លោក​ស៊ីម​ ថាវីរះ​ ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តកំពង់ចាម​​

0

កំពង់ចាម​:​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ចាម​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ ព្រមទាំង​មាន​ការ​ចូលរួម​ពី​ មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អភិបាល​ អភិបាល​រង​ក្រុង-ស្រុកទាំង១០​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នាព្រឹក​ថ្ងៃ​២៨​ ខែមករា​ ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​ធំ​សាលាខេត្តកំពង់ចាម​។

ដោយលោក គឹម សាវឿន អតីតប្រធានមន្ទីរ​កសិកម្ម​ ត្រូវទទួលភារកិច្ចថ្មី​ នៅ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ជំនួសដោយ លោក សុឹម​ ថាវីរះ​ អនុប្រធានមន្ទី​រ​ ត្រូវ​ឡេីងជាប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ចាម។​

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​នេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ ក្នុង​កំឡុង​ឆ្នាំ​២០១៦​ កសិករ​យើង​ធ្លាប់​ទទួល​គ្រោះរាំងស្ងួត​ម្តង​រួច​មក​ហើយ​ ដោយ​មាន​ការ​គាំទ្រ​ពី​​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ បាន​ជីក​អណ្តូង​ជាច្រើន​ ដើម្បី​កសិករ​យើង​យក​ទឹក​ទៅ​ប្រេីប្រាស់​ ស្រោចស្រព​ផល​ដំណាំ​ តែ​រហូត​មក​ដល់​ពេល​នេះ​ អណ្តូង​ទាំង​នោះអាច​ទទួល​​រងការ​ខូចខាត​អស់​ខ្លះ​ហើយ​ដែរ​ ដូច្នេះសូម​ឲ្យ​មន្ត្រី​យេីង​ចុះ​ទៅ​ពិនិត្យ​ ប្រមូល​ទិន្នន័យ​ ដើម្បី​ធ្វើ​ការ​ស្តា​ឡើង​វិញ​​ជូន​ប្រជាពលរដ្ឋ​ប្រេីប្រាស់​។

ជាមួយគ្នានោះ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បាន​ជំរុញ​ដល់​​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ អំពី​គ្រោះរាំងស្ងួត​ដែល​នឹង​កេីត​មាន​ឡើង​នា​រដូវ​ប្រាំង​ឆ្នាំ​២០១៩នេះ​ គឺសូម​ឲ្យ​ប្រជាពលរដ្ឋ​​ គួរ​កុំ​បន្ត​ធ្វើ​ការ​សាបព្រោះ​ស្រូវ​ប្រាំ​​ជាលើក​ទី​២ ព្រោះ​មិន​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​នោះទេ​ ហើយ​ថែមទាំង​អាច​ខ្វះខាត​ទឹក​ ​ដែល​នឹង​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​ និង​សត្វ​ព្រៃ​ទៀត​ផង​។ ជាពិសេស​ត្រូវ​ជំរុញ​ដល់​សេវា​ក​ ត្រូវ​ខិតខំ​ត​បណ្ដាញ​ទឹក​ ​ទៅ​ដល់​តំបន់នានា​ដែល​មិន​ទាន់​មាន​ទឹក​ ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ​។

ឯកឧត្តម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានធ្វើការ​ផ្តាំផ្ញេីរ​ដល់​លោក​ប្រធាន​មន្ទីរ​ដែល​ទេីប​តែ​ទទួល​តំណែង​ថ្មី​ ឲ្យ​ខិតខំ​បំពេញ​ភារកិច្ច​ដោយ​ទទួល​ខុសត្រូវ​ខ្ពស់​ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ ដោយ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​តាម​ច្បាប់​ និង​បទប្បញ្ញត្តិ​នានា​របស់​រដ្ឋ​ផង​ដែរ​ ៕