រដ្ឋមន្រ្តីក្រសួងកសិកម្ម ជម្រុញអោយមន្ត្រីកសិកម្ម ត្រូវនៅកៀកកិតនិងប្រជាជន និងដោះស្រាយរាល់បញ្ហារប្រឈមដែលកើតមានឡើង

0

ខេត្តក្រចេះ ៖  ឯឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានជម្រុញអោយមន្ត្រីនៃមន្ទីកសិកម្មខេត្តក្រចេះ ពិសេសប្រធានមន្ទីថ្មីត្រូវនៅអោយបានកៀកកិតជាមួយនិងប្រជាជន  ដើម្បីយល់ពីសុខទុក្ខ និងដោះស្រាយជូនពួកគាត់អោយទាន់ពេលវេលា ​​​​​​​​​​​​​​​​។

ឯឧត្តម មានប្រសាសន៍ថា បច្ចុប្បន្ននេះសេចក្តីត្រូវការរបស់ប្រជាជនកាន់តែ រីកធំឡើងៗ ភាពអនាម័យត្រូវហូបចុក គិតអំពីសុខភាពរបស់ប្រជាជនយើងកាន់តែមានកម្រិតខ្ពស់ ដូចឆ្នេះយើងត្រូវពង្រីកកិច្ចការរបស់យើងអោយបានល្អ ប្រសើ  ។ ជាពិសេសត្រូវស្វែងរកសហគមន៍ណាដែលយើងបានបណ្តុះបណ្តាល ដើម្បីរៀបចំផែនការដាំដុះអោយបានត្រឹមត្រូវ មិនម៉ែនចេះតែបំផុសអោយប្រជាជនដាំដុះហើយ មិនចេះរកទីផ្សារអោយប្រជាជននោះគឺកំហុសដែលកន្លងទៅកើតមាន ។

ឯឧត្តម មានប្រសាសន៍បន្តរថា កន្លងទៅក្រសួងកសិកម្ម ពិតជាបានទទួលនូវកាស្តីបន្តោសជាច្រើនដោយយើងសំអាងទៅលើអនុក្រិត្យស្តីអំពីការៀបចំនិងប្រព្រឹត្តិទៅរបស់ក្រសួង ដែលពុំមានតួរនាទីជួយដល់ប្រជាជន ដោយសំអាងទៅលើក្រសួងពាណិជ្ជកម្ម  ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ពន្ឋ័ដ៍ទៃទៀត ធ្វើហើយទុកចោលៗ អោយប្រជាជនយើងដាំហើយមិនជួយដោះស្រាយ ។

ឯឧត្តម  មានប្រសាសន៍ថា គ្មាននណាដឹងជាងមន្ត្រីកសិកម្មទេ ដែលស្គាល់ពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ ដូចឆ្នេះសូមអោយមន្ត្រីទាំងអស់ពិសេសលោក ប្រធានមន្ទីកសិកម្មដែលទើបទទួលដំណែងថ្មី មេត្តានៅអោយកៀកកិតជាមួយនិងប្រជាជន ដើម្បីយល់ពីសុខទុក្ខ និងដោះស្រាយជូនពួកគាត់អោយទាន់ពេលវេលា ។ 

កាជម្រុញបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមករានេះ ខណះដែល ឯឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសតែងតាំងលោក ទ្រី សុភ័ក្រ ពីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ទៅជាប្រធានមន្ទីកសិកម្ម ជំនួសលោក កុយ ហ៊ួត ដែលត្រូវប្តូរទៅបំពេញការងារនៅក្រសួង  ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍ថា ៖ ធ្វើជាមន្រ្តី មិនត្រូវត្អូញត្អែនូវការលំបាករបស់តួនាទីការងារខ្លួននោះទេ ត្រូវខិតខំព្យាយាម និងពង្រឹងការងាររបស់ខ្លួនឱ្យបានជោគជ័យ និងត្រូវមានទំនាក់ទំនងល្អទាំងក្នុងអង្គភាព និងក្រៅអង្គភាព ពិសេសប្រជាពលរដ្ឋដើម្បីស្វែងយល់ និងដោះស្រាយនូវរាល់បញ្ហាដែលកើតមានលើវិស័យកសិកម្មរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សំដៅលើកម្ពស់សេដ្ឋកិច្ចជីវភាពក្នុងវិស័យកសិម្ម និងខិតខំទំនាក់ទំនងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ និងរកទីផ្សារដល់ទិន្នផលកសិកម្មរបស់ប្រជាពលរដ្ឋ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងបញ្ហាប្រជាពលរដ្ឋមូលដ្ឋាន និងផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្រ្តីក្រោមឱវាទ ដើម្បីបង្កើនភាពស្និតស្នាល និងដកពិសោធន៍ ត្រូវស្វាស់ស្វែងរកដំណោះស្រាយរាល់បញ្ហារបស់ប្រជាកសិករ ដូចជាប្រភេទពូជដំណាំ និងជីជាដើម ។ដោយ តូច រដ្ឋា