មន្រ្តីកាំកុងត្រូលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញនៅផ្សារកោះញែក

0

មណ្ឌលគិរី៖ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ឱ្យមានការយល់ដឹងកាន់តែច្បាស់ពីគុណភាព សុវត្ថិភាពចំណីអាហារ លោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅផ្សារកោះញែក និងអប់រំផ្សព្វផ្សាយពីគុណភាព សុវត្ថិភាព ចំណីអាហារនៅសាលាបឋមសិក្សាហ៊ុនសែន កោះញែក ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

លោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំណីអាហារដែលដាក់តាំងលក់ក្នុងផ្សារកោះញែក ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីគុណភាព សុវត្ថិភាពចំណីអាហារ។ ក្នុងការចុះពិនិត្យនោះដែរ មន្រ្តីជំនាញ បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់បូរ៉ាក់(Borax) និងសូឌីហ្យូម ហ៊ីដ្រូសូហ្វីត(Sodium Hydrosolfie) លើមុខទំនិញ នំបញ្ចុក សរសៃគុយទាវ ត្រីងៀត ប្រហិតសាច់គោ សាច់មាន់ ប្រហិតត្រី និងបន្លែគ្រប់មុខ ជាលទ្ធផលគ្មានសារធាតុហាមឃាត់នោះទេ។ បន្ទាប់មក មន្រ្តីជំនាញ បានចុះអប់រំផ្សព្វផ្សាយពីគុណភាព សុវត្ថិភាព ម្ហូបអាហារដល់សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ និងអាជីវករដែលលក់ដូរក្នុងបរិវេណសាលាបឋមសិក្សាហ៊ុនសែនកោះញែកផងដែរ។ លោកអនុប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការណែនាំដល់អាជីវករទាំងអស់ មុននឹងយកទំនិញមកលក់ ត្រូវធ្វើការពិនិត្យពីគុណភាពឱ្យបានច្បាស់លាស់ជាមុនសិន ហើយត្រូវជៀសវាង បន្ថែមសារធាតុគីមីទៅលើផលិតផលម្ហូបអាហារ និងទំនិញប្រើប្រាស់។ ម្យ៉ាងទៀត មន្រ្តីជំនាញ បានអប់រំណែនាំដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ត្រូវផ្សព្វផ្សាយបន្ថែមដល់សិស្សានុសិស្សដទៃទៀត ឲ្យមានយល់ដឹងពីគុណភាព សុវត្ថិភាពចំណីអាហារ និងបានចែករូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ស្តីពី (សូមពិចារណាមុននឹង ជ្រើសរើស ផលិតផល ម្ហូបអារហារ ណាមួយមកបរិភោគ) ជូនដល់អ្នកលក់ដូរ និងសិស្សានុសិស្ស អោយបានយល់ដឹងពី រូបភាពជាបឋម នូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