ប្រជុំថ្នាក់ដឹកនាំគ្រប់កងឯកភាពត្រៀមការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ  

0

កំពង់ធំ៖ កិច្ចប្រជុំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានចូលរួមគ្រប់កងឯកភាព ដែលមានសមាជិកចូលរួមចំនួន៩៥នាក់ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំ ក្នុងគោលបំណង ផ្តោតលើ ការប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីសហការជា មួយអាជ្ញាធរ និងកងកម្លាំង ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ   ដោយជម្រុញឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវផែនការនិងភារកិច្ច សហការការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីសំបូរសង្គ្រានព្រៃគុក ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ឲ្យទទួល បានជោគជ័យ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រុញឲ្យ កងកម្លាំងចូលរួមចំណែក សហការការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត និងការពារតំបន់រមណីយដ្ឋាន ,ទីវត្តអារាម,កន្លែងសប្បាយ និងត្រូវត្រៀមកម្លាំងប្រចាំបញ្ជា, កម្លាំងអន្តរាគមន៍, រថយន្តត្រៀមដឹកជញ្ជូនទឹកស្អាត ពីអង្គភាពរដ្ឋករទឹកខេត្តផ្តល់ ជូន ប្រជាជនដែលខ្វះខាតទឹកប្រើប្រាស់  រថយន្តសង្គ្រោះបន្ទាន់ ត្រូវត្រៀមជួយដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ដូចជា អគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះធម្មជាតិ ឲ្យទាន់ពេលវេលា ជាពិសេសដឹកជញ្ជូនប្រជាពលរដ្ឋដែលមានជម្ងឺ ឬរបួសទៅកាន់មន្ទីរពេទ្យនានាដោយឥតគិតថ្លៃ ក្នុងនោះមេបញ្ជាការគ្រប់កងឯកភាព បានប្ដេជ្ញាចិត្ត បម្រើប្រជាជនការពារប្រជាជន ឲ្យទទួលបានសុខសុវត្ថិភាព និងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានការកោតសរសើរ ថ្នាក់ដឹកនាំទាំងអស់ ដែលបានប្ដេជ្ញាចិត្តក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ ហើយបាន សំណូមពរដល់ថ្នាក់ដឹកនាំទាំអស់  និងយោធិនគ្រប់រូបត្រូវទទួលខុសត្រូវខ្ពស់លើភារកិច្ចដែលបានប្រគល់  និងចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់  និងទទួលបានជោគជ័យ ។

ដោយ  ប៊ុន រដ្ឋា