រដ្ឋបាល ខេត្ត កំពង់ចាម បាន រៀបចំ ពិធី រាប់ បាត្រ ក្នុង ទិវា ជាតិ នៃ ការ ចងចាំ ២០ ឧសភា

0

កំពង់ចាម : ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ជារៀងរហូត។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង «ទិវាជាតិនៃការចងចាំ ២០ ឧសភា » ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩) ដើម្បីរំលឹក និង គោរពវិញ្ញាណក្ខន្ធ ព្រម ទាំង ធ្វើបុណ្យឧទ្ទិសកុសល ជូនដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅ។ ដែល ពិធី នេះ ត្រូវ បាន ប្រារព្ធ ឡើង នាព្រឹក ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ២០១៩ នៅ មណ្ឌល ឧក្រិដ្ឋកម្ម ភ្នំ ប្រុស ស្ថិត ក្នុង ឃុំ ក្រឡា ស្រុក កំពង់ សៀម ខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពី ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាច្រេីននាក់ ផង ដែរ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែង ថា ការ អាន វិយោគ ថាដោយ អ្នកស្រី សម ផល្លា អនុប្រធាន មន្ទីរ ព័ត៌មាន ខេត្ត កំពង់ចាម ក្នុង ពិធី នេះ គឺជាចំណែក តូចមួយនៃសោកនាដកម្ម ដ៏ឈឺផ្សា ដែលយើងមិនអាចបំភ្លេចបាន ។ ដែល ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំ ឲ្យ ធ្វើ ការដូចសត្វ គ្មានពេលសម្រាក ពេល ឈឺគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ឯកឧត្តម អភិបាលខេត្ត បាន លេីក ឡើង ថា សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងមានជីវភាពរស់នៅធូរធារសមរម្យ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិ ឲ្យ កាន់តែរីកចម្រើន ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសន្តិភាព ឲ្យ បានគង់វង្សជារៀងរហូត តទៅ ។

គួររំ លឹក ថា ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ទិវានេះ ត្រូវបានសភា នៃសាធារណរដ្ឋ ប្រជាមានិត កម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជា ពលរដ្ឋ ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។ ការកំណត់យកថ្ងៃនេះធ្វើជា ថ្ងៃ បុណ្យ ជាតិ ផ្លូវការ សម្រាប់ ជា ការ រំឭក ដល់ ជន រងគ្រោះ និង ការ ឈឺចាប់ ពី ឧក្រិដ្ឋកម្ម ដែល កើត មាន ក្នុង របបកម្ពុជា ប្រជា ធិបតេយ្យ ចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩ ៕