សម្តេចព្រះសង្ឃរាជ ទេព វង្ស ប្រើរូបភាព «សន្លឹកត្នោត ខ្ចប់ស្ករត្នោត» ដើម្បីអភិវឌ្ឍគម្រោងមួយ ដែលគ្រោងចំណាយ ៤០ លានដុល្លារ នៅខេត្តសៀមរាប

0

គម្រោងសាងសងមជ្ឈមណ្ឌលវប្បធម៌សន្តិភាព របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានចាប់ផ្តើមដំណើរការសាងសង់ហើយនៅពេលនេះ បន្ទាប់ពីគម្រោងនេះជាប់គាំងអស់រយៈពេល ៤ឆ្នាំកន្លងមក។ថ្មីៗនេះមានការផ្សព្វផ្សាយថា គំរោងនេះត្រូវបានសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និរាករ ចោលហើយ តែការពិតជាក់ស្ដែងមិនមែននិរាករនោះទែ គឺកំពុងតែដំណើរការយ៉ាងរលូន គ្រាន់តែកន្លងមកមានការយល់ច្រលំខ្លះធ្វើអោយមានការផ្សព្វផ្សាយខុសតែប៉ុណ្ណោះ។
រហូតមកដល់រសៀលថ្ងៃទី១៩ មីនា គ.ស ២០១៩ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព្យ វង្ស ទ្រង់សព្វព្រះហរទ័យនិមន្តយាងចុះដល់ការដ្ឋាន និងនិមន្តយាងទត សកម្មភាពសាងសង់គម្រោងអភិវឌ្ឍន៍”មជ្ឈមណ្ឌលវប្បធម៌សន្តិភាព” ក្នុងនាមព្រះអង្គជាម្ចាស់គម្រោង និងជាព្រះប្រធានកិត្តិយស ស្របតាមខ្លឹមសារនៃលិខិតលេខ ៩៤៩ ស.ជ.ណ ចុះថ្ងៃ ២០ សីហា ឆ្នាំ២០១៥ របស់ទីស្តីការគណ:រដ្ឋមន្រ្តី ។ សូមបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានត្រាស់បង្គាប់ និងប្រគល់សិទ្ធិ ជូន លោក គង់ មង្គល់ ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចព្រះមហាសង្ឃរាជ និងជាប្រធានសហគមន៍ជ្រាវ ដើម្បីសហការជាមួយអាជ្ញាធរ-ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងចាត់ចែងការកសាងអោយបានសម្រេចជាស្ថាពរ តាមផែនការមេនៃគម្រោងទាំងមូល ។ សមិទ្ធិផលជាតិដ៏មហិមានេះនឹងរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ និងចូលរួមកាត់បន្ថយភាពក្រៃក្ររបស់ប្រជាពលរដ្ឋ និងប្រជាសហគមន៍ តាមរយះសេវាកម្មទេសចរណ៍ផ្សេងៗ មិនតែប៉ុណ្ណោះសមិទ្ធិផលនេះក៏រួមចំណែកក្នុងការបង្កើតគោលដៅទាក់ទាញថ្មីសំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកទស្សនា សំណង់មហាប្រាសាទអរុណសួរស្តី សារមន្ទីរ សួនច្បារ និងសំណង់រចនាបទខ្មែរដែលគួរអោយទាក់ទាញផ្សេងទៀត ។ ទាំងនេះគឺជាមោទនៈភាពនៃជាតិកម្ពុជា ជាពិសេសគឺពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
បញ្ចាក់ថាការប្រើរូបភាព «សន្លឹកត្នោត ខ្ចប់ស្ករត្នោត» គឺលក់អាចម៍ដី និងកាត់ដីខ្លះ លក់ ដើម្បីអភិវឌ្ឍគម្រោង ដែលគ្រោងចំណាយ ៤០ លានដុល្លារ ដែលមានទីតាំងស្ថិតនៅជាប់ព្រំប្រទល់ភូមិចំនួន៥ ក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ដែលមានចម្ងាយ ៣គីឡូម៉ែត្រ ពីទីប្រជុំជនផ្សារជ្រាវ។
