អភិបាលខេត្ត​កំពង់ចាម​ ​លើក​ទឹកចិត្ត​ ដល់​ការ​លេងកីឡា​ ដេីម្បី​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​

0

កំពង់ចាម​: ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​​ បានអញ្ជើញចូលរួម​ធ្វើ​ការ​​លេីក​ទឹកចិត្ត​ និង​ទស្សនា​ ការប្រកួតពានរង្វាន់បាល់ទាត់យុវជន​ ក្រោម​អាយុ​១៥ឆ្នាំ ១៧ឆ្នាំ​ ប្រកួតលើកទី៦ រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​កីឡាដ្ឋាន​ខេត្តកំពង់ចាម​។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា​ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នេះ​ គឺ​គណៈកម្មការ​បាន​រៀបចំ​ឡើង​ ​មាន​ចំនួន​​២០ការ​ប្រកួត​ ដោយ​​មានក្រុម​កីឡា​ ​សរុប​ចំនួន៦ក្រុម ក្នុង​នោះ​ក្រុមកីឡាករមាន៤ក្រុម និងកីឡាការីនីមានចំនួន២ក្រុម ដែលមាន​ចំនួន​៣៩៤នាក់​ និង​គ្រូបង្វឹក​១២នាក់​ ក្នុង​គោលបំណង​ចូលរួម​ដណ្ដើម​ពាន​រង្វាន់​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ និង​ជ្រើសរើស​យក​កីឡាករ​ដែល​មាន​ទេពកោសល្យ​ ធ្វើ​ការ​បណ្តុះបណ្តាល​បន្ថែម​ ដើម្បី​ត្រៀម​ធ្វើ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បានឩបត្ថម្ភជូន ដល់ក្រុមកីឡាករ​ កីឡាការីនីទាំង៦ក្រុម ដោយក្នុង១ក្រុម ទទួលបានថវិកា១លានរៀល និងគណះកម្មការរៀបចំការប្រកួត​ទទួល​បាន​ថវិកា ១លានរៀលផងដែរ។
គួរ​រំលឹក​​ផង​ដែរថា​ កន្លង​មក​ឯកឧត្ដម​ អភិបាលខេត្ត តែងតែ​ធ្វើ​ការ​ជម្រុញ​ឲ្យគ្រប់មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ ធ្វេីការគាំទ្រ​ឧបត្តម្ភ​ផ្នែកកីឡា​និមួយៗ​ ឲ្យកាន់តែ​មាន​ការ​រីកចម្រេីន​ឡើង​ និងជាពិសេសដេីម្បីត្រៀមខ្លួនចូល​រួម​ធ្វើ​ការ​​ប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣​ ដែលកម្ពុជាយេីងធ្វេីជាម្ចាស់ផ្ទះ​ទៀតផង។ ដែល​ជា​ការ​ចូលរួម​ចំណែកលេីកស្ទួយវិស័យកីឡា​ ឲ្យកាន់តែ​មាន​ការ​រីកចម្រេីនជាលំដាប់​ ​ស្របពេលដែលប្រទេសជាតិយេីងមានសុខសន្តិភាព​ ៕