អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​កិច្ច​ប្រជុំ​​ផ្សព្វផ្សាយនូវវិធានការចាំបាច់ និងដាក់ចេញវិធានការនានា ក្នុងការប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​​

0

កំពង់ចាម​: បន្ទាប់​ពី​ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពីការផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ នាព្រឹក​ថ្ងៃ​ទី​២០ ខែមិនា​ ឆ្នាំ​២០២០នេះ​ ឯកឧត្ដម អ៊ុន​ ចាន់ដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ​ជា​បន្ទាន់​ ដេីម្បី​ផ្សព្វផ្សាយនូវវិធានការចាំបាច់ និងដាក់ចេញនូវវិធានការនានា ក្នុងការប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ ជូនដល់អ្នកពាក់ព័ន្ធ ដើម្បីអនុវត្តនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ ឯកឧត្ដម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លើក​ឡើង​ថា​ ដើម្បី​ឆ្លើយតបទៅនឹងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ យើងត្រូវបង្កើតនូវគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្នាក់ខេត្ត ដែល​មាន​ប្រធាន​ ​​អនុប្រធាន​ និង​សមាជិក​សរុប​៥០នាក់​ ដើម្បី ដឹកនាំមន្ត្រីក្នុងការទទួលព័ត៌មាននានា។ ដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ ជាពិសេស កិច្ចការពារដល់សុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ​ផងនោះ​ សូមឲ្យមន្ទីរសុខាភិបាល ត្រូវចុះទៅពិនិត្យ និងចុះបាញ់ថ្នាំសម្លាប់មេរោគ ទៅលើទីតាំង ដែលជនជាតិម៉ាឡេស៊ីស្នាក់នៅនោះ ជាបន្ទាន់ ។ ត្រូវរៀបចំមន្ត្រីប្រចាំការ នៅតាមមណ្ឌលសុខភាព ដើម្បី ក្ដាប់បានព័ត៌មានផ្សេងៗ ពីប្រជាពលរដ្ឋ ដើម្បី រាយការណ៍ជូនខេត្ត ។ ដោយឡែក ឲ្យអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវសហការជាមួយថ្នាក់ដឹកនាំសាសនា ក្នុងខេត្ត ដើម្បី អប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលជាមុខសញ្ញាបានប៉ះពាល់ជនជាតិម៉ាឡេស៊ី ទាំង០៦នាក់នោះ ឲ្យស្នាក់នៅតាមផ្ទះរៀងៗខ្លួន ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីថែទាំសុខភាពខ្លួនឯង ក៏ដូចជា សុវត្ថិភាពក្រុមគ្រួសារ និងសហគមន៍ទាំងមូលផង​ដែរ​។
គួរ​បញ្ជាក់​ផង​ដែរថា​ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ រកឃើញអ្នក​ផ្ទុក​មេរោគកូវិដ១៩ ចំនួន០៦នាក់ ជា​ជនជាតិ​ម៉ាឡេស៊ី​ ក្នុងចំណោមអ្នករួមក្រុម០៨នាក់​ ដែលបានមកធ្វើការងារសាសនា​ នៅ​ស្រុក​កងមាស​ កាលពីយប់ថ្ងៃទី១៩​ ខែមីនា ឆ្នាំ​២០២០​​ បូក​រួម​ទាំង​ជនជាតិ​អង់គ្លេស​៣នាក់​ដែល​បាន​រក​ឃើញ​នាពេល​កន្លង​មក​ថ្មីៗ​ ធ្វើអោយតួលេខសរុបក្នុងខេត្ត​កំពង់ចាម​ មាន​ការ​កេីនឡេីង​រហូតដល់០៩នាក់​ ដែល​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​ផង​ដែរ​ ៕