ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១២៧គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និង ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២៧គ្រួសារ មកពីឃុំចំនួន៥ រួមមានឃុំត្នោតចុងស្រង់ ឃុំទូកមាសខាងកើត ឃុំសំរោងក្រោម ឃុំត្រពាំងសាលាខាងលិច និងឃុំសំរោងលើ នៃ ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមរបាយការណ៍ របស់អនុសាខាបានបញ្ជាក់ថា កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១២៧គ្រួសារ ក្នុងភូមិសាស្រ្តឃុំចំនួន៥ ស្ថិតក្នុងស្រុកបន្ទាយមាស ហើយគ្រួសារទាំងនោះមកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាពេលនេះ។

នាឱកាសនេះ លោកជំទាវ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងបង្ករបង្កើនផល និងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

អំណោយមួយចំនួនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករសរ១គីឡូក្រាម ក្រមា១ មុង១ ភួយ១ សារុង១ តង់កៅស៊ូ១ដុំ ថវិកា សរុប៦,៣៥០,០០០រៀល ដោយម្នាក់ទទួលបាន៥ម៉ឺនរៀល។
លោកជំទាវ បានឧបត្ថម្ភថវិកា៤០ម៉ឺនរៀល ចំពោះគ្រួសារសព ដែលទទួលមរណភាពដោយរន្ទះបាញ់។
លើសពីនេះទៅទៀត លោកជំទាវបានឧបត្ថម្ភថវិកាប្រមាណ១៤លានរៀល ដោយប្រគល់ឲ្យអនុសាខាស្រុក ធ្វើការជួសជុលដល់ផ្ទះ ដែលរលំទាំងស្រុង និងរបើកដំបូល។