែល១២៦០០០ម៉ែត្រការ៉េ។
ទោះជាយ៉ាងណា ផលប៉ះពាល់បរិស្ថានព្រៃឈើដែលព័ទ្ធជុំវិញ ព្រមទាំងអាកាសធាតុរយៈពេលយូរ គឺបានធ្វើឱ្យការអភិរក្សប្រាសាទទាំងមូលមានការថយចុះ។
នៅក្នុងកិច្ចប្រជុំ ICC-Angkor ប្រទេសកូរ៉េ គឺជាប្រទេសក្មេងជាងគេបំផុតក្នុងការចូលរួមជាមួយបណ្តាប្រទេសផ្សេងៗ។ ប៉ុន្តែ ពួកគេមានជំនាញខ្ពស់ក្នុងការជួសជុល ហើយសកម្មក្នុងការចែករំលែកលទ្ធផល និងការស្រាវជ្រាវជាមួយអ្នកជំនាញកម្ពុជា ព្រមទាំងបានបង្កើតនូវបន្ទប់ពិសោធន៏រចនាសម្ពន្ធប្រាសាទមួយនៅការិយាល័យផងដែរ។
ប្រទេសកូរ៉េ គឺជាប្រទេសដែលផ្តល់ជំនួយជាក់ស្តែងច្រើនបំផុត ទៅលើការលើកកម្ពស់បេតិកភណ្ឌវប្បធម៌កម្ពុជា។ ចំពោះការជួសជុលក្រុមប្រាសាទព្រះពិធូរ ដែលបានចាប់ផ្តើមដំណើរការកាលពី ខែកញ្ញា ឆ្នាំ២០១៥ មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ គ្រោងនឹងបញ្ចប់ដំណាក់កាលដំបូងនេះ នៅក្នុងខែកញ្ញាឆ្នាំនេះ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ថវិកាចំនួន៤០០ពាន់លានវ៉ុន ដែលជាទំហំធំបំផុតនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់បេតិកភណ្ឌវប្បធម៌កូរ៉េ ដែលមានគម្រោងជួសជុលប្រាសាទហុងណាងស៊ីដា ក្នុងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ឡាវ។
ជាចុងបញ្ចប់ ឯកឧត្តម ស៊ុ ម៉ាប់ បានមានប្រសាសន៏ថា “ដោយសារតែភាពជោគជ័យរបស់ក្រុមការងារជួសជុលបេតិកភណ្ឌកូរ៉េ ខ្ញុំក៏ស្នើសុំឱ្យមានការចូលរួមបន្ថែមទៀត ទៅលើគម្រោងជួសជុលទីលានជល់ដំរី ដែលជារមណីយដ្ឋានដ៏ល្បីល្បាញមួយក្នុងតំបន់អង្គរ”។ ម្យ៉ាងទៀត “ប្រទេសកូរ៉េនិងកម្ពុជា មានចំណុចរួមជាច្រើននៃពុទ្ធសាសនានិងសម្បត្តិវប្បធម៌ សិលា ដែលធ្វើឱ្យខ្ញុំទន្ទឹងរង់ចាំនូវការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកផ្សេងៗទៀតនាពេលអនាគត ៕