អភិបាលក្រុង​សំរោង បាន​យក​អំណោយ ទៅ​ប្រគល់ជូន​គ្រួសារ​សព​ដែល​ស្លាប់​ដោយ​ពស់​ចឹក នៅ​ភូមិ​គោក​រំដួល សង្កាត់​សំរោង​

​លោក​អ៊ុន សុភ័​ក្រ អភិបាល នៃ​គណៈ​អភិបាលក្រុង​សំរោង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំនោយ​ទៅ​ប្រគល់ជូន​គ្រួសារ​សព​បុរស​ម្នាក់ បាត់​ស្លាប់​ដោយសារ​ពស់​ចឹក​។  គ្រួសារ​រងគ្រោះ​នេះ​រស់នៅ​ភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ត្ដរ​មានជ័យ​។

បើតាម​ប្រសាសន៍​របស់​លោក​អ៊ុន សុភ័​ក្រ ឲ្យដឹងថាៈ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្ដម​អភិបាលខេត្ត បាន​ធ្វើ​ការចង្អុលបង្ហាញ​និង​ចាត់​ឲ្យ​លោក និង​ក្រុមការងារ នាំយក​នូវ​អំនោយ​ជា​ថវិកា គ្រឿងឧបភោគ​បរិភោគ មក​ប្រគល់ជូន​នៅពេលនេះ​។ លោក​បន្តថា ក្នុងនាម​អជ្ញាធរ​ដែនដី លោក​មាន​ការសោកស្ដាយ និង​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។ អំនោយ​ដែល​ប្រគល់ជូន​នៅពេលនេះ​រួមមានៈ អង្ករ .២​បេ ទឹក​សុទ្ឋ​១០​យួរ​.​និង​ថវិកា​ចំនួន​ជាង ២​សែន​រៀល​។ ក្នុង​ឧិ​កាសនោះ​ដែរ លោក​អភិបាលក្រុង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន ដើរ​តាម​ព្រៃ​ត្រូវ​ពាក់​ស្បែកជើង​ក៏​វែង ជា​ពិសេស​ពេល​យប់​ព្រលប់ ដើម្បី​ការពារ​កុំឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​សត្វអា​សិ​រពិស​ផ្សេងៗ ហើយ​បើ​មាន​បញ្ហា​ត្រូវ​ឆាប់​រាយការណ៍​មក​អជ្ញាធរ និង​ប្រ​ញ៉ាប់​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​បាន​ទាន់ពេលវេលា​។​
​គួរបញ្ជាក់​ថា​៖ បើ​តាម​ការរៀបរាប់រ​បស់​សាច់ញាតិ​គ្រួសារ​សព​ឲ្យដឹងថាៈ បុរស​ដែល​ស្លាប់ ឈ្មោះ​សំ នឿត អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ហ៊ុយ ទ្រឹ​ប អាយុ​៣១​ឆ្នាំ មានកូន​០៣ នាក់​ក្នុង​បន្ទុក​។ គ្រួសារ​នេះ​មាន​ជីវភាព​ក្រីក្រ ហើយ​បុរស​ប្ដី​តែងតែ​ដើរ​ឆ្លុះ​សត្វ ចាប់​កូន​កង្កែប ផ្សេងៗ​ដើម្បី​ចិញ្ចឹម​គ្រួសារ​។ នៅ​ថ្ងៃកើតហេតុ ដោយ​មានរ​លឹម​ស្រិចៗ គាត់ និង​កូនក្មេង​២-៣​នាក់ បាន​នាំគ្នា​ដើរ​ឆ្លុះ​កង្កែប និង​សត្វ​ស្លាប​ផ្សេងៗ នៅក្បែរ​ភូមិ​។ ដោយ​រវល់​តែ​បញ្ចាំង​ភ្លើង​កែវ​មើល​សត្វ​នៅតាម​ដើមឈើ ពេលនោះ គាត់​មាន​អារម្មណ៍​ថា មាន​សត្វ​អ្វី​ខាំ គាត់​ក៏​បញ្ជាំង​ភ្លើង​កែវ​មើល ក៏​ដឹង​ថា​ពស់​ចឹក​។ គាត់​ព្យាយាម​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ដួល​សន្លប់​នៅក្បែរ​ភូមិ​។ ដោយ​មិន​អាច​យក​បុរស​រងគ្រោះ​មក​ផ្ទះ​បាន ក្មេងៗ​ដែល​ទៅ​ជាមួយ​បាន​រត់​មក​ប្រាប់ គ្រួសារ​គាត់​។ គ្រួសារ​របស់គាត់​មិន​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ទេ គឺ​ឲ្យ​គ្រួ​ខ្មែរ​បុរាណ​មើល​សិន លុះ​ជនរងគ្រោះ​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ទើប​នាំ​ទៅ​មន្ទីរពេទ្យ​ខេត្ត​។ ដោយសារ​ជនរងគ្រោះ​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ពេលទៅដល់ម​ន្ទីរ​ពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​។​បើ​តាម​គ្រូពេទ្យ​ឲ្យដឹងថាៈ ករណី​ពស់​ចឹក​ដូច្នេះ បើសិន​ជា​មក​ដល់​ពេទ្យ​ទាន់ពេលវេលា គឺ​អាច​សង្គ្រោះបាន​៕​

1 (1) 2 (1) 3 (1) 5