អភិបាលខេត្ត​កំពង់ចាម​ ជំរុញ​ដល់​អភិបាលស្រុកបា​ធាយ ទេីប​ចូល​កាន់​តំណែង​ ឲ្យ​ខិតខំ​បម្រើ​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​

0

កំពង់ចាម​:​ ក្នុង​នាម​​ជាអភិបាល​ នៃគណ:អភិបាលស្រុកទេីបទទួលភារកិច្ចថ្មី​ ត្រូវដឹកនាំកងកម្លាំងប្រដាប់អាវុធចំណុះទាំងអស់ទូទាំងស្រុក​ ថែរក្សាសន្តិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ ដោយអនុវត្តតាមគោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្ថិភាព​ ដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ និងការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាព​សុខសាន្ត​ ក្រោមដំបូលសន្តិភាព។ ហេីយ​ក៏ត្រូវ​ ដឹកនាំមន្ត្រីគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់​ ខិតខំរួមគ្នាបម្រេីសេវាសាធារណ:​ ជូនប្រជាពលរដ្ឋ​ឲ្យ​បានជាទីគាប់ប្រសេីរឡេីង​ នេះជា​ការ​ថ្លែង​របស់​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកបាធាយ​ នារសៀល​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៩​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​ ​លោក​ លោកស្រី​ អភិបាលរងខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត និង​មន្ត្រី​ការិយាល័យជុំវិញស្រុក មេឃុំ​ មេ​ភូមិ​ ជាច្រើនរូប​ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​​លេីក​ឡើង​ថា​ ចំពោះ​​ភូមិសាស្ត្រ​ក្នុង​ស្រុក​បាធាយ​នេះ​ បញ្ហា​​គ្រោះ​ធម្មជាតិ​តែងតែ​​កេីតឡើង​ជាញឹកញាប់​ ក្នុង​នោះ​មាន​ដូច​ជា​ គ្រោះទឹកជំនន់​ ខ្យល់ព្យុះ​កន្ត្រាក់​ និង​គ្រោះរាំងស្ងួត​ជាដើម​ ដូច្នេះ​អភិបាល​ស្រុក​ថ្មី​ ត្រូវ​ទទួល​រ៉ាប់រង​លើ​បញ្ហា​ទាំង​អស់​នេះ​ដោយមិន​អាច​ខ្វះ​ចន្លោះ​បាន​។​ ពាក់ព័ន្ធ​នឹង​គ្រោះ​រាំងស្ងួត​ ដែល​នឹង​កេីត​មាន​ឡើង​នា​រដូវ​ប្រាំង​ក្នុងឆ្នាំ​នេះ​ អាជ្ញាធរ​យើង​ត្រូវ​ចូល​រួម​ក្នុង​ការ​ខិតខំ​​ពង្រីក​សេវា​ ​តបណ្ដាញ​ទឹក​ជូន​ប្រជាពលរដ្ឋ​យេីង​បាន​ប្រេីប្រាស់​ផង​ដែរ​។
ឯកឧត្ដម​អភិបាលខេត្ត​ បាន​បន្ត​ថា​ ជាមួយនឹង​ការ​ខិតខំ​​បំពេញ​តួនាទី​ បម្រេីសេវាសាធារណ:​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែល្អប្រសេីរ​​ឡេីង​ហើយ​នោះ​ ក្នុងនាមជាអាជ្ញាធរ​ ត្រូវ​ខិតខំ​ថែរក្សា​អ្វី​ដែល​នៅ​សេសសល់​ គឺត្រូវ​ចូល​រួម​ការពារ​ទ្រព្យសម្បត្តិធម្មជាតិ​ ដូចជា​ បឹងបួរ​ ទំបន់ទឹក​ មេទឹក​ ជាដេីម​ ទុកសម្រាប់​បងប្អូនប្រជាពលរដ្ឋ​ ប្រេីប្រាស់​ក្នុង​ការ​អាស្រ័យ​ផល​ធ្វេីស្រែចំការ​ផងដែរ​។
ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំបន្តសាងសង់​ សំណង់អគារ​ លំនៅឋាន​ តាម​ចិញ្ចើម​ថ្នល់​ ឬក្រោមខ្សែបណ្តាញអគ្គិសនី​ ជាដើម​ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​កេីត​ឡើង​ជាយថាហេតុ​ ណាមួយ​។គួរបញ្ជាក់ផងដែរថា​ ពិធី​ប្រកាស​ចូល​កាន់​តំណែង​នេះ​គឺ​ លោក​ ​ផេន​ សុផល​ ត្រូវផ្ទេរតំណែងពីអភិបាលស្រុកកោះសូទិន​ មកកាន់តំណែងជាអភិបាលស្រុកបាធាយ​វិញ​ ជំនួស​ លោក​ កៅ​ ប៊ុនណាត​ ដែលត្រូវចូលនិវត្តន៍៕