គ្រួសារស្ត្រីទុគតម្នាក់ ដែលសម្រាលកូននៅនឹងផ្ទះ ព្រោះតែជីវភាពខ្វះខាតនោះ លោកជំទាវ ម៉ែន សំអន បានផ្ដល់នូវអំណោយសប្បុរស និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការខ្វះខាតនេះ

0

ភ្នំពេញ៖ ក្រោយពីបណ្ដាញសារពត៌មានមួយចំនួន ចេញផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងស្ត្រីទុរគតម្នាក់ បានសម្រាល កូននៅនឹងផ្ទះ ដោយ​សារតែគ្រួសារ មានជីវភាពខ្វះខាតយ៉ាងខ្លាំងនោះ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤  លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន​ចាត់​តាំង លោក ណុប ចាន់ណារិន ធ្វើជាតំណាងតំណាង ដើម្បី​នាំ​យកអំណោយសប្បុរសធម៌ របស់លោកជំទាវផ្ទាល់ ទៅ​ផ្ដល់ជូនដល់ក្រុមគ្រួសារ ដែលមានជីវភាពខ្វះខាតមួយនេះ ដែលកំពុងស្នាក់​នៅសំរាក​ព្យាបាល ក្នុងមណ្ឌល​សុខ​ភាព​​ស្ទឹង​មានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អំណោយសប្បុរសធម៌ ប្រកបដោយក្តី អាណិតស្រឡាញ់របស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នា​ពេល​នេះមាន ​អង្ករ ៥០Kg សាច់ក្រក់ ២Kg ត្រីងៀត ២Kg មីយើង ២កេស ទឹកដោះគោ ១០កំប៉ុង ស្ករស ៥Kg និង​ថវិ​កា ៨១ម៉ឺនរៀល ។

គួរំលឹកផងដែរថា ស្ដ្រីដែលសម្រាលកូនខាងលើនេះមានឈ្មោះហៀក សុខេង អាយុ៣២ឆ្នាំ មានស្រុក​កំណើត​នៅភូមិបង្គង ឃុំកោះជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់មានប្ដីឈ្មោះ គឹម លី អាយុ៤៣ឆ្នាំ មានមុខរបរជាអ្នករើសអេតចាយ មានស្រុកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទាំង២នាក់ប្ដីប្រពន្ធ ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ស្ដ្រី​​រង​គ្រោះឈឺបត់ជើង រួចក៏ចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែឈឺពោះ ក៏សម្រេចចិត្តសម្រាលកូនតែម្នាក់ឯង បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង រួចក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យចុះមកជួយ និងដឹក​ស្ដ្រីរង​គ្រោះ​ទៅព្យា​បាលបន្ដនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ដោយមើលឃើញពីស្ថានភាពលំបាកដំបូង លោកសេង សាញ់ ចៅ​សង្កាត់​​ស្ទឹងមានជ័យ បានឧបត្ថម្ភថវិកាដល់ស្ដ្រីរងគ្រោះនិងប្ដីចំនួន ១០ម៉ឺនរៀលព្រមទាំងជួយចេញថ្លៃព្យាបាល និង​ការ​ស្នាក់​នៅក្នុងមណ្ឌលសុខភាព ដោយមានការពិនិត្យ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះផងដែរ ។

          បន្ទាប់ពីបានជូនអំណោយរួចមក លោក ណុប ចាន់ណារិន ក្នុងនាមលោកជំទាវ ម៉ែន សំអន បានមានប្រ​សាសន៍ ផ្តាំផ្ញើ ពីការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ ប្រកប​ដោយ​ក្ដីអាណិត​ អាសូរ ដែលជានិច្ចកាល​ លោក​ជំទាវ ម៉ែន សំអន តែងតែបានរួមចំណែក ចែករំលែករាល់ទុក្ខលំបាក របស់ប្រជាជននៅទូទាំងប្រទេស ពិសេសលើស្ត្រី ដែលជួបប្រទះការខ្វះខាត និងទុរគតភាព បើទោះបីជាបង្កឡើងដោយមនុស្សក្តី ឬធម្មជាតិក្តី លោកជំទាវ ឧបនាយក​រដ្ឋ​មន្ត្រី ម៉ែន សំអន បានចែករំលែកតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដោយមិនគិតពីជាតិសាសន៍ ឬព៌ណ​សម្បុរ​នោះ​ឡើយ ។   

          អ្នកស្រី ហៀក សុខេង បានថ្លែងអំណគុណចំពោះសន្តានចិត្តសប្បុរសធម៌ របស់លោកជំទាវ ម៉ែន សំអន និងក្រួសារ ហើយអំណោយដែលអ្នកស្រីទទួលបាននាពេលនេះ នឹងផ្តល់ប្រយោជន៍យ៉ាងធំធេង មិនអាចកាត់​ថ្លៃបាន​ឡើយ ៕

photo 1 photo 4 photo 3