ខេត្តមណ្ឌលគិរី រៀបចំពិធីដង្ហែរបុណ្យវិសាខបូជាពីរង្វង់មូលគោព្រៃឆ្ពោះទៅកាន់វត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ

0

មណ្ឌលគិរី៖ មន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី បានរៀបចំពិធីដង្ហែបុណ្យវិសាខបូជា ពីរង្វង់មូលគោព្រៃឆ្ពោះទៅកាន់វត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមន្ត្រីរាជការព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សក្រុមយុវជនកាកបាទក្រហមយុវជនកាញ្ញារឹទ្ធ និងប្រជាពលរដ្ឋសរុបប្រមាណជាង២០០០នាក់នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទរះពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។  ពិធីបុណ្យនេះ មានការរៀបចំកម្មវិធីទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដូចជា ការសូត្របទសរភញ្ញថ្វាយព្រះរតនត្រ័យ នមស្ការព្រះរតនត្រ័យ សមាទានសីល ប្រកាសវិសាខបូជាវេរភត្ត ប្រគេន ព្រះសង្ឃ ព្រះសង្ឃភត្តានុមោទនា លោកអាចារ្យឧទ្ទិស ថ្វាយព្រះរាជកុសល សូត្របទរម្លឹកគុណព្រះពុទ្ធបរមគ្រូ ជាបន្តបន្ទាប់រួចមក ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន ៣០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់អ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ ជាពិសេសសូមឱ្យគុណបុណ្យ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ នៃព្រះបរមសារីរិកធាតុតាមឃុំគ្រងជួយបីបាច់ថែរក្សាប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូលជួបតែសេចក្តីសុខសប្បាយ និងរីកចម្រើនជារៀងរហូត៕