ការផ្តួចផ្តើមបង្កើតឲ្យមានតំបន់ទេសចរណ៍ថ្មី ឬបារាយណ៍សិប្បនិម្មិត នៅក្នុងមូលដ្ឋានខាងលើ រហូតចំណាយទឹកប្រាក់ដល់ទៅ ៤០លានដុល្លារនេះ ត្រូវបានអះអាងថា ដោយសារមូលដ្ឋានខាងលើនេះ ជាស្រុកកំណើតរបស់សម្តេចសង្ឃរាជ ទេព វង្ស ហើយម្យ៉ាងវិញទៀតទីនោះជាទំនប់ទឹកដ៏ធំមួយ ដែលងាយស្រួលក្នុងការបង្កើតជាផ្ទៃទឹកបារាយណ៍ ដ៏ធំល្វឹងល្វើយបាន។
ក្រៅពីនោះសម្តេចសង្ឃ ក៏ចង់បង្កើតជាតំបន់ទេសចរណ៍ថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរ ម្ហូបអាហារបន្លែត្រីសាច់ ដែលកសិផលដាំដុះក្នុងមូលដ្ឋាន ដើម្បីជីវភាពរីកចម្រើន ខណៈពេលដែលសម្តេចសង្ឃ កាន់តែមានព្រះជន្មជរា និងមុនពេលដែលសម្តេច ឃ្លាតឆ្ងាយពីបងប្អូនកូនចៅក្នុងមូលដ្ឋាន ដែលគ្មានថ្ងៃត្រឡប់ក្រោយនោះ។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានបរិយាយថា បារាយណ៍សិប្បនិម្មិត ដែលផ្តួចផ្តើមឡើងដោយសម្តេចសង្ឃរាជ ទេព វង្ស នេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ បារាយណ៍នេះ មានទំហំដី ២៨៨ហិកតា បណ្តោយ ២៨៨៥ម៉ែត្រ និងទទឹង ១០០០ម៉ែត្រ ផ្ទៃទឹកផ្នែកខាងក្នុងបារាយណ៍ ៨០ហិចតា ខ្នងបារាយណ៍ មានកំពស់ ៤ម៉ែត្រ មានទទឹង ១០០ម៉ែត្រ ផ្នែកខាងជើង ខាងត្បូង ខាងលិច ខាងកើត ៥០ម៉ែត្រ ឯខ្នងបារាយណ៍ខាងលើ ត្រូវចាក់បេតុង និងមានទ្វារទឹកមុខ ៤ម៉ែត្រ ចំនួនពីរ សម្រាប់បង្ហូរទឹកយកទៅស្រោចស្រពស្រូវប្រាំង ៤០០ហិចតា នៅផ្នែកខាងក្រោម។
ក្រៅពីនោះ ក៏មានសាងសង់ជាសាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ចំណតរថយន្ត រួមទាំងតូបលក់ដូរផ្សេងៗ សម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមានដាំដើមឈើគ្រប់ប្រភេទ សម្រាប់លម្អរក្នុងតំបន់ទេសចរណ៍ថ្មីមួយនេះ។ ចំណែកនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ គឺមានកោះមួយឈ្មោះថា កោះអរុណសួស្តី មានទំហំ ៤ហិកតា ដែលមានកំពស់ ៥ម៉ែត្រ និងមានសង់ជាប្រាសាទកំពស់ ៨១ម៉ែត្រ អមដោយចម្លាក់ក្បាច់សំបកផ្កាឈូក ហើយក៏មានសង់ជាសាលាឆទានព័ទ្ធជុំវិញកោះ និងមានគូរជារូបគំនូរប្រវត្តិសាស្ត្រផងដែរ។
លោកបន្តថា ការជីកបារាយណ៍ គឺទុកគម្លាតពីខ្នង ២០០ម៉ែត្រ និងជីកដូចជាជណ្តើរចំនួន ៣កាំ ទី១ ជម្រៅ ១ម៉ែត្រ ចម្ងាយ ១០ម៉ែត្រ ទី២ ជម្រៅ ២ម៉ែត្រ ចម្ងាយ ៤០ម៉ែត្រ និងទី៣ ជម្រៅ ៥ម៉ែត្រ ចម្ងាយ ៤០០ម៉ែត្រ ធ្វើរបៀបនេះ គឺជាការងាយស្រួលដល់ការកំសាន្តរបស់ភ្ញៀវគ្រប់រូប ដែលចង់ចុះហែលលេងទាំងរដូវប្រាំង និងវស្សា។ ឯផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ថ្មីនេះ មានចំនួន ២ខ្សែ ខ្សែទី១តាមចំណុចផ្សារជ្រាវ ខ្សែទី២ តាមចំណុចព្រំប្រទល់ឃុំកណ្តែក និងផ្លូវចេញមួយខ្សែផ្សេងទៀត តាមផ្លូវពន្ធនាគារ។
