សហរដ្ឋអាមេរិក ផ្តល់ថវិកាដល់គម្រោងភាពជាដៃគូនៃចីរភាពធនធានទឹកក្នុងតំបន់ជម្រាលស្ទឹងជីនិតខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ដើម្បីលើកកម្ពស់ ការទទួលបានសន្តិសុខទឹក របស់ប្រជាពលរដ្ឋ រស់នៅទីជម្រាលស្ទឹងជីនិត ដែលជាស្ទឹងដែលមានសារៈសំខាន់បំផុត សម្រាប់គាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទើបរដ្ឋបាលសាលាខេត្តកំពង់ធំ បានរៀបចំ ប្រជុំលើកដំបូងគណៈកម្មការគ្រប់គ្រងអាងទឹកស្តឹងជីនិត ក្នុងខេត្តកំពង់ធំ ដែលមានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជាប្រធានគណអធិបតី មានការអញ្ជើញចូលរួមពីភ្ញៀវអន្តរជាតិ និងគណកម្មការជាច្រើនរូប នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានកោតសរសើរ ចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ( USAID ) ដែលបានផ្តល់ថវិកាដល់គម្រោងភាពជាដៃគូរធនធានទឹកក្នុងតំបន់ស្ទឹងជីនិត និងបានផ្តាំផ្ញើរដល់លោក លោកស្រី ដែលជាគណកម្មការគ្រប់គ្រង់អាងទឹកស្ទឹងជីនិតទាំងអស់ យកចិត្តទុកដាក់ឲ្យបានខ្ពស់ ចូលរួមពិភាគក្សាឲ្យបានផុសផុល ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប្រកប​ដោយផ្លែផ្កា ដើម្បីលើកកម្ពស់សន្តិសុខទឹកក្នុងតំបន់ជម្រាលស្ទឹងជីនិត នៃខេត្តកំពង់ធំ ឲ្យបានកាន់តែប្រសើឡើង នាពេលអនាគត់ ។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យមានការចូលរួមពីសំណាក់ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាទឹក ប្រកបដោយអានាម័យ ចៀសវាងបងប្អូនប្រជាពលរដ្ឋនៅខ្សែទឹកក្រោម ប្រើប្រាស់ទឹកហើយ បណ្តាលឲ្យពុលស្លាប់ ឬខូចសុខភាពហើយទើបបានទៅដោះស្រាយឲ្យគេ ដោយគម្រោងនេះពិតជាល្អ ដើម្បីបញ្ជាសនូវ​បញ្ហាហានិភ័យទាំងឡាយដែលកើតមានឡើង ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមគាំទ្រយ៉ាងខ្លាំង នូវការអនុវត្តភាពគម្រោងភាពជាដៃគូរនៃ ស្ថេរភាពធនធានទឹក ក្នុងតំបន់ទីជម្រាលស្ទឹងជីនិត នៃអាងទន្លេសាប និងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ ការសម្របសម្រួល និងសហការយ៉ាងពេញលេញ ដើម្បីបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ប្រកបដោយជោគជ័យ ដែលជាផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ ។

គោលបំណងនៃការរៀបចំគណកម្មការ គ្រប់គ្រងអាងទឹកស្តឹងជីនិត ក្នុងខេត្តកំពង់ធំ គឺក្នុងគោលដៅ ទី១ ផ្តល់សន្តិសុខទឹកដែលមានសារៈសំខាន់សម្រាប់ជីវិត គឺផ្តល់សុខភាពសាធារណៈ បរិភោគទឹកស្អាត និងមានអនាម័យគឺជាតម្រូវការចម្បងបំផុតសម្រាប់មនុស្សជាតិ ទី២ ការបង្កើតប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ពឹងផ្អែកយ៉ាងខ្លាំងទៅលើការទទួលបានទឹកគ្រប់គ្រាន់សម្រាប់ការងារកសកម្ម ទី៣ មាននិរន្តរភាពបរិស្ថាន នៃលំហូរទឹកធម្មជាតិ មិនប៉ះពាល់ដល់សុខភាពប្រជា ពលរដ្ឋប្រចាំថ្ងៃ និងកាត់បន្ថយគ្រោះមហន្តរាយ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងសាយភាពជាតិពុល ដែលអាចបង្ករឲ្យគ្រោះមហន្តរាយដល់អាយុជីវិត ដែលវាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចមូលដ្ឋាន។  ដោយ  ប៊ុន  រដ្ឋា