ក្បួនដង្ហែរពិធីបុណ្យវិសាខបូជានៅក្នុងក្រុងស្ទឹងសែនត្រូវបានមហាជនចូលរួមគាំទ្រយ៉ាងអធឹកអធ័ម

0

កំពង់ធំ៖ ពិធីបុណ្យវិសាខបូជា ត្រូវបានរក្សានូវទំនាមទំលាប់ ប្រពៃណីតាំងពីដូចតាមក ពីជំនាន់មួយទៅជំនាន់មួយ ដែលបានផ្តោតសារៈសំខាន់ទៅលើ បុណ្យវិសាខបូជា គឺជាបុណ្យសាសនាធំបំផុតក្នុងចំណោមបុណ្យជាតិ និងបានបង្ហាញពីការគោរពរំលឹកដល់ សម័យកាលព្រះសម្មាសម្ពុទ្ធសមណគោតម ដែលជាថ្ងៃព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន ជាថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទរះពេញវង់ ក្នុងខែពិសាខដូចគ្នា ។ ពិធីដង្ហែរក្បួនត្រូវបានដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងព្រះរាជតេជគុណ សៀងសុខ ព្រះមេគុណខេត្តកំពង់ធំ រួមទាំងមន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ យាយជីតាជី សិស្សានុសិស្ស ប្រជាពលរដ្ឋ រួមរួមដង្ហែរជាង២០០០នាក់ នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩ ដែលពិធីបុណ្យវិសាខបូជា ត្រូវបាន អង្គការសហប្រជាជាតិ (UN) ប្រកាសទទួលស្គាល់ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ ថាបុណ្យ «វិសាខបូជា» គឺជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិក មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋ អាចប្រារព្ធធ្វើបានទូទាំងពិភពលោក។

ពិធីដង្ហែរក្បួន ត្រូវបានដង្ហែរចេញពីវត្តឥន្រ្ទីសមវរៈ ហៅវត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦ ឆ្លងស្ពាន ឆ្ពោះទៅដល់ វិមានឯករាជ្យ ទៅបទត្រង់រូបសំណាក់ដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន និងត្រឡប់មកវត្តកំពង់ធំ វិញដើម្បីធ្វើពិធីតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ។ឯកឧត្តម សុខ លូ អភិបាលនៃគណអភីបាលខេត្តកំពង់ធំ  បានឆ្លៀតឳកាសសំណេះសំណាលជាមួយ លោកតា លោកយាយា​ និងមន្រ្តីរាជការដែលបានចូលរួមក្នុងពិធីបុណ្យ ដោយបានកោតសរសើរ និងថ្លែង អំណរគុណព្រញតេជគុណមេគុណខេត្ត និងបងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា មានភាពអធឹលអធ័ម ប្រកបដោយរលូន ដែលបញ្ជាក់ឲ្យឃើញពីការផ្តល់តំលៃព្រះពុទ្ធសាសនានៃយើង និងសង្ឃឹមថាទំនាមទំលាប់ប្រពៃណីនេះ និងនៅថិតថេរជានិច្ច និងសូមឲ្យមានការផ្សព្វផ្សាយឲ្យបានទួលំទូលាយដល់យុវជនសម័យក្រោយ ឲ្យចេះគោរពចាស់ទុំ ចូលវត្តអារាមធ្វើបុណ្យទានដើម្បីសេចក្តីសុខ ។ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា សូមឲ្យលោកតា លោកយាយ ប្រជាពលរដ្ឋទាំងអស់ ណែនាំកូនចៅឲ្យ ឃ្លាតឆ្ងាយពីគ្រឿងញៀន ដោយសារតែបញ្ហាគ្រឿងញៀនមិនមែនជារឿងបុគ្គលនោះទេ គឺជារឿងយើងទាំង អស់គ្នាដែលត្រូវចូលរួមទប់ស្កាត់ បើមានកូនក្មួយញៀនថ្នាំសូមកុំយកមកបួស ព្រោះការបួសមិនមែនធ្វើឲ្យ បាត់ញៀនថ្នាំនោះទេ គឺត្រូវប្រាប់ដល់សមត្ថកិច្ចដើម្បីនាំជនរងគ្រោះទៅបន្សាបនៅមន្ទីរពេទ្យ ឬកន្លែងបន្សាបគ្រឿងញៀន  និងសូមផ្តាំផ្ញើរដល់តាមបណ្តាវត្តអារាម សូមព្រះចៅអធិការជួយពិនិត្យឲ្យបានច្បាស់លាស់សិន មុននឹងឲ្យបួសជាព្រះសង្ឃ ចៀសវាងបង្ករផលពិបាកដល់វត្តអារាម និងវិស័យព្រះពុទ្ធសាសនា ។

ដោយ  ប៊ុន រដ្ឋា