មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣អញ្ជេីញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាខែកុម្ភៈ និងដាក់ចេញបន្តខែមីនា

0

ព្រះវិហារ: ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ប្រជំុបូកសរុបលទ្ធផលការងារយោធាខែកុម្ភៈ និងដាក់ចេញទិសដៅអនុវត្តន៍បន្ត ការងារយោធាខែមីនា ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ លើកឡើងស្តីពីការខិតខំប្រឹងប្រែងកសាង និងការអនុវត្តន៍ ព្រមទាំងស្នាដៃ ដែលនាយទាហាន នាយទាហានរង និងពលទាហាន បានខិតខំអស់រយះពេល ពេញមួយខែកន្លងមក។ ឯកឧត្តម គណៈអធិបតីទាំងពី បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ព្រមគ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់នាយ និងពលទាហានទូទាំងអង្គភាព ក្នុងការការពារបានយ៉ាងរឹងមាំ នូវអធិបតេយ្យភាព បូរណភាពទឹកដី បានយ៉ាងរឹងមាំ និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ជូនប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ក៏បានថ្លែងនូវការផ្តាំផ្ញើរបន្ថែមទៅដល់ នាយ និងពលទាហាន នៅគ្រប់បណ្តាការិយាល័យជំនាញទាំងអស់ ពិសេស នាយ និងពលទាហានក្នុងកងពលតូចអន្តរាគមន៍លេខ៧ ត្រូវខិតខំគោរពតួរនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ សាមគ្គីផ្ទៃក្នុងអង្គភាពឲ្យបានរឹងមាំ ដើម្បីធានាបាន នូវការបំពេញកិច្ចការងារ ប្រកបដោយប្រសិទ្ធភាព តម្លាភាព កាន់តែប្រសើរឡើង។

ថ្នាក់ដឹកនាំទាំងពីរ បានបន្តថា នាយ និងពលទាហានទាំងអស់ ចូលរួមទប់ស្កាត់រាល់បទល្មើសខុសច្បាប់នានា ជាពិសេសបទស្មើសឆ្លងដែន និងគ្រឿងញៀនខុសច្បាប់។ ទុកដាក់ថែរក្សាអោយបានល្អចំពោះសម្ភារៈសឹក បន្តកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងសមត្ថកិច្ច ដោយឈរលើស្មារតីយោគយល់ និងជាអ្នកជិតខាងល្អ ដើម្បីរក្សាបានព្រំដែនសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕សួនលីណា