អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបច្ចុប្បន្នភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ

ខេត្តព្រះសីហនុ  កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនផ្លូវទាំង8ដែលទទួលបានសិទ្ធក្នុងការស្ថាបនាផ្លូវទាំង៣៤ខ្សែ។មកដល់ពេលនេះការងារស្ថាបនាផ្លូវទាំង៣៤ខ្សែបានប្រើពេលអស់ចំនួន៤ខែហើយចាប់តាំងពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩កន្លងមក។ ពេលនេះក្រុមហ៊ុន កំពុងសម្រុកចាក់បេតុងនិងដាក់លូដើម្បីសម្រេចតាមផែនការ។
តាមរយៈការស្ថាបនាផ្លូវថ្មី ត្រូវគេមើលឃើញថាបានបង្កអោយមានការប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យដទៃទៀតដូចជា បណ្តាញទឹកស្អាត អគ្គីសនី ក្រុមហ៊ុនខ្សែកាបអុបទិច ឬខ្សែinternet និងការកកស្ទះចរាចរណ៍ជាដើមកំពុងបង្កជាបញ្ហាដល់ប្រជាជនអ្នកប្រើប្រាស់និងក្រុមហ៊ុនឬប្រតិបត្តិករលើបណ្តាញខាងលើខាតបង់ទ្រព្យធនយ៉ាងសន្ធឹកសន្ធាប់ផងដែរ។

តាមការអោយដឹង មានតែក្រុមហ៊ុន២ប៉ុណ្ណោះក្នុងចំណោមក្រុមហ៊ុនស្ថាបនាផ្លូវទាំង៨ ដែលបានធ្វើផ្លូវបានលទ្ធផលតាមផែនការគ្រោងទុកហើយទំនងជាអាចបញ្ចប់គម្រោងរបស់ខ្លួនតាមការកំណត់។ដោយឡែកក្រុមហ៊ុនចំនួន៦ទៀត ត្រូវបាន (គអឆក ) វាយតម្លៃថាយឺតយ៉ាវ ធ្វើបានលទ្ធផលក្រោមផែនការគ្រោង ហើយតម្រូវអោយបន្ថែមកំលាំង២ឬ៣ដងលើកំលាំងដែលមានស្រាប់ទើបអាចសម្រេចការងារតាមការគ្រោងទុក(៨ខែ)។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនធ្វើផ្លូវ៖១.ត្រូវពន្លឿនការសាងសង់បន្ថែមកំលាំងធ្វើដើម្បីអោយហើយតសមការគ្រោងទុក។២.ត្រូវរៀបចំសញ្ញាចរាចរណ៍នៅតាមការដ្ឋាន លៃលកទុកផ្លូវចរាចរណ៍សមរម្យ ត្រូវសហការជាមួយនគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ជូនប្រជាជនដើម្បីអោយពួកគាត់អាចធ្វើចរាចរណ៍បានកុំអោយជាប់គាំង។៣.ត្រូវធ្វើការកែសម្រួលប្រព័ន្ធលូតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា (មិនលួចគុណភាព ដែក បេតុង លូ) បើជាក្រុមបច្ចេកទេសចុះពិនិត្យរកឃើញថា ដាក់លូមិនមានលក្ខណ:បច្ចេកទេសត្រឹមត្រូវតម្រូវឱ្យកាយចេញវិញ។
៤.ត្រូវព្យាយាមសម្របសម្រួលផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ នៅមុខផ្ទះ ប្រជាជនត្រូវជួយសម្រួលអោយពួកគាត់អាច ចេញ-ចូល បានស្រួលនិងគាំទ្រ។៥.ត្រូវធ្វើអោយបានត្រឹមត្រូវដើម្បីធានាគុណភាព។ប្រសិនបើអ្នកបច្ចេកទេសរកឃើញថាមានភាពមិនប្រក្រតីនឹងតម្រូវអោយកែសម្រួលឡើងវិញនិងព្រមានដាក់ក្នុងបញ្ជីខ្មៅទៀតផង។

ឯកឧត្តម អភិបាលខេត្ត បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់ទាំង៨ ត្រូវសហការជាមួយផ្នែកដទៃអោយបានល្អចៀសវាងធ្វើអោយខាតបង់ធ្ងន់ធ្ងរដល់ផ្នែកផ្សេងទៀត។ឯ.ឧ អភិបាលខេត្ត សង្កត់ធ្ងន់ថា យើងមិនត្រូវគិតថាធ្វើតែផ្លូវហើយបំផ្លាញខ្ទេចខ្ទីរអស់នូវបណ្តាញដទៃទៀតដូចជា បណ្តាញទឹកស្អាត អគ្គីសនី ខ្សែកាបអុបទិច ឬខ្សែinternet …។ល។ ដែលសុទ្ធតែជាតម្រូវការប្រើប្រាស់ចាំបាច់ដូចគ្នា៕
(ដោយ ខៀវ សាវ៉ុន)