វិស័យអប់រំត្រូវបានពង្រីកដល់ទីជនបទ នៅក្នុងឆ្នាំ២០១៨មានការរីកចម្រើនទាំងបរិមាណនិងគុណភាព

0

ក្រចេះ៖យោងតាមរបាយកាេណ៍របស់ប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ លោក ឡាយ បូរ៉ា បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ វិស័យអប់រំ នៅទូទាំងខេត្តក្រចេះមានការរីកចម្រើនទាំងបរិមាណ និងគុណភាពគួរឲ្យមានមោទនភាពជាខ្លាំង។
លោកបន្តឲ្យដឹងថាកត្តាដែលជំរុញអោយមានការរីកចម្រើននេះឡើង គឺអាស្រ័យដោយមានការគាំទ្រពីអាជ្ញាធរ មិនមានការចូលរួមពីសហគមន៍ជាតិ អន្តរជាតិ សប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្រោមគោលនយោបាយចែករំលែករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម។

លោក ឡាយ បូរ៉ា បានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា ២០១៧~២០១៨ និងទិសដៅបន្ត របស់មន្ទីរអប់រំខេត្តក្រចេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈភិបាលខេត្តក្រចេះ នងដោយមានការចូលរួម ពីលោកលោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត នា ព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ ២០១៩ នៅសាលមហោស្របខេត្ត។

លោកប្រធាន បាបញ្ចាក់ថាក្នុងឆ្នាំ ២០១៨- ២០១៩នេះ សម្រាប់ខេត្តក្រចេះមានសាលាមត្តេយ្យរដ្ឋ៩០ សាលាមត្តេយ្យឯកជន០៤ មត្តេយ្យសហគមន៍១០៥ ថ្នាក់អប់រំតាមផ្ទះ១៩១ភូមិ សាលាបឋម២៧៤ថ្នាក់ អនុវិទ្យាល័យ៤៣ថ្នាក់ វិទ្យាល័យ១១ថ្នាក់ និងគរុកោសល្យ០១កន្លែងផងដែរ ។
មានប្រសាសន៍បន្ថែមក្នុងសន្និបាតបូកសរុបនោះឯកឧត្តម វ៉ា ថន លើកឡើងថា៖ លទ្ធផលដែលសម្រេចបានទាំងនេះ គឺឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការ កាត់បន្ថយភាពក្រីក្រនិងការលើកស្ទួយកម្រិត ជីវភាពរបស់ប្រជាជន ទាំងការកែលម្អសេវាសាធារណៈ ជូនប្រជាជនឲ្យមានភាពកាន់តែប្រសើឡើង ។
បច្ចុប្បន្ន យើងបានធ្វើឲ្យមានការប្រែប្រួលរីកចម្រើនថ្មីៗជាច្រើនក្នុងវិស័យអប់រំ ដែលយើងអាចឃើញតាមរយៈការកសាង និងការអភិវឌ្ឍន៍សាលារៀននៅគ្រប់ភូមិសិក្សា ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៧-២០១៨ កន្លងទៅនេះ ចំនួនសាលារៀន និងចំនួនសិស្ស គឺពិតជាបានកើនឡើងដល់កម្រិតមួយ គួរឲ្យមានមោទនៈភាពណាស់ ។ ក្រៅពីនេះសម្តេចតេជោហ៊ុនសែន ក៏តែងតែរំលឹកជារឿយៗផងដែរថា ៖ រាជរដ្ឋាភិបាល បាននឹងកំពុងតែព្យាយាមធ្វើឲ្យទីតាំងសាលារៀន បានទៅខិតជិតកន្លែងរស់នៅរបស់ប្រជាជនគ្រប់ច្រកល្ហកពាសពេញផ្ទៃប្រទេស ពោលគឺ ភូមិ១មានសាលាបឋមយ៉ាងតិច១, ឃុំ១មានអនុវិទ្យាល័យ១, ស្រុក១ មានវិទ្យាល័យ១ និងខេត្ត១ មានសកលវិទ្យាល័យ១ សំដៅធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ ដែលរស់នៅតាមទីជនបទ ទីប្រជុំជន និងទីក្រុងបានចូលរៀនគ្រប់ៗគ្នា និងលើកទឹកចិត្តឲ្យមានសមភាពយេនឌ័រក្នុងការសិក្សា ។ ឯកឧត្តមបន្តថា ៖ រាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងសម្រេចទិសដៅ “ អប់រំសម្រាប់ឆ្នាំ ២០៣០ ” តាមរយៈការធានាសមធម៌ក្នុងការអប់រំមូលដ្ឋានរយៈពេល ៩ ឆ្នាំ សម្រាប់កុមារគ្រប់រូប និងបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋក្រីក្រ មានលទ្ធភាពចូលសិក្សា ជាពិសេសគឺការពង្រឹង និងពង្រីកគ្រឹៈស្ថានសិក្សាសាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិសិ្សតក្រិក្ររៀនពូកែ ៕ដោយ ម៉េង គាង