លោក ម៉ុម សារឿន៖ទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងការរស់នៅប្រកបដោយផាសុខភាព !!

ខេត្តស្ទឹងត្រែង៖  ទិវាជាតិទីក្រុងស្អាតលើកទី៨ នៅខេត្តស្ទឹងត្រែង ត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្ត ក្រោមប្រធានបទ “ ទីក្រុងស្អាត៖ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” ។ កម្មវិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១មីនានេះ នៅឯខាងមុខទីធ្លារដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមវត្តមានចូលរួមជាកិត្តិយសពីសំណាក់ លោក
ម៉ុម សារឿន អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ គ្រប់អង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងនិសិត្ស ព្រមទាំងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ ។

ក្នុងឱកាសនោះលោក ម៉ុម សារឿន អភិបាលខេត្ត បានសម្តែងការអបអរសាទរ ចំពោះបេក្ខភាពក្រុងស្ទឹងត្រែង ជាមួយនឹងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ (ឆ្នាំ២០២១-២០២៣) លោកព្រមទាំងបានអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជន និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដោយមិនសំដៅលើការសម្អាតសំរាមតែមួយមុខនោះទេ គឺត្រូវគិតទៅលើកត្តាសន្តិ
សុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យតាមគេហដ្ឋាន ការថែរក្សាទ្រព្យសម្បត្តិសាធារណៈ ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា:បើទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងការរស់នៅប្រកបដោយផាសុខភាព ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកកំសាន្ត និងស្នាក់នៅក្នុងខេត្ត បង្ករបានការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តយើងផងដែរ ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា:ឆ្នាំនេះ ជាឆ្នាំទី៨ដែលយើងប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដែលមានវិថីអាហារស្អាត” ។ តាមរយ:ប្រធានបទនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារ គឺជាផលិតផល ទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអាចផ្តល់នូវបទពិសោធន៍និងការចងចាំសម្រាប់ភ្ញៀវតែងប្រាថ្នាចង់បានក្នុងពេលធ្វើដំណើរ
កម្សាន្ត និងទទួលទានម្ហូបអាហារដែលប្រកបដោយអានាម័យ និងជឿទុកចិត្ត ខណ:ដែលវិថីម្ហូបអាហារ ក៏ជាផ្នែកមួយ នៃទេសចរណ៍ម្ហូបអាហារដែលផ្សារភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានទៅនិងជីវភាពប្រជាជ
ន វប្បធម៌ និងទំនៀមទម្លាប់ ព្រមទាំងជួយជម្រុញអាជីវកម្មខ្នាតតូចបែបគ្រួសារឲ្យរីកលូតលាស់បានយ៉ាងមានប្រសិទ្ធិភាព ។

លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា:ជាការពិតណាស់ វិស័យទេសចរណ៍ និងម្ហូបអាហារ មានទំនាក់ទំនងជាសារវ័ន្តពីរគឺ:ម្ហូបអាហារជាផលិតផលទេសចរណ៍ ឫសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ ។លោកថា:ទន្ទឹមនោះទេសចរណ៍ម្ហូបអាហារកំពុងតែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវ ពីព្រោះការធ្វើដំណើរទៅតំបន់កម្សាន្តណាមួយ គឺចាំបាច់ត្រូវភ្លក់រសជាតិម្ហូបអាហារ នៅតំបន់គោលដៅនោះ ។ ក្នុងន័យនេះ ការរៀបចំវិថីឲ្យមានម្ហូបអាហារ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង និងទេសចរណ៍ទីក្រុង ដែលចាំបាច់គ្រប់ក្រុង.ស្រុកទាំងអស់ ត្រូវតែមានវិថីម្ហូបអាហារមួយយ៉ាងតិច ដូចប្រធានបទ “ទីក្រុងស្អាត ៖ ទីក្រុងមានវិថីម្ហូបអាហារស្អាត” ៕