សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តយាងថ្វាយព្រះភ្លើងប្រគេនដល់ព្រះសពអទិទមេគណខេត្តសៀមរាប

0

សៀមរាប៖ ពព្រះសុមង្គលសិលាចារ្យឥន្ទកេសរោ បណ្ឌិត ពេជ្រ សន អតីតព្រះមេគណខេត្ត ដែលបានទទួលអនិច្ចធម៌ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ក្នុងព្រះជន្មាយុ៨២ព្រះវស្សា ដោយព្រះរាគាពាធ ។ អស់រយៈពេលជាង៣ឆ្នាំ បានតំកល់ព្រះសពព្រះអង្គត្រូវបានតំកល់ទុកទៅតាមលំអានប្រពៃណីព្រះពុទ្ឋសាសនា ហើយត្រូវបាន រៀបចំពិធីរំកិលព្រះសព ដង្ហែរ តាមដងវិថីនានា នៅក្នុងក្រុងសៀមរាបនិងដង្ហែរមកតំកល់លើជើងថ្ករព្រះមេរុ ក្នុងវត្តព្រះឥន្ទកោសីយ៍ រយៈពេល៦យប់ ៧ថ្ងៃនិងបានរៀបចំពិធីបូជាព្រះសពកាល ពីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩ ក្រោមព្រះវត្តមានព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា រួមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ព្រះមេគណខេត្ត ព្រះអនុគណក្រុង ស្រុក និង ព្រះថេរ៉ាព្រះថេរះ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទី និង មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនខេត្ត សិស្ស និសិ្សត គរុសិស្ស បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ យ៉ាងច្រើនផងដែរ ។ ដែលបានចូលរួមក្នុងពិធីដង្ហែព្រះសពព្រះសុមង្គលសិលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន អតីតព្រះមេគណខេត្ត ក្នុងសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ អាឡោះអាល័យ វិយោគសោកសៅឥតឧបមា ពីការបាត់បង់នូវបុគ្គលដែលជាទីគោរពស្រឡាញ់ ដែលត្រូវជាព្រះគ្រូគុណ ព្រះគ្រូឧបជ្ឈាយ៍ និង ចំពោះពុទ្ធបរិស័ទផងដែរ ។
បន្ទាប់ពីការនិមន្តអាននូវវិយោគថា នៃជីវប្រវត្តិរបស់ព្រះសុមង្គលសិលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន ព្រះមេគណខេត្ត ព្រះអង្គបានកសាងសមទ្ធិផលជាច្រើនក្នុងទីវត្តព្រះឥន្ទកោសីយ៍ និង សមទ្ធិផលធំៗ ទុកជាសម្បត្តិសាធារណៈ ក្នុងការបម្រើដល់ផលប្រយោជន៍ជាតិមាតុភូមិ ។ ព្រះអង្គក្នុងនាមជាអគ្គមគ្គុទ្ទេស ព្រះអង្គបានបំពេញភារកិច្ច ដើមី្បជូនមាតុប្រទេសរបស់ខ្លួន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយបានកសាងនូវសមទ្ធិផលធំៗជាច្រើននៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក្នុងការលើកស្ទួយនូវប្រពៃណី ទំនៀមទំលាប់ វប្បធម៌ ដោយមិនបានពុំគិតនូវពីផលប្រយោជន៍បុគ្គលរបស់ខ្លួនឡើយ ។
ថ្លែងក្នុងពិធីបុណ្យបូជាព្រះសព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានសម្តែងនូវ ក្តីសោកស្តាយ ចំពោះការបាត់បង់ព្រះសព ព្រះ អតីតព្រះមេគណខេត្តសៀមរាប ពិតជាបានធ្វើឱ្យមន្ត្រីរាជការ សិស្សគណ និងពុទ្ធបរិស័ទមានសេចក្តីទុក្ខសោកសង្រេងជាពន់ពេកទោះជាព្រះសុមង្គលសិលាចារ្យបណ្ឌិត ពេជ្រ សន បានសុគតលាចាកលោកទៅក៏ពិតមែន តែគុណធម៌ និងកេរ្តិ៍ឈ្មោះ កិត្តិយស ដែលកើតពីអំពើល្អរបស់ព្រះអង្គនៅតែដក់ជាប់ក្នុងដួងចិត្តយើងទាំងឡាយ គ្មានថ្ងៃសាបសូន្យឡើយ។ សមដូចពុទ្ធភាសិតថា រូបកាយនៃសត្វលោកអាចវិនាសសាបសូន្យទៅបាន តែនាម និងគោត្តនាម ពោលគឺកេរ្តិ៍ឈ្មោះ កិត្តិយសដែលបានសាងហើយ មិនសាបសូន្យឡើយ គឺតែងស្ថិតនៅលើលោកនេះជានិច្ច ។ឯកឧត្តម មានប្រសាសន៍ថា៖យើងខ្ញុំទាំងអស់គ្នា សោកស្តាយជាទីបំផុតចំពោះការបាត់បង់ព្រះសុមង្គលសិលាចារ្យបណ្ឌិត ពេជ្រ សន ដែលជាព្រះបិតាសង្ឃខេត្តដ៏ឧត្តុង្គឧត្តមក្នុងការបំពេញតួនាទីជាព្រះមេគណខេត្តតំណាងឱ្យព្រះសង្ឃក្នុងខេត្តសៀមរាប កាលលោកនៅមានព្រះជន្ម ព្រះអង្គបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ មានដូចជា កសាងកុដិ សាលាឆាន់ សាលាធម្មសភា សាលាឆទាន ព្រះវិហារ ស្រះទឹក អណ្តូងទឹក ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ។ល។ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។
មានព្រះថេរៈដិកា ក្នុងឱកាសនោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានផ្តល់នូវព្រះឱវាទប្រគេនជូនដល់អ្នកចូលរួមក្នុងពិធីដើម្បីយកទៅអនុវត្តន៍និងប្រតិបត្តិតាមក្នុងការអប់រំបុត្រធីតាជាពិសេសអប់រំខ្លួនឯងផ្ទាល់ស្របទៅតាមគន្លងឱវាទព្រះពុទ្ឋបរមគ្រូនៃយើង។សម្តេចព្រះមហាសង្ឃរាជមានព្រះរាជបន្ទូលដាស់តឿនឱ្យប្រជាពុទ្ឋបរិស័ទទាំងអស់ពិចារណាដោយដើរតាមផ្លូវមជ្ឈមាតាមឱវាទព្រពុទ្ឋជាម្ចាស់ គឺផ្លូវកណ្តាល ពោលគឺនៅត្រង់ណាត្រូវស្អាតត្រង់នោះ ដោយការសំអាតកាយវាចារចិត្ត និងស្អាតឥរិយាបទទាំងបួន ដេកដើរឈរអង្គុយក៍ត្រូវការដុសខាតសំអាតឱ្យបានជាប្រចាំផងដែរ ព្រមទាំងការអាស្រ័យនូវគ្រឿងអាហារបរិភោគ រកទទួលទានប្រចាំថ្ងៃក៍ត្រូវពិចារណាឱ្យបានសមរម្យតាមការគួរ ជាពិសេសត្រូវប្រតិបត្តិឱ្យបានខ្ជាប់នូវនិច្ចសិល ។
បន្តមកសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បាននិមន្តប្រទានថ្វាយព្រះភ្លើងរំលាយព្រះសពព្រះសុមង្គល សិលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន ជាកិច្ចចុងក្រោយ និង ឧទិ្ទសកុសលផលបុណ្យ ថ្វាយជូនព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បាននិមន្តទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