នគរបាលចរាចរបញ្ជូនរថយន្ត៤គ្រឿងដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ទៅតុលាការ

0

ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនតូចចំនួន៤គ្រឿងដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ផ្លូវគោក បានរងការបង្រ្កាបពីនគរបាលចរាចរខេត្តបន្ទាយមានជ័យនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ការបង្ក្រាបនេះ ធ្វើឡើងនៅលើផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណដោយនៅរសៀលថ្ងៃទី១ ខែមីនា ត្រូវបានចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ។ ក្រោយពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ​អាត់ ខែម បានដាក់បទបញ្ជាឱ្យចាត់វិធានការទៅលើរថយន្តដឹកផ្ទុកទំនិញសំពីងសំពោងដែលជាផ្នែកមួយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់និងរងរបួសផងដែរ។រថយន្តដឹកទំនិញសំពីងសំពោងទាំងនោះភាគច្រើនបើកបរនៅពេលយប់ជារថយន្តដឹកទំនិញចេញពីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យកចូលមកក្រុងសិរីសោភ័ណ ខេត្តសៀមរាបនិងខេត្តបាត់ដំបង។បញ្ហារថយន្ដដឹកសំពីងសំពោងធ្វើដំណើរតាមផ្លូវសាធារណៈនេះដែរតែងតែរងការរិះគន់ពីប្រជាពលរដ្ឋ ពីការបើកបរមិនគោរច្បាប់ចរាចរណ៍ វ៉ាជែងដោយមិនខ្លាចរអាចំពោះគ្រោះថ្នាក់ជាយថាហេតុដល់ខ្លួនឯងនិងអ្នកដ៍ទៃ។
វិធានការរបស់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យជម្រុញរិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក៏ដូចជារថយន្តដឹកផ្ទុកទំនិញសំពីងសំពោង រថយន្តកែច្នៃខុសបច្ចេកទេសខណៈដែល លោកមើលឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យហាក់បីដូចជាមិនទាន់មានការថយចុះនៅឡើយនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់បណ្តាលឱ្យជនរងគ្រោះស្លាប់រងរបួសគួរឱ្យព្រួយបារម្ភ។
គ្រាដែលស្នងការនគរបាលខេត្តបន្ទាយមានជ័យជម្រុញចាត់វិធានការតាមផ្លូវច្បាប់របស់តុលាការពីរថយន្តដឹកផ្ទុកសំពីងសំពោង ប៉ុន្តែគេនៅតែមើលឃើញរថយន្តដឹកផ្ទុកទំនិញ សំពីងសំពោងមួយចំនួនក៏លួចលាក់ធ្វើដំណើរលើផ្លូវសាធារណៈ ក្នុងខេត្តបន្ទាយមានជ័យនោះ។
ពាក់ព័ន្ធការដឹកទំនិញសំពីងសំពោងនោះផងដែរកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលស្រុកអូរជ្រៅក៏បានឃាត់ ម៉ូតូរ៉ឺម៉ក១គ្រឿង បានដឹកពូក សំពីងសំពោង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីវិធានការ នោះផងដែរ៕ដោយ៖ ឃិន គន្ធា