លោកចៅសង្កាត់ បានបន្តថា ដីអាងទឹកទំនប់ទឹកជ្រាវ ដែលបានសាងសង់ជាបារាយណ៍សិប្បនិម្មិតនេះ រដ្ឋាភិបាលកម្ពុជា បានប្រទានថ្វាយជូនសម្តេចសង្ឃរាជ ទេព វង្ស ដើម្បីបង្កើតជាតំបន់ទេសចរណ៍ថ្មី ដោយប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន និងសហគមន៍បឹងពារាំងជាអ្នកកសាង បន្ទាប់ពីមានការឯកភាពពីសាលាក្រុង និងសាលាខេត្តសៀមរាប រួមទាំងមានការអនុញាតច្បាប់ ពីគ្រប់ស្ថាប័ន និងក្រសួងពាក់ព័ន្ធរួចហើយនោះ។
លោកបានបន្ថែមថា ការដែលគម្រោងនេះ ត្រូវជាប់គាំងរយៈពេល ៤ឆ្នាំមកនេះ ក៏ព្រោះតែបញ្ហាថវិកា។ លុះក្នុងពេលថ្មីៗនេះ សម្តេចសង្ឃរាជ មានព្រះបន្ទូលថា «ត្រូវចេះយកស្លឹកត្នោត ទៅខ្ចប់ស្ករត្នោត» ទើបហៅថា ជាការអភិវឌ្ឍន៍។ ចំណុចនេះ អាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ បានសម្រេចដោះដូរអាចម៍ដី បាតបារាយណ៍ចំនួន ១០ហិកតា ដើម្បីយកមកចាក់ធ្វើទំនប់ខ្នងបារាយណ៍ និងយកទុនខ្លះ បន្តការអភិវឌ្ឍន៍។ ក្រៅពីនោះ សម្តេចសង្ឃ ក៏មានគម្រោងឃ្វៀលដីមួយចំនួន ដើម្បីយកថវិកាខ្លះទៀតអភិវឌ្ឍន៍លើគម្រោងឲ្យរួចរាល់ នៅអំឡុងឆ្នាំ២០២២ ខាងមុខនេះ។
លោកចៅសង្កាត់ជ្រាវ បញ្ជាក់ថា ជាមួយនិងគម្រោងអភិវឌ្ឍន៍តំបនទេសចរណ៍ថ្មី (បារាយណ៍សិប្បនិម្មិត)នេះ បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ជ្រាវ បានសម្តែងអបអរសាទរ និងត្រេកអរយ៉ាងពន់ពេក ដោយពួកគាត់រំពឹងថា នឹងមានឱកាសរកចំណូលប្រចាំគ្រួសារ តាមរយៈមរតកថ្មី ដែលជាស្នាដៃរបស់សម្តេចសង្ឃទេព វង្ស។
ចំណែកលោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាស់ទឹកទំនប់ជ្រាវ ក៏បានលើកឡើងថា ជាការពិតណាស់ ដែលខាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានចាប់ដៃគ្នាកសាងគម្រោងនេះ តាមរូបមន្ត «យកស្លឹកត្នោតទៅខ្ចប់ស្ករត្នោត» នេះ ក៏ព្រោះតែយើងមិនទាន់មានដៃគូសហការ ប៉ុន្តែក្រោយពេលយើងរកដៃគូសហការបាន យើងនឹងអនុវត្តគម្រោងតាមស្ថានភាពជាក់ស្តែង។
លោកបន្តថា បារាយណ៍សិប្បនិម្មិតនេះ ជាតំបន់ទេសចរណ៍ថ្មីមួយទៀត ក្រោមការផ្តួចផ្តើម និងអភិវឌ្ឍន៍របស់សម្តេចសង្ឃ ទេព វង្ស ដើម្បីអោយអ្នកទេសចរទាំងអស់ ក្រោយពេលទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់រមណីយដ្ឋានផ្សេងៗរួចមក គឺអាចចូលមកទស្សនាបារាយណ៍នេះ និងបន្តទៅទស្សនាសត្វស្លាបទឹក ធម្មជាតិព្រៃលិចទឹក នៅសហគមន៍ទេសចរណ៍វប្បធម៌បឹងពារាំងបន្តទៀត តាមផ្លូវច្រកចេញចូលតែមួយ។
លោកបន្តថា ការបង្កើតបារាយណ៍នេះ ក្រៅពីទាក់ទាញភ្ញៀវទេសចរណ៍គឺអាចរក្សាទឹក ដើម្បីស្រោចស្រពកសិផលរបស់ពលរដ្ឋ បង្កើនចំណូលដល់ពលរដ្ឋ ក៏ដូចជាការកាត់បន្ថយការចំណាក់ស្រុករបស់ពលរដ្ឋផងដែរ។
បើតាមការបរិយាយរបស់លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាស់ទឹកទំនប់ជ្រាវ គេរំពឹងថា នឹងមានតំបន់ទាក់ទាញប្រវត្តិសាស្ត្រ ដ៏លេចធ្លោថ្មីមួយទៀត សម្រាប់ខេត្តទេសចរណ៍សៀមរាបអង្គរ៕ប៊ុនរិទ្ធី