ស្រូវប្រាំងប្រមាណ៤០០០ ហិចតាក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសាគ្រោះរាំងស្ងួត

0

សៀមរាប៖ ស្រូវប្រាំងក្នុងស្រុក និងក្រុងចំនួន០៦ របស់ខេត្តសៀមរាប ប្រមាណជាង ៤០០០ហិចតា ប្រឈមជាមួយគ្រោះរាំងស្ងួត ដោយសារគ្មានទឹកភ្លៀង និងគ្មានប្រភពទឹកដើម្បីធ្វើការស្រោចស្រប ។
ក្រុងស្រុក ដែលរងផលប៉ះពាល់រួមមាន ក្រុងសៀមរាប ស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ពួក និងស្រុកក្រឡាញ់ មកទល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធខេត្តសៀមរាប ក៏កំពុងបញ្ចេញម៉ាស៊ីនបូមទឹក បូមទឹកទំលាក់តាមប្រឡាយមេមួយចំនួនធំៗ ក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងនោះ ។
គួរំលឹកថា កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋរក្សាទឹកទុក សម្រាប់ប្រើប្រាស់ដោយសារ ឆ្នាំ២០១៩នេះ នឹងក្តៅហួតហែងខ្លាំង ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញ សារាចរណែនាំ ស្ដីពី ការចាត់ចែងវិធានការថែរក្សាទឹកទុកមួយចំនួនដូចជា ១ . ការធ្វើស្រែប្រាំងបានតែម្ដងប៉ុណ្ណោះក្នុងឆ្នាំ២០១៩នេះ បើទោះបីជាទឹកនៅតាមបណ្ដាអាងរក្សាទឹកមួយចំនួននៅមានទឹកជាធម្មតាក៏ដោយ គួរគប្បីរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ និងដាំដំណាំផ្សេងៗក្រៅពីស្រូវ។ ២ . ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាវិញ និងទី៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិនានា ៕