សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ប្រមូលថវិកាបានពីសប្បុរសជន បានជិត៧ម៉ឺនដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់វិស័យមនុស្សធម៌ នៅកម្ពុជា !

0

ខេត្តរតនគិរី៖ ថវិកាទាំងជិត៧ម៉ឺនដុល្លារនេះ គឺបានមកពីការចូលរួមបរិច្ចាគ របស់សប្បុ រសជននានា ដើម្បីទ្រទ្រង់ដល់វិស័យមនុស្សធម៌។ ហើយនៅថ្ងៃទី១០ឧសភានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំប្រារព្ធ ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»។
ពិធីបានប្រព្រឹត្តទៅ នៅសាលមហោស្រព «សម្តេចតេជោ ហ៊ុនសែន» ក្រោមអធិបតីភាព ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា លោក មួង ប៉យ នៅក្នុងការបង្ហាញវត្តមានពី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ណាប់ ប៊ុនហេង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ថង សាវុន រួមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា និងសមាជិក សមាជិកា សាខា-អនុសាខាកាកបាទក្រហម ក្រុង ស្រុក សិស្ស និស្សិត យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធ និងសប្បុរសជនប្រមាណ ជាង៤០០នាក់។
ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ថង សាវុន បានអានសេចក្ដីថ្លែងការ របស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងអង្គមិទ្ទីង អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០១៩ ផ្ញើជូនសប្បុរសជន និងជនរួមជាតិ ដែលតែងបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយទ្រទ្រង់លើវិស័យមនុស្សធម៌នៅកម្ពុជា។ លោកថា សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅក្នុងអង្គមិទ្ទីង អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា២០១៩ ដែលបានធ្វើឡើងនៅក្នុងថ្ងៃនេះ គឺសាខាកាកបាទក្រហមខេត្ត ប្រមូលបានថវិកាពីសប្បុរសជន ទាំងនៅទីជិត និងនៅទីឆ្ងាយ បានចំនួន ៦ម៉ឺន ៨ពាន់ ៦៨០,៤៦ដុល្លារអាមេរិក។
ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា លោក មួង ប៉យ បានមានប្រសាសន៍ថា ទិវាពិភពលោក កាកបាទក្រហម-អឌ្ឍចន្ទក្រហម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ចលនាអន្តរជាតិ កាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្នុងគោលបំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ និងការយកចិត្តទុកដាក់លើការព្រួយបារម្ភ ចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដែលត្រូវការឲ្យជួយសង្រ្គោះ ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម-អឌ្ឍចន្ទក្រហម រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ លោក មួង ប៉យ បានចាត់ទុកការចូលរួមពីសំណាក់ សមាជិក សមាជិកា និងសប្បុរសជន នាពេលនេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញ ពីការគាំទ្រយ៉ាងពេញទំហឹង ដល់កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាង ពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ របស់ចលនា និងការអភិវឌ្ឍសហគមន៍។ លោកបានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសប្បុរសជន ដែលតែងបានចូលរួមផ្ដល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដល់សាខាកាកបាទក្រហមខេត្ត រតនគិរី និងក៏បានអំពាវនាវ ដល់សប្បុរសជន បន្តការគាំទ្រឲ្យកាន់តែផុលផុសថែមទៀត ដើម្បីការធានាបាន នូវការផ្គត់ផ្គង់ផ្នែកធនធានហិរញ្ញវត្ថុ ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ប្រតិបត្តការមនុស្សធម៌ និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសេចក្ដីត្រូវការរបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុត ដែលត្រូវការជំនួយជាចាំបាច់៕