ឧត្តមសេនីយ៍ទោសោម ស៊ុនប្រគល់បន្ទប់ទឹកជួសជុលរួចចំនួន០២កៅអីថ្ម៥និងដាំកូនឈើនៅសាលាបឋមសិក្សាកំពង់ធំក្រុង

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បន្ទប់ទឹកចំនួន០២ ខ្នង កៅអីថ្មវែងចំនួន៥ និង កូនឈើចំនួន ២០០ដើម ជូនសាលាបឋមសិក្សាកំពង់ធំក្រុង ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
ពិធីប្រគល់នេះ មានការអញ្ជើញចូលរួម ពីលោកអភិបាលរងក្រុងស្ទឹងសែន លោកប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងស្ទឹងសែន លោកចៅសង្កាត់កំពង់ធំ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សប្រមាណជាង ២០០នាក់ និងបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន សាខាខេត្តកំពង់ធំចំនួន ៣០នាក់ កម្លាំងK៧២ ចំនួន ២០នាក់ និងនាយទាហាននាយទាហានរង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ៧៥នាក់។
លោកអ៊ុន ថាមវ័ន្ត នាយកសាលាបឋមសិក្សាកំពង់ធំក្រុង បានសម្តែងនូវការអគុណ ចំពោះការជួយជ្រោម ជ្រែងយកចិត្តទុកដាក់ និងការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមបច្ចេកទេសK៧២ ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រៅពីកិច្ចសហការជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម លើទឹកដីខេត្តកំពង់ធំ ក៏បានជួយ ដល់ជួសជុល កែលំអរ សោភ័ណភាព សាលាបឋមសិក្សាកំពង់ធំក្រុង ឲ្យទទួលបានភាពរីកចម្រើន ដែល ជាកន្លែងថ្នាលបណ្តុះបណ្តាលចំណេះវិជ្ជាដល់ក្មេងរបស់កម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោមស៊ុន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តកំពង់ធំ បានមានប្រសាសន៍ថា ទីតាំងសាលានេះ ក្នុងអំឡុងប្រទេសមានសង្គ្រាមជាទីកន្លែងសមរភូមិប្រយុទ្ធ ក្នុងនោះបានជីករក ឃើញ អដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្ត វៀតណាម តាំង ពី ឆ្នាំ២០០៣ មក ដល់ ឆ្នាំ ២០១៩នេះ បានចំនួន៨៧អដ្ឋិធាតុ ដូច្នេះជាការតបស្នងនូវកិច្ចសហការល្អរបស់កម្លាំងK72 និងក្រុមហ៊ុនមិត្តហ្វូនខេត្តកំពង់ធំ ជួយជួសជុលបន្ទប់ទឹកចំនួន០២ ប្រគល់កៅអីថ្មវែងចំនួន៥ និង ដាំ ដើម ឈើ ជូនសាលាដើម្បីជាចំណងមេត្រីភាព និងទុកជាប្រយោជន៍របស់សាលាផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនេះ គឺតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរលើផ្នែកមនុស្សធម៌ ដើម្បី ធ្វើ មាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត នៅលើទឹកដីកម្ពុជាទៅកាន់ប្រទេសកំណើតវិញ ។
បន្ទាប់ពីបានសំណេះសំណាលរួច កងកម្លាំងតំបន់ប្រតិបត្តិការសឹក រួមជាមួយកម្លាំងK72 បុគ្គលិកក្រុមហ៊ុនមិត្តហ្វូន លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស បានចូលរួមដាំកូនឈើនៅក្នុងបរិវេណសាលា ទុកជាអនុស្សាវរីយ៍ និងបានសំអាតបរិស្ថានធ្វើអនាម័យនៅក្នុងបរិវេណសាលា ក្នុងស្មារតីសាមគ្គី និងមិត្តភាព។
ដោយ ប៊ុន រដ្ឋា