លោក ចាន់ តារា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោកហួន វ៉ាននិត

0

កំពង់ធំ៖  រដ្ឋបាលសាលាខេត្តកំពង់ធំ បានប្រកាសលោក ចាន់ តារា អតីតអភិបាលរងខេត្តកំពង់ស្ពឺ ក្រោយពីបានបញ្ចប់អណត្តិនៃការងារ ត្រូវបានរាជរដ្ឋាភិបាល ផ្លាស់មកទទួលតំណែងជា អភិបាលរងខេត្តកំពង់ធំ ជំនួសលោក ហួន វ៉ាន់និត អតីតអភិបាលរងខេត្តកំពង់ធំ និងត្រូវផ្លាស់ទៅបំពេញការងារជា អភិបាលរងខេត្តឧត្តមានជ័យ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ស្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានអញ្ជើញជាប្រធានគណអធិបតី ក្នុងពិធីប្រកាសអភិបាលរងខេត្តកំពង់ធំ អមដោយអ្នកមុខ អ្នកការប្រតិភូអមដំណើរ និងអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង ប្រធានមន្ទីរគ្រប់ស្ថាប័នចូលរួមជាង២០០នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

បន្ទាប់ពី លោក អ៊ួង ចន្ទី ប្រធានអគ្គនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការរួចមក លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ ដែលទើបតែទទួលតំណែងថ្មី បានប្តេជ្ញាចិត្ត ទី១ចូលរួមអនុវត្តនូវយុទ្ធសាស្រ្តចតុកោណ ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ទី២ គោរពនិងអនុវត្ត យ៉ាងម៉ឺងម៉ាត់តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ខណ្ទ ទី៣ គោរពរាល់តួនាទីភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណអភិបាលខេត្ត ទី៤ ត្រៀមខ្លួនជាស្រេចយកអស់នូវកំលាំងកាយចិត្ត យកចំណេះដឹងបទពិសោធន៍ បំពេញការងារឲ្យអស់ពីសមត្ថភាព និងគោរពតាមការដឹកនាំគ្រប់គ្រង ពីសំណាក់ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញភារកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ទី៥ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនង់គ្រប់ស្ថាប័នឲ្យបានល្អប្រសើរ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ស្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួម​ទាំងប្រតិភូអមដំណើរ និងបានបញ្ជាក់ពីភូមិសាស្រ្ត និងសក្តានុពលក្នុងខេត្តកំពង់ធំ ជូនដល់គណៈអធិបតីនៅក្នុងអង្គ ពិធីជ្រាបរួមមក ក៏បានបញ្ជាក់ពីការអនុវត្តតាមដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលរួមចំណែកយ៉ាងសកម្ម សហការជាមួយស្ថាប័នពាក់ព័ន្ឋ គ្រប់គ្រងថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្រ្កាបបទល្មើសផ្សេងៗធ្វើឲ្យមានការថយចុះ រីឯបទល្មើសនេសាទ និងការរុករាន្ទដីព្រៃលិចទឹក រដ្ឋបាលសាលាខេត្តកំពង់ធំ បានមានវិធានការក្តៅ ចាប់បង្រ្កាបគ្រឿងចក្រជាច្រើនគ្រឿង ដែលបានលបលួច ធ្វើសកម្មភាព ឈូសឆាយដីព្រៃលិចទឹកទាំងពេលថ្ងៃ និងលួចធ្វើពេលយប់ និងបន្តស៊ើបអង្កេតរកមេក្លោងនៅពីក្រោយ​ខ្នង ដើម្បីយកមកទទួលទោសតាមផ្លូវច្បាប់ ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែល បានដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋ បានខិត​ខំប្រឹងប្រែងធានាបាននូវស្ថេភាព សន្តិសុខសណ្តាប់ធ្នាប់ បានអនុវត្តសម្រេចការងារទទួលបានជោគជ័យជាច្រើន កន្លងមកនេះ និងបានផ្តាំផ្ញើរដល់មន្ទីរ ស្ថាប័ន និងអង្គភាពទាំងអស់ មិនត្រូវជឿលើការញុះញុង បំផុសបំផុលដែលជា ទង្វើខុសច្បាប់ របស់ក្រុមអគតិមួយចំនួននោះទេ ដោយសារពួកគាត់នេះនៅតែចិញ្ចឹមចិត្តធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងច្របូកច្របល់ និងសុំឲ្យអាជ្ញាធរខេត្ត ជួយផ្សព្វផ្សាយបន្តទៀត នូវការចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវចូលរួម ទាំងអស់គ្នា តែបើសិនជាមិនចូលរួមទេ ប្រទេសយើងសុខសន្តិភាព មិនមានស្លាប់ដោយសារសង្រ្គាមទេ មិនរបួសដោយសារច្បាំងសត្រូវទេ តែស្លាប់ និងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តកំពង់ធំ ត្រូវខិតខំលើក កម្ពស់ការបំរើសេវាកម្មសាធារណៈ និងការដោះស្រាយសំណើរ សំណូមពរ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន អាជ្ញាធរដែនដីត្រូវបន្ទន់ឥរិយាបទ ការអនុវត្តតួនាទី ការបំរើប្រជាពលរដ្ឋ មិនត្រូវធ្វើការរើសរអើងនិងបែងចែក ប្រកាន់បក្ខពួកគ្រួសារនិយម និងនាន្និការនយោបាយនោះឡើយ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ឃុំសង្កាត់ និងទទួលបានថវិកាឧបត្ថម្ភ សម្រាប់ការអភិវឌ្ឍន៍ឃុំសង្កាត់ចាប់ពី ៧ ម៉ឺនដុល្លាឡើងទៅក្នុងមួយឆ្នាំ គឺជាថវិកាដែល រដ្ឋាភិបាលផ្ទេរឲ្យទៅ ឃុំ សង្កាត់ដើម្បីអភិវឌ្ឍន៍ ចំណែកឃុំសង្កាត់ ដែលធំ និងអាចទទួលបានថវិការសម្រាប់អភិវឌ្ឍន៍ កាន់តែច្រើនឡើង ដូច្នេះមេឃុំ និងចៅសង្កាត់ត្រូវសិក្សាស្វែងយល់ ការចំណាយលើការអភិវឌ្ឍន៍អ្វីខ្លះ ដើម្បីបំរើប្រយោជន៍សាធារណៈរបស់ខ្លួន និងបំរើប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួន។  ដោយ  ប៊ុន  រដ្ឋា