រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ បាន​ជុំរុញ​ឲ្យ​កីឡាករ កីឡាការនី ប្រឹងប្រែង​ធ្វើការ​ហ្វឹកហាត់​ ដើម្បីត្រៀមយកមេដៃ​ ជូនជាតិ​ នាឆ្នាំ២០២៣​ ​

0

កំពង់ចាម​:​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ និង​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុងពិធីបិទការប្រកួតដណ្តើម«ពានរង្វាន់កីឡាហែលទឹកតេជោសែន»លើកទី៤ ឆ្នាំ២០១៨ ដើម្បី​ចូលរួម​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា! (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០១៨) ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​​នារសៀល​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៨​ ​នៅមណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​លើក​ឡើង​ថា ក្រោយពីការចូលរួមប្រកួតកីឡាហែលទឹករយៈពេល ២ថ្ងៃ របស់កីឡាករ -កីឡាការនីយើង ដោយសង្កេតឃើញថា ក្រុម កីឡាករ -កីឡាការនី សុទ្ធសឹងតែបានខិតខំប្រឹងប្រែង ហ្វឹកហាត់រួចមកហើយក្តី​ ជាមួយ​គ្នា​នោះ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានសំណូមពរ​ឲ្យ​ក្រុមកីឡាករ -កីឡាការនី យើងទាំងអស់​ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមដណ្តើមយកមេដៃជូនជាតិយើង ក្នុង​ពេលយើងធ្វើជាម្ចាស់ផ្ទះប្រកួតនៅឆ្នាំ២០២៣​ ខាងមុខនេះ​។
ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានថ្លែង​បន្ត​ទៀតថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងសាងសង់ អាងហែលទឹកថ្មីហើយ ដែលនឹង បម្រុង ផ្តល់ជូនសម្រាប់ កីឡាករ -កីឡាការនី យើងចំនួន៦០នាក់ ស្នាក់នៅ និង បំប៉ន សុខភាព ឲ្យ​បានត្រឹមត្រូវ ដើម្បីប្រកួតដណ្តើមមេដៃ​ឲ្យ​បានច្រើនជូនជាតិរបស់យើង។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា រួមជាមួយ ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តកំពង់ចាម បានរៀបចំ​ឲ្យ​មានការប្រកួតកីឡារហែលទឹក ដើម្បីដណ្តើមពានរង្វាន់សម្តេច តេជោ ហ៊ុន សែន លើកទី៤ ឆ្នាំ២០១៨ នៅ មណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម ដែលក្នុងនោះ កីឡាករ កីឡាការនី មកពី៨ក្លឹប ចូលរួមការប្រកួត គឺ ១ ក្លឹបក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលពានរង្វាន់លេខ១ ដោយទទួលមេដៃ សារុបចំនួន២៤ .ទី២ ក្លឹបក្រសួងមហាផ្ទៃ បានទទួលពានរង្វាន់លេខ២ ដោយទទួលមេដៃ សារុបចំនួន២១ និងទី៣ ក្លឹបសាលាខេមរីឌអន្តរជាតិ បានទទួលពានរង្វាន់លេខ៣ ដោយទទួលមេដៃ សារុបចំនួន៧ ។​ ដោយឡែក ក្លឹបចំនួន៥ទៀត ក្លឹបក្រសួងព័ត៌មាន ទទួលបានមេដៃ ៦ .ក្លឹបនាគរាជកំពង់ចាម ទទួលបានមេដៃ៩ .ក្លឹបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបានមេដៃ៧ .ក្លឹបមច្ឆាទុម ទទួលបានមេដៃ៤ .និងក្លឹបប៉ារ៉ាអូឡាំពិចកម្ពុជា ទទួលបានមេដៃ៩​ ផងដែរ​ ៕