កាកបាទក្រហមខេត្តព្រះវិហារ ទទួលបានថវិកាជាង១២ម៉ឺនដុល្លា ពីសប្បុរជន ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម 

0

ព្រះវិហារ: សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទទួលបានថវិកាពីសប្បុរជនប្រមាណជាង១២ម៉ឺន៧០០០ដុល្លា ពីសប្បុរជន នៅក្នុងពិធីអបអរសារទរមីទ្ទីញខួបលើកទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ«ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»។

ពិធីនេះបានប្រារព្ធធ្វើឡើង ក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ដោយមានការអញ្ជេីញចូលរួមពីសំណាក់់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន កិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធាន កិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ចឹក ហេង ប្រធាន សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រី រាជការ ក្នុងខេត្តចូលរួមយ៉ាងច្រើនកោះករ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ថ្លែងថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យ មនោសញ្ចេតនា និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លើវិស័យមនុស្សធម៌ ដែលអានដោយ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា អង្គមីទ្ទីញអបអរសារទរខួបលើកទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ«ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»បានរំលេចឡើងអំពីភាពចាំបាច់ និងគុណតម្លៃ នៃការចូលរួម ការបរិច្ចាគ របស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាមួយនឹងកាកបាទក្រហមកម្ពុជា។

ដើម្បីបុព្វហេតុមនុស្សធម៌នៅកម្ពុជា ក្នុងការជួយផ្តល់នូវសេចក្តីសង្ឃឹមឡើងវិញ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលកំពុងត្រូវការជំនួយ និងការគាំទ្រមិនអាចខ្វះបានពីយើងទាំងអស់គ្នា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពន្លឿនដល់ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាជនយើង៕សួនលីណា