សមិទ្ធផលនានាក្នុងវត្តទួលអណ្ដែតត្រូវបានសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្ដម កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង!

0

ព្រះវិហារ: ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យ តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បេីគ្មានសន្តិភាព ក៍មិនមានការអភិវឌ្ឍន៍រីកចំរេីន នៅលេីគ្រប់វិស័យ ដូចនាបច្ចុប្បន្ននេះ ដូច្នេះសន្តិភាពពិតជាមានតម្លៃយ៉ាងមហាសាល ដែលមិនអាចកាត់ថ្លៃបាន ហេីយជាគុណបំណាច់ដ៍ធំធេងរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានខិតខំចូលរួមចំណែកយ៉ាងសកម្ម ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ។

ប្រសាសន៍ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ ជាផ្លូវការ នូវសាលាធម្មសភា ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រៈវិហារ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

ឯកឧត្ដម មានប្រសាសន៍បន្តថា សមិទ្ធផលសន្តិភាព ដ៍ធំធេងនេះ បានកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ នៃការកសាង និងអភិវឌ្ឍប្រទេសព្រមទាំងការរស់នៅយ៉ាងសុខសាន្ត របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន នេះដោយសារកត្តាប្រទេសជាតិយើង មានសុខសន្តិភាពស្ថិរភាពនយោបាយបានល្អប្រសេីរ បង្កលក្ខណៈងាយស្រួលដល់ការកសាង សមិទ្ធផលនានាជាច្រើន សម្រាប់សង្គមជាតិទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។

ឯកឧត្តមបញ្ជាក់ថា ជាក់ស្តែងសមិទ្ធផលនានាដែលមាន នាពេលសព្វថ្ងៃនេះ កើតឡើងដោយការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីបាតដៃទទេរ រហូតដល់មានធ្វីៗគ្រប់បែបយ៉ាងដូចជាវត្តអារាម មន្ទីរពេទ្យ សាលារៀន ស្ពាន ផ្លូវ សំណង់អគារខ្ពស់ៗស្ពានអាកាសខ្វាត់ខ្វែង ឆ្លងកាត់ទន្លេតភ្ជាប់ព្រំដែន ជាសរសៃឈាមសេដ្ឋកិច្ចនៅទូទាំងប្រទេស។

ជាមួយគ្នានោះ ឯកឧត្ដម ក៍បានធ្វេីការផ្ដាំផ្ញើរទៅដល់ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវការពារតម្លៃសុខសន្តិភាពដែលមាន នាបច្ចុប្បន្ននេះអោយបានដាច់ខាត ទោះបីឋិតក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិការពារបូរណភាពទឹកដី តំបន់ព្រំដែនជាមួយប្រទេសជិតខាងប្រែកា្លយអោយទៅជាតំបន់សន្តិភាពមិត្តភាពនិងការអភិវឌ្ឍន៍។

លោក ជា​ គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអោយដឹងថា វត្តទួលអណ្ដែតមានវ័យចំណាស់ ត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ១៨៩០ មានអាយុកាលប្រមាណ១២៨ឆ្នាំ បច្ចុប្បន្នវត្តមានការរីកចំរើនគួរកត់សម្គាល់ ហេីយសមិទ្ធផលដែលបានកសាងតាំងពីឆ្នាំ២០១០រួមមានរូបសំណាកព្រះពុទ្ធរូប បង្គោលភ្លើង អាងទឹក បង្គន់អនាម័យ ជួសជុលព្រះវិហារ និងសាលាធម្មសភាចំណាយថវិការជិត២ពាន់លានរៀល។ លោកបញ្ជាក់ថា ថ្មីៗនេះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់សមិទ្ធផលជូនប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត នូវអគារសិក្សាចំនួន៣សាលា មាន៤២បន្ទប់ អគារទីចាត់ការចំនួន៣ខ្នង មាន៩បន្ទប់ ផ្ទះសំណាក់គ្រូបង្រៀនចំនួន១ខ្នង ១០បន្ទប់ ចាក់ដីបំពេញទីធ្លាតារាងបាល់បោះ បាល់ទាត់ ចាក់ផ្លូវប៉េតុង កសាងរបង និងជួសជុលសាលារៀនចាស់១ខ្នង មាន៦បន្ទប់។

​នាឱកាសនោះដែរឯកឧត្ដម ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យ បាននាំយកអំណោយដ៍ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនយាយជីតាជីក្នុងម្នាក់ៗក្រណាត់ស១ដុំ ថវិការ១៥០០០៛ ឧបត្ថម្ភដល់សាលាស្រុកជាំក្សាន្តថវិការ១០០០០០០៛ ក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ថវិការ៣០០០០៛ ក្រុមកាយរិទ្ធិ យុវជន កាកបាទក្រហម ម្នាក់ៗទទួលបានថវិការ១០០០០៛ ប្រជាពលរដ្ឋ ក្នុងម្នាក់ទទួលបានឃីត១កញ្ចប់ ថវិការ១៥០០០៛ កងរាជអាវុធហត្ថ៥០ម៉ឺនរៀល នគបាល៥០ម៉ឺនរៀល កងកម្លាំងប្រដាប់អាវុធសឹករង៥០ម៉ឺនរៀល ប្រជាការពារ១លានរៀល ប្រគេនបច្ច័យវត្តទួលអណ្តែតចំនួន ១ម៉ឺនដុល្លាអាមេរិក ឧបត្ថម្ភអាយកូម៣០គ្រឿងអោយប្រជាការពារឃុំទឹកក្រហម ឧបត្ថម្ភកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ ៧.៨.៩ និងសាលាស្រុកជាំក្សាន្ត នូវកុំព្យូទ័រមួយគ្រឿង និងម៉ាស៊ីនព្រីនធើមួយគ្រឿងផងដែរ៕សួនលីណា