សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ 

0

 ក្រចេះ៖   អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភា ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាក្រុងក្រុងក្រចេះ ។

យោងតាមរបាយការណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តបានអោយដឹងថា អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះមានទំហំ៦គុណ១០មែត្រការ៉េត្រូវបានសង់សង់រួចរាល់ដែលចំណាយថវិការសរុបអស់ចំនួន ២៣.៧៨០ដុល្លាអាមេរិក ក្នុងនោះជាថវិការរបស់លោក ស្រេង ស្រស់ និងលោកស្រី ជាង សុខហួយ ចំនួន៥.០០០ដុល្លាបន្ថែមផងដែរ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន ប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្តក្រចេះ បានឲ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជាដ៏ថ្មីស្រឡាង គឺជាសមិទ្ធិផលទី៥ នៃសាខាកាកបាទក្រហមកម្ពុជា ទាំង៦ក្រុងស្រុករបស់ខេត្តក្រចេះ គឺដើម្បីពន្លឿនក្នុងកិច្ចប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របនឹងបាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យកាន់តែឆ្ងាយជាងមុន» ជាយុទ្ធសាស្រ្តរបស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនៈវិស័យ៖ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ។

ឯកឧត្តមបន្តថា៖ សាខាកាកបាទក្រហម បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្សនិងគោរពទៅតាមគោលការណ៍ទាំង៧ចំណុចផងដែរ ។

ឯកឧត្តម ក៍បានបំពាក់ជូននូវឯកសណ្ឋានដល់យុវជនកាកបាទក្រហមទៅតាមក្រុងស្រុកនីមួយៗក្នុងខេត្តក្រចេះ លើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ត្រូវបន្តរចូលរួមកិច្ចសង្គមនិងមនុស្សធម៌ ។ ជាមួយគ្នានោះឯកឧត្តមក៏បានជម្រុញអោយមន្ត្រីនៅតាមអនុសាខាទាំងអស់ ចាត់ចែងធ្វើយ៉ាងណា ទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួនអោយបាន ដើម្បីជួយសម្រួលនិងសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនៅតាមមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយអំពីកាកបាទក្រហម ដល់ប្រជាពលរដ្ឋឲ្យបានដឹងកាន់តែច្បាស់នៅតាមគ្រប់មូលដ្ឋាន ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែង ។  ដោយ ម៉េង គាង