អាជ្ញាធរឃុំខ្វាវដឹកនាំមន្រ្តីរាជការចុះសំអាតបរិស្ថានដើម្បីត្រៀមទទួលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

0

សៀមរាប៖  ក្រោមការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរឃុំខ្វាវ បានដឹកនាំមន្រ្តីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ឲ្យចូលរួមសំអាតបរិស្ថាននៅក្នុងភូមិសាស្រ្តសំខាន់ ដែលជាទីប្រជុំជន ជាពិសេសតំបន់ទេសចរណ៍ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩ ដើម្បីត្រៀមទទួលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។

ដោយឡែកនៅក្នុងឃុំខ្វាវ គឺជាឃុំមួយស្ថិតនៅតំបន់ដាច់ស្រយាលពីទីរួមខេត្តសៀមរាប  ជាងមួយរយគ.ម មានប្រជាពលរដ្ឋជាច្រើនប្រកបមុខរបរ ពីការកសិកម្ម និង ចំការ មានរមណីយដ្ឋានមួយ ដែលមានឈ្មោះ ថាទំនប់ខ្សាក មានទឹកថ្លាយង់ ប្រជាពលរដ្ឋជិតឆ្ងាយ បាននាំគ្នាមកកំស្សាន្តនៅទំបន់ក្សាកនេះដែលជាប្រភព ចំណូលមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកគង់ ផល្លាមេឃុំខ្វាវ បានឲ្យដឹងថា ការសំអាតបរិស្ថាន ត្រូវបានណែនាំមហាជន នាំគ្នាសំអាតនៅចំនុចសំខាន់ៗ ដែលជាការរំពឹងទុកថានិងមាន ប្រជាពលរដ្ឋមកលេងល្បែងប្រជាប្រិយកំម្សាន្ត ដូចជាវត្តអារាម សាលារៀន មន្ទីរពេទ្យ ទីប្រជុំជន និងតាមដងផ្លូវសាធារណៈ  និងតំបន់រមណីយដ្ឋានទេសចរណ៍  ដែលមានការចូលរួមយ៉ាងផុសផុល ពីប្រជាពលរដ្ឋ ស្រមតាមការណែនាំចង្អុលបង្ហាញរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តោតលើ ទីក្រុងស្អាត សេវាកម្មល្អ មានអានាម័យល្អ ។

លោកគង់ ផល្លា  មេឃុំខ្វាវបានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះមន្រ្តីបរិស្ថាន ដែលតែងតែផ្តល់នូវ កិច្ចសហការ ជម្រុញឲ្យប្រជាពលរដ្ឋ ស្រឡាញ់បរិស្ថាន រស់នៅផ្សាភ្ជាប់នូវបរិស្ថាន ដែលជាទ្វារនាំមកនូវ សុខភាពល្អ និងបានអំពាវនាវឲ្យ កងកម្លាំងទាំង៣ប្រភេទ លះបង់ទាំងកម្លាំងចិត្តកាយ ជួយការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកដើរលេងកំសាន្ត ក្នុងភូមិសាស្រ្ត នៅក្នុងឃុំខ្វាវ ។

( ដោយ ព្រំ សុខា)។