ពិធីបិទព្រឹត្តិការណ៍បាល់ទាត់លើកដំបូងដណ្តើមពានរង្វាន់យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩

0

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍បាល់ទាត់ លើកដំបូងរបស់ខេត្តកំពង់ធំ ដើម្បីយកដណ្តើមពានរង្វាន់យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ បានប្រារព្វធ្វើនៅស្តាតថ្មី ស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដោយអភិបាលរង ក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាព សិស្សានុសិស្សចូលរួមជាង៣០០០នាក់ នៅរសៀលថ្ងៃទី៦ មករា ឆ្នាំ ២០២០ ។

លោក យ៉ូវ សេងគុណ នាយករដ្ឋបាលខេត្តកំពង់ធំ និងជាប្រធានគណកម្មការរៀបចំការប្រកួតកីឡា បានឲ្យដឹងថា ការចាប់ផ្តើមតាំងពី ថ្ងៃទី១៧ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៩ ដែលមានការដាក់ពាក្យចូលរួមប្រកួតមានចំនួន២០ក្រុម បានមកពីបណ្តាក្រុងស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងតាមបណ្តាមន្ទីរអង្គភាពរដ្ឋ និងគ្រិះស្ថានឯកជនជាដើម ចំពោះព្រឹត្តការណ៍បើការប្រកួត បានចាប់ផ្តើមពីថ្ងៃទី ៣១ ខែសីហា រហូតដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រទទួលពានរង្វាន់ចុងក្រោយ គឺក្រុម ស.ស.យ.ក ខេត្តកំពង់ធំ និងក្រុមបាល់ទាត់អាចារ្យលាក់។

សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ ផ្តាច់ព្រ័ត្រដើម្បីទទួលបានពានរង្វាន់ លើកដំបូងរបស់ខេត្តកំពង់ធំ គឺជ័យជំនះបានទៅលើ ក្រុម ស.ស.យ.ក ខេត្តកំពង់ធំ ដែលបានពិន្ទុ៣ ចំណែកក្រុមកីឡាបាល់ទាត់ អាចារ្យលាក់បានពិន្ទុ០ ក្នុងនោះក្រុមកីឡាបានទទួលមេដាយសំរិទ្ធ៣០និងថវិកា៣លានរៀល ក្រុមដែលលេងល្អ បានទទួលថវិកា៥០ម៉ឺនរៀល កីឡាកចាំទីល្អជាងគេទទួលបាន៥០ម៉ឺនរៀល គ្រូបង្វឹកបានទទួល៥០ម៉ឺនរៀល លោកបានបញ្ជាក់ថា ឆ្លងកាត់ការប្រកួត១៤សប្តាហ៍ ឃើញថាវិស័យបាល់ទាត់របស់ក្រុមកីឡាករ ខេត្តកំពង់ធំ មានការរីកចម្រើន និងមានអ្នកចូលរួមទស្សនា និងគាំទ្រយ៉ាងច្រើនកុះករ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះគណកម្មការ និងក្រុមយុវជនកីឡាករទាំងអស់ នេះជាព្រឹត្តការណ៍បាល់ទាត់សម្រាប់ខេត្តកំពង់ធំ គឺជាលើកទី១ និងជាមោទន ភាពថ្មីមួយរបស់ខេត្តកំពង់ធំ ដែលបានរៀបចំកម្មវិធីព្រឹត្តិការណ៍បាល់ទាត់ទទួលបានជោគជ័យ ការប្រារព្វ ពិធីបិទការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី៦មកា ឆ្នាំ ២០២០នេះ គឺជាការអបអរសាទរ នៅថ្ងៃបុណ្យខួបលើកទី៤១ឆ្នាំ៧មករា ឆ្នាំ ១៩៧៩ និង៧មករាឆ្នាំ២០២០ ។

អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ថ្ងៃ៧មករា គឺជាទិវាមួយដល់ការរស់រានមានជីវិត ដល់យើងទាំងអស់គ្នា បើគ្មានថ្ងៃ៧មករា គឺគ្មានអ្វីៗដូចថ្ងៃនេះទេ យើងបានឃើញបដានៅទីនេះ មានពាក្យថា អគុណសន្តិភាព គឺជាពាក្យអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២០នេះ ព្រោះថាបើគ្មានសន្តិភាពទេ គឺយើងអត់មានការអភិវឌ្ឍន៍ ជាពិសេសមិនអាចរៀប​ចំ​ព្រឹត្តិការណ៍អ្វីៗបានដែរ និងសង្ឃឹមថាវិស័យកីឡានិងទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២៣ ប្រទេសយើងនិងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

 

ឯកឧត្តម សុខ លូ ផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្ស ថាវិស័យកីឡាធ្វើឲ្យយើងមានសុខភាពល្អ និងទទួលបាននូវមិត្តភាព យកពេលវេលាមកហាត់កីឡា កុំយកពេលវេលាទៅសាកល្បងគ្រឿងញៀន នាំឲ្យខូចដល់ សុខភាព និងជាបិសាចបំផ្លាញអនាគត់ បំផ្លាញសង្គមជាតិ ត្រូវធ្វើជាកូនល្អរបស់ឳពុកម្តាយ និងពេលធ្វើដំណើរត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៍ ដើម្បីភាពសុខសាន្តទាំងអស់គ្នា។ ដោយ ប៊ុន រដ្ឋា