ដល់រដូវផ្សិតកញ្ជោរដុះ កសិករម្នាក់បង្ហើបអាថ៍កំបាំង ដោយៈសាតចាន់បុត្រ

0

មណ្ឌលគិរីៈ    នៅក្នុងរដូវវស្សានេះពោលគឺក្នុងខែឧសភា ផ្សិតកញ្ជោរត្រូវគេឃើញថាកំពុងមានវត្តមានដុះជាបន្តបន្ទាប់ ហើយនៅតាមខ្នងផ្ទះប្រជាពលរដ្ឋនានា ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក៏គេសង្កេតឃើញមានការយកផ្សិតប្រភេទនេះកែឆ្នៃធ្វើជាម្ហូបអាហារច្រើនគួរសម្យដែរ ដោយឡែកតាមបណ្តារទីផ្សារ ក្នុងស្រុកមួយនេះ បែជាពុំសូវសំបូរមានលក់ទៅវិញ។តើហេតុអ្វីបានជាពុំសូវមានផ្សិតប្រភេទនេះលក់តាមទីផ្សារទៅវិញ ទាំងដែល ខែនេះជារដូវផ្សិតកញ្ជោរ ដុះនោះ។
ផ្សិតកញ្ជោរត្រូវបានប្រជាពលរដ្ឋរស់នៅស្រុកកែវសីមាលើកឡើងថា ផ្សិតនេះមានសណ្ឋានស្រដៀងគ្នានិងផ្សិតចំបើង ប៉ុន្តែផ្សិតប្រភេទនេះមានដើមធំជាង គិតចាប់ពីផ្នែកខាងគល់រាងធំ ស្តួចទៅលើរាងតូច។ឆ័ត្ររបស់វាឬផ្នែកខាងលើផុតមានពណ៌ប្រផេះស្រាល រីកធំស្អាតប្រៀបបាននិងឆ័ត្រ។ចំពោះរសជាតិវិញ លោកអ្នកប្រហែលជាគិតថា ផ្សិតដែលដាំនៅតាមកសិដ្ឋានឬផ្សិតដែលនាំយកមកពីក្រៅប្រទេសអាចនិងមានរសជាតិឆ្ងាញ់ជាង ប៉ុន្តែបើសាកល្បងផ្សិតកញ្ជោរ ដែលដុះតាមព្រៃឬចម្ការវិញ ប្រហែលជាលោកអ្នកលែងគិតបែបនោះទៀតហើយ។ផ្សិតកញ្ជោរ មានរសជាតិនិងសាច់វា ពេលចម្អិនរួចស្រដៀងនិងសាច់មាន់ស្រែ ដូចច្នេះដែរ ហើយវាអាចជាបន្លែរមួយប្រភេទដែលប្រជាពលរដ្ឋអាចយកទៅកែច្នៃបានច្រើនមុខ។
ស្ត្រីវ័យកណ្តាលម្នាក់ឈ្មោះនីម បានលើកឡើងថាអ្នកស្រីតែងតែយកផ្សិតកញ្ជោរមកធ្វើម្ហូបក្នុង១ឆ្នាំបាន៤ទៅ៥ដងដែរគ្រាដែលវាបានដុះក្នុងដីចម្ការរបស់អ្នកស្រី។ អ្នកស្រីនីម បន្តថាផ្សិតកញ្ជោរសម្រាប់អ្នកស្រីនិយមយកមកធ្វើម្ហូបដូចជាស្ងោរជាមួយ(សាច់ជ្រូក សាច់មាន់ ឬត្រី)ហើយបើឆារវិញអាចប្រើសាច់អ្វី ឆាជាមួយ ក៏បាន តាមតម្រូវការ។អ្នកស្រីបញ្ជាក់ថាវាអាចធ្វើម្ហូបបានច្រើនមុខណាស់ពោលគឺអាចចំហ៊ុយ ស្លរប្រហើរ សន្លក់ និយាយរួមមុខម្ហូបខ្មែរអាចធ្វើបានច្រើនមុខតាម តែចូលចិត្ត លើសពីនេះផ្សិតកញ្ជោរអាចយកទៅបបរគ្រឿងបានយ៉ាងឆ្ងាញ់ថែមទៀត។
ឆ្លើយតបទៅនិងសំនួរខាងលើអ្នកស្រីបញ្ជាក់ថា មកពីផ្សិតនេះមានរសជាតិឆ្ងាញ់ ហើយដុះតែម្តងក្នុង១ឆ្នាំ ទើបពេលដែលគេដកបានពុំសូវលក់ សុខចិត្តហូបខ្លួនឯ ងវិញប្រសើរជាង។តែបើលក់វិញក៏មានតម្លៃថ្លៃដែរ។
បុរសជាកសិករម្នាក់រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ឈ្មោះចន្ធី លោកបានបញ្ជាក់ថា នៅក្នុងកំឡុងខែឧសភាដល់ខែមិថុនា ផ្សិតនេះតែងតែ ចាប់ផ្តើមដុះ ពេលដែលមានភ្លៀងធ្លាក់ជោគជាំ។វាតែងតែដុះនៅក្នុងចម្ការស្វាយចាន្ទីរ ចម្ការកៅស៊ូជាដើម។ផ្សិតកញ្ជោរនេះ ភាគច្រើនដិះនៅទីតាំងដដែលៗរៀង រាល់ឆ្នាំ ពិសេសនៅតាមដីដែលមានសម្បុកកណ្តៀរឬគល់ឈើដែលរលួយ ប៉ុន្តែបើទីតាំងវាត្រូវបានរុករាន្តឬបាញ់ថ្នាំ វាឈប់ដុះទៀតហើយ។កសិករដដែលបន្តថា ផ្សិតប្រភេទនេះមានអាថ៌កំបាំងដែលមនុស្សភាគច្រើនមិនដឹង ផ្សិតកញ្ជោរនៅពេលដែលវាចាប់ផ្តើមពន្លកដុះផុតដីបន្តិច ប្រសិនបើមានមនុស្សយកអ្វីទៅជីកឬយក ឈើឆ្កឹះដី វានិងមិនដុះទៀតទេ។តែបើយើងឃើញវាហើយ ធ្វើមិនឃើញវិញ វានិងដុះតែ១ម៉ោងឬ២ម៉ោងប្រវែងចង្អុលដៃឯណោះ ហើយរៀងរាល់ឆ្នាំវាតែងតែដុះ លើទីតាំងដដែលៗ ប្រសិនបើយើងមិនឈូសឆាយដីកន្លែងដែលវាដុះនោះ។លោកចន្ធីបន្តថា រៀងរាល់ឆ្នាំលោកតែងតែទៅតាមដានមើលកន្លែងដែល វាធ្លាប់ដុះ និងតែងប្រទះឃើញវត្តមានរបស់វាមិនដែលលស់មួយឆ្នាំ។កសិកររូបនេះថាក្នុង១គីឡូក្រាម លោកអាចលក់បានរហូតចន្លោះដល់៤ទៅ៦ម៉ឺនរៀលឯណោះ។
ទោះជាយ៉ាងណាផ្សិតប្រភេទនេះ ពុំមានដុះច្រើនដូចបណ្តារផ្សិតផ្សេងៗនោះទេ ព្រោះតែវាមានអាថ៌កំបាំងច្រើនដែលយើងមិននឹកស្មាន។ប៉ុន្តែអ្នកនិយម យកអំបូរផ្សិតជាចំណីអាហារនោះគួរតែបង្កើនការប្រុងប្រយ័ត្នព្រោះថា ផ្សិតឆ្ងាញ់សំបូរ ផ្សិតពុលក៏សំបូរដែរ៕