មន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ធំបានប្រារព្ធពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨-២០១៩

0

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានប្រារព្ធពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨-២០១៩ ក្រោមអធិបតីលោក ហួន វ៉ាន់និត អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាល ក្រុង-ស្រុក អាជ្ញាធរឃុំ សង្កាត់ អង្គការដៃគូរនានា និងលោកគ្រូ អ្នកគ្រូ ជានាយក ប្រមាណជិត៤០០នាក់។

លោក ជូ វុនធី ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍សង្ខេប ពីលទ្ធផលការងារកន្លងមក គឺពិតជាមានមោទនភាព អំពីលទ្ធផលសម្រចបានទាំងផ្នែកបរិមាណនិង គុណភាពដែលជាសកម្មភាពជាអទិភាព និងជាយុទ្ធសាស្ត្រដែលបានអនុវត្ត ត្រូវបានផ្តោតជាសំខាន់ទៅលើ ការលើកកម្ពស់គុណភាព អប់រំតាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន សមត្ថភាពគ្រប់គ្រង អភិបាលកិច្ចល្អ ការតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការវាយតម្លៃដើម្បីបង្កើនកាលានុវត្តភាពស្មើៗគ្នា ឲ្យដល់កុមារ ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយធានា ឲ្យពួកគេមានឱកាសរៀនចប់កម្រិតមូលដ្ឋាន៩ឆ្នាំ ក្នុងការជំរុញនិងបណ្តុះបណ្តាលនូវធនធានមនុស្សប្រកបដោយគុណភាពជាពលករសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។

លោក ហួន វ៉ាន់និត អភិបាលរងខេត្ត បានថ្លែងថា «ប្រទេសមានវឌ្ឍនភាព លើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យមានកិត្យានុភាពជាតិ កាន់តែត្រូវបានលើកកម្ពស់ ជាពិសេស ការរក្សាបាននូវលំនឹងសន្តិភាព សន្តិសុខ កំណើនសេដ្ឋកិច្ច កំណើនការងារ និងចំណូលក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងកម្រិតខ្ពស់»។

លោកបានបន្តថា ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានធ្វើការកែទម្រង់ លើវិស័យជាអាទិភាពជាច្រើន ក្នុងនោះ ការកែទម្រង់ រដ្ឋបាលសាធារណៈ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងស៊ីជម្រៅទាំង នៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយចំពោះមុខ បណ្ដាវិស័យសំខាន់ៗ មួយចំនួន នៅថ្នាក់ជាតិ ត្រូវបានធ្វើវិមជ្ឈការ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលខុសត្រូវអនុវត្ត ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ជាពិសេសសកម្មភាពនៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល និងវិស័យសំខាន់ៗ មួយចំនួន ក្នុងនោះវិស័យអប់រំយុវជន និងកីឡា ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងគោលនយោបាយវិមជ្ឈការនេះផងដែរ។
ដូចនេះ ដើម្បីអនុវត្តគោលនយោបាយនេះ ប្រកបដោយប្រសិទ្ធិភាព ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវមួយ មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ត្រូវលើកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង។ លើកកម្ពស់ភាពជាគំរូដឹកនាំ និងការផ្លាស់ប្ដូរឥរិយាបទ ពីអ្នកត្រួតត្រា ទៅជាអ្នកផ្ដល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធិភាព ដោយប្រកាន់ ភ្ជាប់នូវគុណសម្បត្តិ នៃឥរិយាបទនៃមន្ត្រីរាជការគឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
ដើម្បីឆ្លើយតបទៅនឹងស្មារតីអង្គសន្និបាតនេះ លោកបានចូលរួមនូវការចាប់អារម្មណ៍ ដូចខាងក្រោមករណីអត្រា នៃការបោះបង់ការសិក្សារបស់សិស្ស សូមឲ្យថ្នាក់ដឹកនាំមន្ទីរការិយាល័យ អប់រំគ្រប់ក្រុង ស្រុក និងថ្នាក់ដឹកនាំគ្រប់មូលដ្ឋានសិក្សា រួមនិងអាជ្ញាធរ មាតាបិតា ត្រូវយកចិត្តទុកដាក់ចាត់វិធានការសមស្របនានា ដើម្បីលើកកម្ពស់អត្រាសិក្សារបស់សិស្ស និងកាត់ បន្ថយ អត្រាបោះបង់ការសិក្សា ឲ្យបាននៅកម្រិតទាបបំផុត ជាពិសេស ការចូលរួមដោយយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ ចំពោះស្ថានភាពឧបសគ្គរបស់សិស្សានុសិស្ស ដោយធ្វើយ៉ាងណាឲ្យសិស្សមានចិត្តចង់ចូលរៀន និងត្រូវបណ្តុះបណ្តាលធនធានមនុស្សឲ្យស្នេហាជាតិមាតុភូមិ ។

ជាចុងក្រោយលោកបានផ្ដាំផ្ញើដល់លោកគ្រូអ្នកគរូត្រូវហ្វឹកហាត់បន្ថែមទៀតដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឲ្យស្របទៅតាមការអភិវឌ្ឍនៃបច្ចេកវិទ្យាសកលពិភពលោកតាមប្រព័ន្ធអេឡិចត្រូនិច។