កិច្ចប្រជុំគណៈកម្មការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩

0

សៀមរាប÷ នៅចុងសប្តាហ៍នារសៀលថ្ងៃ សុក្រ ទី ២២ ខែ មីនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈកម្មការរៀបចំ ព្រឹត្តការណ៍សៀមរាបសង្រ្កាន្ត ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកសមាជិកាគណៈកម្មការ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ។
បន្ទាប់ពីឯកឧត្តមប្រធាននៃអង្គប្រជុំ បានដាក់នូវរបៀបវារៈនៃកិច្ចប្រជុំរួចមក ក្រុមការងាររបស់សហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត បានធ្វើបទបង្ហាញ អំពីគម្រោងរៀបចំ ភូមិអាហារនៃក្តីស្រឡាញ់ និង រៀបចំការតាំងបង្ហាញពីនូវការត្បាញក្រម៉ា និង ផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរយើង ដើមី្បជាទីកន្លែងបង្កលក្ខណៈជូនដល់ប្រជា ពលរដ្ឋ បានចូលរួមលេងកម្សាន្តសប្បាយ និង ទស្សនានូវការសម្តែងផ្ទាំងទស្សនីភាព សិល្បះរបាំបុរាណខ្មែរ និង ល្បែងប្រជាប្រិយ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៤.១៥.១៦ ខែ មេសា ឆ្នាំ២០១៩នេះ ។ ក្នុងនោះដែរអាជ្ញាធរជាតិអប្សរា ក៏បានលើកផងដែរ អំពីគម្រោងនៃភូមិខ្ញុំ ដែលធ្វើការសាងសង់នៅតាមបែបលំនៅដ្ឋានពីបុរាណកាល ក្នុងការបង្ហាញនូវពីវប្បធម៌ អរីយធម៌របស់ប្រជាជនខ្មែរនាសម័យអង្គរ ។ ម៉្យាងទៀតក៏ជាធ្វើការទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមាននៅក្នុងខេត្តសៀមរាប ។
ក្នុងនោះដែរឯកឧត្តមប្រធានអង្គប្រជុំ ក៏សូមឲ្យគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ លើកនូវគម្រោងរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈ ចូលរួមក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩នេះ ព្រមទាំងសូមឲ្យធ្វើការលម្អិតនូវគម្រោងរបស់ខ្លួន ។ ក្នុងនោះដែរសមាជិកអង្គប្រជុំ ក៏បានធ្វើការពិភាក្សាយ៉ាងផុលផុស ដោយផ្តោតសំខាន់លើចរាចរណ៍ សណ្តាប់ធ្នាប់ នៅជុំវិញ និង ទីកន្លែងប្រារព្ធពិធី ព្រមទាំងការផ្គត់ផ្គង់ ថាមពលអគ្គិសនី ហើយកត្តាសំខាន់នោះ គឺបញ្ហាការប្រើប្រាស់ទឹក នៅពេលក្នុងពិធីស្រងព្រះ ដែលជាថ្ងៃឡើងស័ក្តនោះ ដោយប្រមុខរាជ រដ្ឋាភិបាលបានធ្វើការប្រកាសអាសន្ន នៅពេលខាងមុខ ព្រះរាជាណាចក្រកម្ពុជាយើង តាមតំបន់មួយចំនួន ជួបនូវការខ្វះទឹកប្រើប្រាស់ ហើយក៏ ដើមី្បជៀសវាងនូវរាល់បាតុភាពផ្សេងៗ កើតចេញនៅក្នុងបណ្តាព័ត៌មានសង្គមផងដែរ ។
មានប្រសាសន៍នោះដែរ ឯកឧត្តម ទៀ សីហា សូមឲ្យគ្រប់អនុគណៈកម្មការទាំងអស់ ត្រូវផ្តោតទៅលើភារកិច្ចរបស់ខ្លួន ដែលគណៈ កម្មការបានប្រគល់ភារកិច្ចជូន ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់កិច្ចការដែលនៅសេសសល់ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កិច្ចការទាំងនេះ យើងទទួលបានបទពិសោធន៍ជា៦ឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគ ជ័យទៀតផង ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាចរណ៍ នៅតំបន់គោរពពិធី ទោះបីយើងធានាបានល្អយ៉ាងណា ក៏យើងមិនត្រូវមានមោទនៈភាព និង ការធ្វេសប្រហែស កិច្ចការទាំងនេះឡើយ គឺត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេរឡើង ចំពោះកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធគ្រប់ប្រភេទ ដោយត្រូវមានការចូលរួមពី ប្រជាពលរដ្ឋផងដែរ ។ ម៉្យាងទៀតគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯកជន ដែលមានការពាក់ព័ន្ធ ចំពោះបញ្ហា អនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និង ទីចំណតរថយន្ត គ្រប់ប្រភេទទៀតផង ។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ ឲ្យក្លាយជាព្រឹត្តិការណ៍មួយទៀត បន្តពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ។ ម៉្យាងទៀតក៏បានផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង និងលី្បល្បាញ ភាពដ៏សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បានបន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ។ ឯកឧត្តមក៏បានបន្តទៀតថា នេះជាការបំផុសនូវ គំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ ក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ និង បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបថនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍(រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ) ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ ។ ក្នុងនោះឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះការផ្គត់ផ្គង់ថាមពល អគ្គិសនី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺត្រូវត្រៀមឲ្យបាននូវគ្រប់លក្ខណៈ ក្នុងពេលមានបញ្ហាការដាច់នូវចរន្តអគ្គិសនី នៅក្នុងពិធី។ ឯកឧត្តមក៏បានឲ្យដឹងទៀតថា នៅមុនពេលប្រារព្ធពិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត និង មានរៀចំធ្វើពិធីក្រុងពាលី បួងសួងសុំនូវសេចក្តីសុខសប្បាយ ក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ទៅតាមបែបព្រះពុទ្ធ សាសនា ។

ឯកឧត្តមបន្តទៀតថា ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំ២០១៩នេះ នឹងដំណើរការទៅតាមកម្មវិធីដែលបានព្រៀងទុក ហើយចំពោះការស្រង់ ព្រះនោះ គឺប្រព្រឹត្តធ្វើទៅតាមក្បួនច្បាប់ ប្រពៃណី សាសនាតាំងពីបុរាណកាលតរៀងមកផងដែរ ។ ព្រមទាំងត្រូវរៀបចំទីកន្លែងកម្សាន្តជូន ដល់ប្រជាពលរដ្ឋ និង យុវជន កុមារាកុមារី បានចូលលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយើងនេះ ។ ក្នុងនោះដែរឯកឧត្តមក៏បានដាក់នូវ បទបញ្ជាដល់ ក្រុមការងារសាលាខេត្តសៀមរាប ធ្វើការរៀបចំលម្អរភ្លើង តាមដងផ្លូវ ដើមី្បរំលេចនូវសោភណ្ឌភាពសម្រស់បៃតង នៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ជាសំខាន់នូវក្នុងឱកាសព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឆ្នាំ២០១៩ ដែលនឹងចូលមកដល់ពេលខែខាងមុខនេះ ៕